លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ធ្វើការ​កោតសរសើរ​ដល់​កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ពន្ធនាគារ ទូទាំង​ប្រទេស​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការលះបង់​ដ៏ធំធេង​អស់ពី​កម្លាំងកាយ និង​ប្រាជ្ញា​ស្មារតី ក្នុង​បេសកកម្ម​បម្រើ​ជាតិ និង​ប្រជាជន​ដោយស្មោះ​ស្ម័គ្រ និង​ការទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​វិជ្ជាជីវៈ​។

លោក​បាន​លើកឡើង​តាមរយៈ​សារ​ជូនពរ​ដល់​កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ពន្ធនាគារ គ្រប់លំដាប់​ថ្នាក់​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈានចូល​មកដល់​នាពេល​ឆាប់ៗ​ខាងមុខនេះ​។

លោក ស ខេង បានឱ្យ​ដឹងថា៖ «​ជាមួយ​នឹង​ការកោតសរសើរ​ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ដែល​សម្រេចបាន​នាពេល​កន្លងមក ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ អំពាវនាវ​ដល់​កងកម្លាំង​នគរបាលជាតិ មន្ត្រី​រាជការ​ស៊ីវិល និង​មន្ត្រី​ពន្ធនាគារ​គ្រប់លំដាប់​ថ្នាក់​បន្ត​យកចិត្ត​ទុកដាក់​បំពេញ​ភារកិច្ច​យ៉ាង​ម៉ឺងម៉ាត់​តាម​បទបញ្ជា និង​វិធានការ​នានា​របស់​ក្រសួង​មហាផ្ទៃ និង​រាជរដ្ឋាភិបាល​»​។

លោក​បាន​បញ្ជាក់​ទៀតថា ជាពិសេស​ចលនា​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ឱ្យចូល​រួម​អនុវត្ត​បាន​ផុលផុស​នូវ​គោលនយោបាយ ភូមិ-ឃុំ មាន​សុវត្ថិភាព​ក្នុង​គោលដៅ​ថែរក្សា​បរិយាកាស​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​បាន​ល្អ​ប្រសើរ ដើម្បី​បង្ក​លក្ខខណ្ឌ​អំណោយផល​ដល់​ដំណើរការ​នៃ​ព្រឹត្តិការណ៍​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឱ្យ​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស សប្បាយរីករាយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក ស ខេង បាន​បន្តថា៖ «​ទោះបីជា​ការគ្រប់គ្រង និង​ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩ មាន​ភាពប្រសើរ​ឡើង​យ៉ាងណាក្តី ខ្ញុំ​សូម​ស្នើ​ដល់​កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ពន្ធនាគារ​ទាំងអស់​បន្ត​ផ្សព្វផ្សាយ​បំផុស​ស្មារតី ម្ចាស់ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល «៣ ​កុំ ៣ ​ការពារ​» ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ផលប៉ះពាល់​អវិជ្ជមាន​មក​លើ​សុខភាព​សាធារណៈ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​»៕