ភ្នំពេញៈ អង្គការ​ទស្សនៈ​ពិភពលោក (World Vision) ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​កុមារ ស្នើឱ្យ​ដៃគូ​ពាក់ព័ន្ធ​ដែល​ផ្តល់​ការគាំពារ​ដល់​កុមារ ក៏ត្រូវ​ផ្តោត​ទៅដល់​គ្រួសារ និង​ជីដូន​ដែលជា​អ្នក​មើលថែ​កុមារ​ផងដែរ បន្ទាប់ពី​អង្គការ​នេះ​បាន​ដាក់ឱ្យអនុវត្ត​គម្រោង​សាកល្បង​ស្តីពី​ «​ការសិក្សា​អំពី​វិធីសាស្ត្រ​បរិយាប័ន្ន​ជីដូន​»​។

ការដាក់ឱ្យ​អនុវត្ត​គម្រោង​ «​ការសិក្សា​អំពី​វិធីសាស្ត្រ​បរិយាប័ន្ន​ជីដូន​» ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​ការរកឃើញថា ដោយសារតែ​ឪពុកម្តាយ មាន​ភាពមមាញឹក​ក្នុង​ការងារ ជាពិសេស​ក្រុមគ្រួសារ ជន​ចំណាក​ស្រុក និង​កម្មការិនី​រោងចក្រ​ពួកគេ​បាន​ទុក​កូនៗ​ឱ្យ​ជីដូន​មើលថែ​នៅឯ​ទីជនបទ ដោយ​ជីដូន​ខ្លះ ត្រូវ​មើលថែ​ចៅ​ពី​ ២ ទៅ​ ៣ ​នាក់​ដែល​ការ​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការផ្តល់​អាហារូបត្ថម្ភ​កុមារ និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ចាស់​ផងដែរ​។

អង្គការ​ទស្សនៈ​ពិភពលោក​កាលពី​ថ្ងៃទី​ ៧ ខែមេសា បាន​បើក​សិក្ខាសាលា​រៀនសូត្រ​ស្តីពី «​ការចូលរួម​របស់​ជីដូន​ក្នុង​គម្រោង​អភិវឌ្ឍន៍​សុខុមាលភាព​របស់​កុមារ​នៅ​កម្ពុជា​» ដែលមាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ី ដើម្បី​ចែករំលែក​ពីបទ​ពិសោធ ក៏ដូចជា​ផ្តល់​អនុសាសន៍​សំខាន់​ទៅ​ក្នុង​គម្រោង​នេះ​។

លោកស្រី Grana Pu Selvi ប្រធាន​បច្ចេកទេស ផ្នែក​កម្មវិធី​អាហារូបត្ថម្ភ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​មាន​ប្រសាសន៍ថា ដោយ​មើលឃើញ​ពី​ការចូលរួម​របស់​ជីដូន​បាន​ដើរតួ​នា​យ៉ាងសំខាន់​ក្នុង​ការថែទាំ​សុខុមាលភាព​កុមារ ទើប​អង្គការ​បានដាក់​ចេញ​នូវ​គម្រោង​ដ៏មាន​សារៈសំខាន់​នេះ​។ គម្រោង​នេះ​ត្រូវអនុវត្ត​សាកល្បង​រយៈពេល ១៣ ​ខែ ចាប់ពី​ខែតុលា ឆ្នាំ​ ២០២០ ដល់​ខែធ្នូ ឆ្នាំ​ ២០២១ ដោយ​អនុវត្ត​គម្រោង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ដែលមាន​ការចូលរួម​ពី​ជីដូន​ចំនួន ៦០០ ​នាក់ ហើយ​ចំណាយ​ថវិកា​សរុប​ចំនួន ៤៧ ០០០ ​ដុល្លារ​។

លោកស្រី​បញ្ជាក់ថា ការលើកកម្ពស់​ការយល់​ដឹង​របស់​ជីដូន ផ្តល់​ដំបូន្មាន អាកប្បកិរិយា និង​ការអនុវត្ត​ដែល​ទាក់ទង​ទៅនឹង​សុខុមាលភាព​របស់​កុមារ​ពិត​ជាសំខាន់​ណាស់​។ លោកស្រី​បន្តថា ក្នុង​បញ្ហា​នេះ ជីដូន​គាត់​មាន​ទំនួល​ខុសត្រូវ​ច្រើនណាស់ មិនមែន​មើលថែ​ឱ្យតែ​រួចពីដៃ​នោះទេ គាត់​ត្រូវធ្វើ​យ៉ាងម៉េច​ឱ្យ​ចៅ​នោះ​មាន​ប្រាជ្ញា​វាងវៃ សុខភាព​មាំមួន​ទាំង​ការបណ្តុះបណ្តាល​ឱ្យ​ចៅ​ឆ្លាត និង​ចេះ​ថែម​ទៀតផង បើ​ពុំ​នោះទេ ជីដូន​បារម្ភ​ថា ឪពុកម្តាយ​ស្តីបន្ទោស​ដែល​មើលថែ​ចៅ​មិនបាន​ល្អ​។

លោកស្រី​បន្តថា​៖ «​ដូច្នេះ​ជីដូន​មាន​បន្ទុក​ច្រើន ការបារម្ភ​មួយចំនួន​មាន​បញ្ហា​ខ្លះ​ដូចជា​ថប់​អារម្មណ៍​តឹងតែង​ក្នុង​ផ្លូវចិត្ត ទើប​ធ្វើឱ្យមាន​ជំងឺ​លើសឈាម​ពិបាកចិត្ត​។ នេះ​ជា​ការប៉ះពាល់​ដល់​ជីដូន​ច្រើន​ដែរ​»​។

ក្នុងន័យនេះ លោកស្រី​បានផ្តល់​ជា​អនុសាសន៍​ថា ចំពោះ​អង្គការ​ដែល​ធ្វើការ​ទៅលើ​កុមារ​ត្រូវ​គិត​អំពី​ជីដូន និង​ក្រុមគ្រួសារ​របស់​កុមារ និង​ស្នើឱ្យ​អង្គការ​ផ្សេងៗ ធ្វើការ​យកចិត្ត​ទុកដាក់​លើ​ជីដូន​។ លោកស្រី​ថា​៖ «​ជួនកាល​យើង​ធ្វើការ​តែ​ជាមួយ​កុមារ ប្រជាជន​ធម្មតា ប៉ុន្តែ​អត់​បានធ្វើការ​ជាមួយ​ជីដូន​ក្នុង​ការកសាង​សមត្ថភាព​គាំទ្រ​ផ្នែក​ការការពារ​សង្គម​ដល់​ជីដូន អ៊ីចឹង​សូម​ដៃ គូ​អភិវឌ្ឍន៍​ពិចារណា​គាំទ្រ​ទៅលើ​មនុស្ស​ចាស់​»​។ យ៉ាងណា​លោកស្រី Grana Pu Selvi បាន​លើកឡើងថា តាមរយៈ​ការអនុវត្ត​គម្រោង​សាកល្បង​នេះ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ដោយ​ក្នុងនោះ​ជីដូន​បានទទួល​ការបណ្តុះបណ្តាល​វិធីសាស្ត្រ​ពី​ការថែ​ទាំង​ចៅៗ ការបន្ថយ​ភាពតានតឹង រីឯ​ឪពុកម្តាយ​បាន​ទទួល​ស្គាល់​នូវ​ការខិតខំ​ប្រឹងប្រែង​​របស់​ជីដូន​ក្នុង​ការថែទាំ​ចៅៗ​។

លោកស្រី ជា ម៉ារី ប្រធាន​កម្មវិធី​អាហារូបត្ថម្ភ​ជាតិ​នៃ​ក្រសួង​សុខាភិបាល ដែល​បាន​ចូលរួម​កម្មវិធី​នោះ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​គម្រោង​នេះ​ថា វា​សមស្រប​ទៅ​និង​បរិបទ​កម្ពុជា ហើយ​អាច​ធ្វើ​ឱ្យមាន​ភាពប្រសើរ​ឡើង​នូវ​សុខុមាលភាព​របស់​ជីដូន និង​កុមារ​។ លោកស្រី​ថា​៖ «​ក្រោយ​ដាក់​អនុវត្ត​គម្រោង​នេះ គឺមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​នូវ​ភាគរយ​របស់​ជីដូន​ដែលមាន​ការយល់ដឹង​ច្រើនជាង​មុន ការថយចុះ​គួរឱ្យ​កត់សម្គាល់​នូវ​ភាព​តានតឹង​របស់​ជីដូន​»​។

លោកស្រី​ថា ចន្លោះ​ឆ្នាំ​ ២០១០ ដល់​ឆ្នាំ​ ២០១៦ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​មាន​ការរី​ចម្រើន​លើ​វិស័យ​កាត់ដេរ ទេសចរណ៍ សំណង់​ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​ហើយ វិស័យ​កាត់ដេរ បានផ្តល់​ការងារ​ដល់​ស្ត្រី និង​ប្រាក់ចំណូល​ដ៏​សំខាន់​នៅ​កម្ពុជា​។ លោកស្រី​បញ្ជាក់ថា​៖ «​ម្តាយៗ​ភាគច្រើន ដែល​ធ្វើការ​នៅ​រោងចក្រ ចំណុច​នេះហើយ​ឃើញ​មាន​បញ្ហា​ច្រើន​។ អ៊ីចឹង​ជា​មធ្យម ការងារ​ថែទាំង​ចៅ គឺ​ធ្លាក់​ទៅលើ​ជីដូន​។ ម្តាយៗ​ទាំងនេះ ជា​មធ្យម​ធ្វើការ ៦០ ម៉ោង​ក្នុង​ ១​ សប្តាហ៍ និង​ទទួលបាន​ថវិកា​តែ​ ៩៣​ សេន ក្នុង​ ១​ ម៉ោង ឬ ២២០​ ដុល្លារ ក្នុង​ ១ ​ខែ​»​។

លោកស្រី​បន្តថា ដោយសារ​ម្តាយៗ​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះសំបែង​ពី ៩​ ទៅ​ ១២​ ម៉ោង ក្នុង​ ១ ​ថ្ងៃ ទើប​ការថែទាំ ទារក​តូចៗ​ជា​បន្ទុក​របស់​ជីដូន ដូច្នេះ​ការកើនឡើង​នូវ​ទំនួល​ខុសត្រូវ​របស់​ជីដូន​ក្នុង​ការថែទាំ​ចៅ​បានធ្វើឱ្យ​មាន​ការកើនឡើង​នៃ​ហានិភ័យ​ផ្នែក​សុខភាព​កុមារ និង​ជីដូន​។

យ៉ាងណាមិញ​លោកស្រី​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កំពុង​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​អាហារូបត្ថម្ភ​កុមារ និង​កម្មវិធី​នយោបាយ​ផ្សេងៗ​ទៀត ដើម្បី​ជួយ​កុមារ​។

របាយការណ៍​របស់​អង្គការ​ទស្សនៈ​ពិភពលោក​បាន​ឱ្យដឹងថា ប្រហែល ៨០ ​ភាគរយ​នៃ​ស្ត្រី​នៅ​កម្ពុជា​មាន​ភាពមមាញឹក​នៅក្នុង​ដំណើរ​សេដ្ឋកិច្ច​របស់​ជាតិ ដែលជា​អត្រា​ខ្ពស់បំផុត​មួយ​នៅក្នុង​ពិភពលោក​។ ក្នុងនោះ​ការងារ​ជាង ៦០០ ០០០ នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ ៨៥ ​ភាគរយ កាន់កាប់​ដោយ​ស្ត្រី​។ ចំណែក ៥៧ ភាគរយ​នៃ​ពលករ​ចំណាកស្រុក គឺជា​ស្ត្រី​ដែលមាន​អាយុ​ចន្លោះ​ពី ២០ ទៅ​៣៤ ឆ្នាំ ដែលជា​វ័យ​បង្កើតកូន និង​ថែទាំ​កូន​៕