ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ានី បាន​លើកឡើង​ថា គណបក្ស​ប្រជាជន បម្រើប្រជាជន​ដោយស្មោះ​ស្ម័គ្រ និង​បាន​ប្រឹងប្រែង​ណាស់​ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន ជាពិសេស​ពេល​កំពុង​ឆ្លងកាត់​ការលំបាក​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​ ០៦ ខែមេសា​ថា៖ «​ប្រសិនបើ​យើង​គិតពី​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ មិន​ថា​វ៉ាក់សាំង​ណា​នោះទេ សំខាន់​យើង​មាន​វ៉ាក់សាំង​ចាក់​ជូន​ប្រជាជន​។ ទោះបីជា​កម្ពុជា​សម្រេចបាន​ការចាក់​វ៉ាក់សាំង​ជាង ៩២ ​ភាគរយ​ហើយក៏​ដោយ ក៏​រាជរដ្ឋាភិបាល​នៅតែ​បន្ត​បញ្ជា​ទិញ​វ៉ាក់សាំង​បន្ថែម​ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​»​។

លោក​ ហ៊ុន ម៉ានី បាន​បន្តថា បន្ថែម​លើសពីនេះ​ទៅទៀត​នោះ ប្រសិនបើ​គ្រប់គ្នា​ត្រឡប់​ទៅ​មើល​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​រួមទាំង​ការបិទខ្ទប់​នានា ប្រាកដជា​យល់​អំពី​ចេតនា​របស់​ថ្នាក់ដឹកនាំ ដែល​ចង់ឱ្យ​ប្រជាជន​បាន​សុខ ឬ​បាន​ចាកផុត​ពី​ការឆ្លង​មេរោគ​ទាំងអស់​នោះ ព្រមទាំង​ធ្វើយ៉ាងណា​រក្សា​លំនឹង​សេដ្ឋកិច្ច និង​ស្ថិរភាព​សង្គម​។

ទន្ទឹមនឹង​ពេលដែល​ប្រជាជន​បាន​នៅក្នុង​ផ្ទះ​ ដើម្បី​ឱ្យបាន​ចៀស​ពី​មេរោគ តែម​ន្ត្រី កងកម្លាំង និង​អាជ្ញាធរ​មិន​ត្រឹមតែ​មិនបាន​សម្រាក​នៅផ្ទះ​នោះទេ តែ​ពួកគាត់​ខំប្រឹងប្រែង​ទាំងថ្ងៃ​ទាំងយប់​ដើម្បី​អនុវត្ត​ការងារ ថែមទាំង​ត្រូវ​ប្រឈមមុខ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​ទៀតផង​។

លោក​បាន​បន្ថែមថា៖ «​ចេញពី​វិធានការណ៍​ទាំងអស់នោះ​ហើយ ទើប​យើង​មានលទ្ធភាព​បើក​ប្រទេស​មក​ស្ថានភាព​ធម្មតា​វិញ ជាពិសេស​បងប្អូន​បាន​សប្បាយ​រីករាយ​ក្នុង​ការប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី និង​ការជួបជុំ​នានា ក្នុងពេល​ដែល​ប្រទេសមួយ​ចំនួន​កំពុង​តែ​ជួបប្រទះ​អត្រា​ឆ្លង​ខ្ពស់​នៃ​ការរាតត្បាត​នៅឡើយ​»៕