លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​លិខិត​ជូន​អគ្គលេខាធិការ​នៃ​គណៈវិស្វករ​កម្ពុជា​នា​ថ្ងៃទី ​០៨ ខែមេសា ពី​ការហាមឃាត់​វិស្វករ​មិនឱ្យ​ទទួល​អនុវត្ត​ការងារ​សាងសង់​ ឬ​រុះរើ​ដែល​មិនទាន់មាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​នោះឡើយ​។

លោក​បានលើកឡើង​តាមរយៈ​លិខិត​នេះ​ថា ការអនុវត្ត​ការងារ​សាងសង់​ដែល​មិនទាន់​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់ លិខិត​អនុញ្ញាត ជួសជុល លិខិតអនុញ្ញាត​រុះរើ និង​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សំណង់​ពី​អាជ្ញាធរ​ ឬ​មន្ត្រី​មាន​សមត្ថកិច្ច ជា​អំពើ​ខុសច្បាប់​។

លោក​បាន​បញ្ជាក់ថា៖ «​វា​ជា​អំពើ​ខុសច្បាប់ ព្រោះថា​ការសាងសង់​ដែល​មិនមាន​ប្លង់​ស្ថាបត្យកម្ម​ និង​ប្លង់​គ្រឿង​ផ្គុំ​សំណង់​ដែល​ទទួលបាន​ការយល់​ព្រម​ពី​អាជ្ញាធរ​ ឬ​មន្ត្រី​មាន​សមត្ថកិច្ច អាច​ល្មើស​នឹង​បទប្បញ្ញត្តិ​ស្តីពី​ធ្លា​គម្លាត​នគរូបនីយកម្ម និង​អាច​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ គុណភាព សុវត្ថិភាព​សំណង់ សោភណភាព ទ្រព្យសម្បត្តិ និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់ អ្នកប្រើប្រាស់​សំណង់ និង​សាធារណជន​»​។

លោក ជា សុផារ៉ា បាន​បន្ថែមថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើឱ្យ​អគ្គលេខាធិការ​នៃ​គណៈ​វិស្វករ​កម្ពុជា​ធ្វើការ​ណែនាំ​វិស្វករ ដែល​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​ទាំងអស់​មិន​ឱ្យទទួល​អនុវត្ត​ការងារ​សាងសង់​ដែល​មិនទាន់​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់ លិខិតអនុញ្ញាត​ជួសជុល លិខិតអនុញ្ញាត​រុះរើ និង​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សំណង់​។

លោក​បាន​សង្កត់ធ្ងន់​ថា៖ «​ក្រសួង​នឹង​ចាត់​មន្ត្រី​អធិការកិច្ច​សំណង់ ចុះ​ធ្វើការ​ត្រួតពិនិត្យ​បទល្មើស​តាម​ការដ្ឋាន​សំណង់ ដើម្បី​ចាត់វិធានការ​ចំពោះ​ជនល្មើស​តាមផ្លូវ​ច្បាប់​ជា​ធរមាន​»៕

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជម្រាបជូន​ឯកឧត្តម​អគ្គលេខាធិការ​នៃ​គណៈវិស្វករ​កម្ពុជា​អំពី​ការហាមឃាត់​វិស្វករ​មិនឱ្យ​ទទួល​អនុវត្ត​ការងារ​សាងសង់ ឬ​រុះរើ ដែល​មិនទាន់​មាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

វីដេអូ៖