មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បានបង្ហាញ​ពី​ការសោកស្តាយ​ដែល​ក្នុងចំណោម​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គឺ មាន​ប្រមាណ​ជាង​ ​៩០% ជា​អ្នក​ប្រើ​ម៉ូតូ ក្នុងនោះ​មាន​ជាង​ ៧០% មិនបាន​ពាក់មួក​សុវត្ថិភាព​ជាក់ស្តែង​។​

​នេះ​ជាការ​ថ្លែង​ឡើង​របស់​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នា​ថ្ងៃទី​០៨ ខែមេសា​នេះ ក្នុង​កិច្ចប្រជុំ​ស្តីពី​លទ្ធភាព​ក្នុងការ​ផ្តល់​មួកសុវត្ថិភាព​ដែលមាន​គុណភាព​ដល់ក​ម្មករ និយោជិត និង​កុមារ​កម្ពុជា​។​

​លោកស្រី​បានឱ្យដឹងថា កម្ពុជា​ជា​ប្រទេស​ដែលមាន​ប្រជាពលរដ្ឋ​ជាច្រើន​ពេញនិយម​ក្នុងការ​ប្រើប្រាស់​ម៉ូតូ ដែល​ចាំបាច់​តម្រូវឱ្យ​មានការ​ពាក់មួក​សុវត្ថិភាព​ដែលមាន​គុណភាព​ល្អ ដើម្បី​ការពារ​អាយុជីវិត​ដោយ​ការប៉ះទង្គិច​ក្បាល​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។

​លោកស្រី មឹន មាណវី បាន​មានប្រសាសន៍ថា ៖ «​បច្ចុប្បន្ន​ទន្ទឹមនឹង​ការធ្វើដំណើរ​រួម​តាម​រថយន្ត ដែល​ខ្លះ​មាន​ស្តង់ដា​សុវត្ថិភាព និង​ខ្លះ​មិនទាន់មាន​សុវត្ថិភាព កម្មករនិយោជិត​មួយចំនួន​បាន​ងាក​មក​ប្រើ​ម៉ូតូ​ក្នុងការ​ទៅមក​បំពេញភារកិច្ច​ប្រចាំថ្ងៃ ហើយ​ទោះបី​មានការ​រឹតបន្ដឹង​ច្បាប់​លើ​ការពាក់​មួកសុវត្ថិភាព​នេះ​ក៏ដោយ ប៉ុន្តែ​ប្អូនៗ ក្មួយៗ​មួយចំនួន​មិនទាន់​យកចិត្តទុកដាក់​ពាក់មួក​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​នៅឡើយ​»​។

​លោកស្រី​ថា កុមារ​ដែល​ត្រូវបាន​អាណាព្យាបាល​ដឹក​ទៅ​សាលារៀន ឬ​ធ្វើដំណើរ​ទៅតាម​ធុរកិច្ច​របស់គាត់ ក៏​មិនទាន់​អនុវត្ត​ការពាក់​មួកសុវត្ថិភាព​បាន​គ្រប់ៗ​គ្នា​ដែរ​។

​យោងតាម​របាយការណ៍​ដែល​ទទួលបាន​ពី​អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០២២​នេះ មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៤៩៣​នាក់ ក្នុងនោះ​អ្នក​ប្រើ​ម៉ូតូ​៤០៣​នាក់​ហើយ​មិន​ពាក់មួក​សុវត្ថិភាព​២៩៧​នាក់ របួសធ្ងន់​៧៨៤​នាក់ របួសស្រាល ៤៧៨​នាក់​។

​ក្នុង​ឆ្នាំ​២០២០ គ្រោះថ្នាក់ ចរាចរណ៍​បណ្តាល​ឲ​ឱ្យ​កម្មករ​ស្លាប់​ចំនួន​៥២១​នាក់ ស្មើ​២៩%​នៃ​ចំនួន​អ្នកស្លាប់ ១ ៧៩៨ នាក់ កុមារ​អាយុ ក្រោម​១៥​ឆ្នាំ ចំនួន ១១៣​នាក់ ស្មើ​៦% កុមារ​តូច​ចំនួន ៤២ នាក់ ស្មើ ២% ។

​របាយការណ៍​ដដែល​ថា មូលហេតុ​បង្ក​គឺ​នៅតែ​ល្បឿន នាំមុខ បន្ទាប់មក​ការមិន​គោរព​សិទ្ធិ​អាទិភាព ការបត់ និង​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ការមិន​ប្រកាន់​ស្តាំ ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង កត្តា​យានយន្ត ការប្រើ​ទូរស័ព្ទ​និង​ងងុយ​។

​លោកស្រី មឹន មាណវី បាន​បញ្ជាក់ថា ៖ «​ដូចនេះ​ការបង្កើត​កម្មវិធី​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់ ដែល​ទន្ទឹមនឹង​ការស្វែងរក​មួកសុវត្ថិភាព ខ្ញុំ​សំណូមពរ​ថា​មុននឹង​ប្រគល់ជូន​គាត់​ចាំបាច់​ត្រូវមាន​ការអប់រំ​ផ្សព្វផ្សាយ​ឱ្យ​គាត់​យល់ដឹង​ពី​ច្បាប់​និង​វិធាន​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​ការប្រើប្រាស់​ម៉ូតូ​ដែរ​»​។

​លោកស្រី​ថា ការគិតគូរ​ដល់​សុខទុក្ខ​លើ​ធនធានមនុស្ស​ទាំងនេះ គឺ​ពិតជា​ស្របតាម​ឆន្ទៈ​ដ៏​មោះមុត​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ខិតខំ​ថែរក្សា​សុខសន្តិភាព​និង​អាយុជីវិត​និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​ស្រប​ជាមួយនឹង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព របស់​អង្គការសហប្រជាជាតិ​ផងដែរ​។​

​ជាមួយគ្នានេះដែរ លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា បានលើកឡើង​ឱ្យដឹង​ដែរ​ថា ស្របពេល​ដែលមាន​ការ​វិ​វ​ឌ្ឍ​ជា​វិជ្ជមាន​គួរឱ្យកត់សម្គាល់​មួយចំនួន​ក្នុង​កិច្ចខិតខំ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដោយ​ក្នុង​មួយថ្ងៃៗ​គ្រោះថ្នាក់​នេះ​បានសម្លាប់​ជីវិត​មនុស្ស និង​បង្កឱ្យមាន​ការរង​របួស​ធ្ងន់​ស្រាល​ជាច្រើន​នាក់ ព្រមទាំង​បន្សល់ទុក​នូវ​ផល​លំបាក​ជាច្រើន​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ និង សង្គមជាតិ​។

​លោក​បាន​បន្តថា ក្នុងករណី​ជាច្រើន​ជនរងគ្រោះ​ត្រូវ​សម្រាក​ថែទាំ​នៅ​មន្ទីរពេទ្យ និង​ផ្ទះ​របស់ខ្លួន​ជាច្រើន​ថ្ងៃ​-​ខែ ឯ​ខ្លះទៀត​ត្រូវ​ធ្លាក់ខ្លួន​ពិការ បាត់បង់​ការសិក្សា ឬ​សមត្ថភាព​បំពេញការងារ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ តម្រូវឱ្យ​ឪពុកម្តាយ ឬ​បងប្អូន​សាច់ញាតិ​ត្រូវ​ទទួលបន្ទុក​នៅ​មើលថែទាំ​ជាប្រចាំ​។

​លោក គឹម បញ្ញា បាន​បញ្ជាក់ថា ៖ «​ទន្ទឹមនឹងនេះ គ្រោះថ្នាក់​ចរាចរណ៍​ក៏​ជា​បញ្ហា​ប្រឈម​ដ៏​ចម្បង​គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​មួយ​ដែរ​សម្រាប់​កុមារ​កម្ពុជា និង​កម្មករនិយោជិត ជាពិសេស​អ្នក​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ដែលមាន​ប្រមាណ​ជាង ៨០០ ០០០​នាក់​តែម្តង​»​។

​លោក​បាន​បន្តថា ក្នុងចំណោម​ជនរងគ្រោះ​ចំនួន​២១៥២​នាក់ ដែល​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ​២០១៩ ប្រមាណ​ជិត ៤០%​គឺជា​កុមារ និង​កម្មករនិយោជិត​។ ភាគច្រើន​នៃ​ជនរងគ្រោះ គឺជា​អ្នកជិះ​ម៉ូតូ ហើយ​ប្រមាណ​ជាង ៧០% មិនបាន​ពាក់មួក​សុវត្ថិភាព​នៅពេល​ទទួលរង​គ្រោះថ្នាក់​ចរាច​រណ៍​។

​លោក គឹម បញ្ញា បាន​ថ្លែងថា ៖«​ការការពារ​ខួរក្បាល ឬ​ផ្នែក​ក្បាល​របស់​មនុស្ស​គ្រប់រូប ជាពិសេស​សម្រាប់​កុមារ វា​ពិតជា​ចាំបាច់ និង​មាន​សារៈសំខាន់​ណាស់​។ ក្នុង​ពិភពលោក​យើង​អាច​និយាយបានថា ពុំទាន់​មាន​ថ្នាំ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ព្យាបាល​ខួរក្បាល​/​របួស​ក្បាល​នោះទេ ពិសេស​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅពេលដែល​ធ្វើ​ដោយ​ទោចក្រយាន (​កង់​) ឬ​ទោចក្រយានយន្ត (​ម៉ូតូ​)»​។​

​លោក​បាន​បន្ថែមថា ៖ «​ប៉ុន្តែ​យើង​អាច​ការពារ​ខួរក្បាល និង​ផ្នែក​ក្បាល​ដ៏​មាន​សារៈសំខាន់​បំផុត​របស់​យើង​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​ពី​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ទង្វើ​ដ៏​សាមញ្ញ​គឺ​ដោយ​ការពាក់​មួកសុវត្ថិភាព​ដែលមាន គុណភាព​ល្អ និង​បាន​ត្រឹមត្រូវ​»​។

​មួកសុវត្ថិភាព​គឺជា​វត្ថុ​សាមញ្ញ មានតម្លៃ​សមរម្យ ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​អាច​ការពារ​ការរង​របួស​ក្បាល​ធ្ងន់ធ្ងរ ឬ​ខួរក្បាល​ពី​គ្រោះថ្នាក់​ចរាចរណ៍​។

​យោងតាម​ការសិក្សា​ជា​អន្តរជាតិ​មួយ​បានឱ្យដឹងថា ការពាក់​មួកសុវត្ថិភាព ពិតជា​បាន​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការរង​របួស​ក្បាល​ធ្ងន់ធ្ងរ​បាន​រហូត ដល់​ប្រមាណ ៦៩​ភាគរយ និង​ការស្លាប់​បាន​ប្រមាណ​ជា​៤២​ភាគរយ​។ ដូច្នេះ​កិច្ចខិតខំ​ជំរុញ​ការពាក់​មួកសុវត្ថិភាព​ឱ្យបាន​គ្រប់ៗ​គ្នា ដែលជា​ទង្វើ​សាមញ្ញ ប៉ុន្តែ​អាច​ការពារ​អាយុជីវិត​បាន និង​ជា​ញឹកញាប់​តែងតែ​ត្រូវបាន​កំណត់ ដោយ​ច្បាប់ ពិតជា​ចាំបាច់​ខ្លាំងណាស់​សម្រាប់​បណ្តា​ប្រទេស​នានា​ក៏ដូចជា​សម្រាប់​ប្រទេស​កម្ពុជា​ដែលមាន​អ្នកប្រើប្រាស់​ផ្លូវ​ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ (​អ្នកបើកបរ និង​អ្នករួមដំណើរ​) ហើយ​ជនរងគ្រោះ​ថ្នាក់​ចរាចរ​ណ៍​ភាគច្រើន​លើសលប់​គឺជា​អ្នកជិះ​ម៉ូតូ ហើយ​ទទួលរង​ការប៉ះទង្គិច​ក្បាល​តែម្តង​៕

វីដេអូ៖