​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) លោក ស ខេង បាន​ឯកភាព​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​ធ្វើការ​សិក្សា​ច្បាប់ ស្ដីពី​ការ​ពពោះ​ជំនួសឡើងវិញ ក្រោយពី​ច្បាប់​នេះ បាន​ផ្អាក​ការសិក្សា​មួយរយៈ​។

​លោក​បាន​ថ្លែង​ដូចនេះ នា​ថ្ងៃទី​ ០៧ ខែមេសា ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្ដីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ​២០២១ និង​ទិសដៅ​ការងារ​បន្ដ​ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​)​។​

​លោក ស ខេង បានឱ្យដឹងថា ច្បាប់​ស្ដីពី​ការ​ពពោះ​ជំនួស ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​កិច្ចការនារី កាលពី​ឆ្នាំ​២០១៦​។ ច្បាប់​ពពោះ​ជំនួស​នេះ ជា​ច្បាប់​ថ្មី​សម្រាប់​កម្ពុជា ដូច្នេះ​ទាមទារ​ឱ្យមាន​ការសិក្សា​ពី​បណ្ដា​ប្រទេសជិតខាង​។​

​លោក​បាន​មានប្រសាសន៍ថា ៖ «​ប៉ុន្ដែ​ដោយសារ​ច្បាប់​នេះ​ថ្មី​សម្រាប់​កម្ពុជា អ៊ីចឹង​ទេ យើង​ត្រូវ​ការសិក្សា​ឱ្យបាន​ហ្មត់ចត់ ដូច្នេះ​ត្រូវការ​ពេលវេលា ហើយ​រហូតមក​ដល់ពេលនេះ យើង​បាន​សិក្សា​ហ្មត់ចត់​ជាង​មុន​ហើយ ដូច្នេះ​អាច​លើកយក​បញ្ហា​នេះ​មកវិញ ព្រោះ​កន្លងមក ខ្ញុំ​ស្នើឱ្យ​ផ្អាក​មួយរយៈ អ៊ីចឹង​ឥឡូវនេះ​អាច​លើកយក​បញ្ហា​នេះ​មក​ជជែក​គ្នា​ឡើងវិញ​បាន ខ្ញុំ​សូម​គាំទ្រ​»​។​

​ពាក់ព័ន្ធ​ទៅនឹង​ច្បាប់​ពពោះ​ជំនួស​នេះដែរ លោក ស ខេង ក៏បាន​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​បន្ដ​សិក្សា​ពី​បណ្ដា​ប្រទេស​មួយចំនួន នៅក្នុង​តំបន់ ក៏ដូចជា អន្ដរជាតិ ដែល​ប្រទេស​នោះ​ធ្លាប់​បានធ្វើ​រួចហើយ ប៉ុន្ដែ​ក្រោយមក​ប្រទេស​ទាំងនោះ បាន​លុប​ច្បាប់​នេះ​ចោល​វិញ ដូច្នេះ​ត្រូវ​សិក្សា​អំពី​មូលហេតុ នៃ​ការលុបចោល​ច្បាប់​នេះ​ផងដែរ​៕​