ដំណើរការ​ជួសជុល​ខ្លោងទ្វារ​តាកាវ​នៅ​ភាគ​ខាងលិច​របស់​ក្រុង​អង្គរធំ បានសម្រេច​លទ្ធផល​ប្រមាណ​ ៧០ ​ភាគរយ​ហើយ​រហូតមក​ដល់ពេលនេះ​។ នេះ​បើតាម​ការលើកឡើង​របស់​មន្ត្រី​ជំនាញ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។

តាមរយៈ​អាជ្ញាធរ​ជាតិ​អប្សរា កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និង​ជា​ក្រុមការងារ​បច្ចេកទេស​ជួសជុល​ខ្លោងទ្វារ​តាកាវ បាន​ឱ្យដឹងថា គិត​មកដល់​ត្រឹម​ថ្ងៃទី​ ០៨ ខែមេសា នេះ ក្រុមការងារ​ជួសជុល​បាន​ជួយសង្គ្រោះ​ការខូចខាត​របស់​ខ្លោងទ្វារ​តាកាវ​ឱ្យ​ប្រសើរ​ឡើងវិញ​ជាច្រើន​ចំណុច​។ ចំណុច​ទាំងនោះ​មានដូចជា រូប​ដំរី​ទាំង​ ៤ ​ដែល​ខូចខាត​ធ្ងន់ធ្ងរ តែ​បាន​ជួសជុល​ជិត​រួចរាល់ មុខព្រហ្ម​ខាងលិច និង​ខាងជើង​ដែល​ត្រូវ​ជួសជុល​ត្រឹម​ម្កុដ ក៏​ជិត​រួចរាល់​ដែរ​។ ចំណែក មុខព្រហ្ម​ខាងកើត និង​ខាងត្បូង​កំពុង​ជួសជុល​បន្ត​។

កញ្ញា ម៉េង សុវណ្ណលីលីន បាន​បន្តទៀតថា៖ «​រហូតមកដល់​ត្រឹម​ថ្ងៃទី​ ០៨ ខែមេសា​នេះ ក្រុមការងារ​ជួសជុល​ខ្លោងទ្វារ​តាកាវ​បានសម្រេច​លទ្ធផល​ប្រមាណ​ ៧០ ​ភាគរយ​ហើយ​។ បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ​កំពុង​សម្រុក​ការងារ​ជួសជុល​មុខព្រហ្ម​ឱ្យ​ហើយ​រួចរាល់ ដើម្បី​ឈានទៅដល់​ការជួសជុល​កំពូល​ទាំង​ ៤ ​របស់​ខ្លោងទ្វារ​តាកាវ​ដែលជា​ជំហាន​ជួសជុល​ចុងក្រោយ​»​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា ដោយសារ​អាយុកាល អាកាសធាតុ ធម្មជាតិ​ និង​កត្តា​មនុស្ស​បណ្តាលឱ្យ​បង្កាន់ដៃ​របស់​ខ្លោងទ្វារ​ដែលមាន​រូប​យក្ស និង​ទេវតា​ជាច្រើន​ដួលរលំ​ហើយ​រចនាសម្ព័ន្ធ​របស់​ខ្លោងទ្វារ​មួយ​ភាគ​ធំ ដូចជា រូប​ដំរី​ទាំង​ ៤ និង​មុខព្រហ្ម​ជាដើម​បាន​រង​ការខូចខាត​ខ្លាំង ដែល​តម្រូវ​ឱ្យ​ធ្វើការ​ជួសជុល​ និង​សង្គ្រោះ​ជា​ចាំបាច់​។

ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​ការងារ​ជួយសង្គ្រោះ​ខ្លោងទ្វារ​តាកាវ​ចាប់តាំងពី​អំឡុង​ខែធ្នូ ឆ្នាំ​ ២០១៩ ហើយ​គម្រោង​នេះ​មាន​រយៈពេល​ប្រមាណ​ ២ ​ឆ្នាំ​ដើម្បី​អនុវត្ត ហើយ​កាលពី​ថ្ងៃទី ​២១ ខែកុម្ភៈ ឆ្នាំ​ ២០២១ ទើប​គម្រោង​ជួសជុល​ខ្លោងទ្វារ​នេះ​ជា​ផ្លូវការ​បាន​ចាប់ផ្ដើម​ឡើង​៕