​រូបសំណាក «​ព្រះថោង​នាងនាគ​» នឹងត្រូវ​រៀបចំ​ធ្វើ​ពិធី​អភិសេក នា​ថ្ងៃទី ​១៦ ខែមេសា ស្ថិតនៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ក្រោម​អធិបតីភាព​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​លោក យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក ហ៊ុន ស៊ីថា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ពិធី​អភិសេក​រូបសំណាក «​ព្រះថោង​នាងនាគ​» ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​បើតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ រូបសំណាក «​ព្រះថោង​នាងនាគ​» នឹងត្រូវ​បានរៀបចំ​ផ្គុំ​លើក​ដំឡើង​ដាក់​លើ​បល្ល័ង្ក​ឱ្យ​រួចរាល់​មុន ថ្ងៃទី​១៤ ខែមេសា គឺ​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ចូលមក​ដល់​នាពេល​ខាងមុខនេះ​។​

​គួររំឭកថា រូបចម្លាក់​ស្ពាន់​ដែល​នឹង​ត្រូវបាន​លើក​ដំឡើង​នៅ​រង្វង់​មូល​ព្រះ​ឧមា​ម​ហេ​សូរ នេះ​មាន​កម្ពស់ ២១ ម៉ែត្រ និង​ទម្ងន់​សរុប ៦០​តោន ដែលជា​រូប​បដិមា​ស្ពាន់​ធំជាងគេ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ រូបនេះ​ធ្វើ​ពី​ស្ពាន់ រចនា​ដោយ​ស្ថាបត្យករ​ខ្មែរ និង​បាន​ផលិត​នៅ​បរទេស [​ប្រទេស​ចិន​] ហើយ​បាន​ដឹក​មកដល់​ខេត្ត​ព្រះសីហនុ​នៅ​រសៀល​ថ្ងៃទី ២៦ ខែមីនា កន្លងមកនេះ​។​

​អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រូបសំណាក ព្រះថោង​នាងនាគ​នេះ​ជា​រូបសំណាក​ទី ៣ បន្ទាប់ពី​រូបសំណាក​បដិមា​ព្រះ​ឧមា​ម​ហេ​សូរ នៅ​រង្វង់​មូល​ព្រះ​ឧមា​ម​ហេ​សូរ និង​រូបសំណាក សីហរាជ​មុខ ៣​។

​លោក​ថា រូបសំណាក​នេះ​ធ្វើឡើង​ដោយ​ចំណាយ​ថវិកាជាតិ ហើយ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្លូវ​ទាំង ៣៤ ខ្សែ ដែល​ដឹកនាំ​ស្ថាបនា​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​៕​