ភ្នំពេញៈ ធនបត្រ​ប្រភេទ ១៥ ០០០​រៀល ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ Reconnaisance ជ្រើសរើស​ថា ជា​ធនបត្រ​ថ្មី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ប្រចាំ​ឆ្នាំ ២០១៩ ក្នុង​សន្និសីទ​ការ​បោះពុម្ព​ធនបត្រ​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​នៅ​អាស៊ី​លើក​ទី​១៨ នៅ​ទីក្រុង Yokohama ប្រទេស​ជប៉ុន។ នេះ​បើ​យោង​តាម​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​៨ ខែ​មេសា។

អង្គភាព​ព័ត៌មាន​និង​ប្រតិកម្មរហ័ស បាន​ដក​ស្រង់​សំដី​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា តាម​រយៈលិខិត​ចុះ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២២ ផ្ញើ​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថា ការ​សម្រេច​ផ្តល់​ពាន​នេះ​គឺ​ដោយសារ​បច្ចេកទេស​នៃ​ការ​ផលិត​ក្នុង​ស្រុករបស់​ធនាគារជាតិ​នៃ​កម្ពុជា​មាន​លក្ខណៈ​ទំនើប​កម្រិត​ខ្ពស់ និង​សុវត្ថិភាព។

ប្រភព​ដដែល​បន្តថា បច្ចេកទេស​នេះ​មាន​ការ​រួម​បញ្ចូល​នូវ​សិល្បៈ​នៃ​ការ​រចនា និង​បច្ចេក​វិទ្យា ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​បេតិកភណ្ឌ​វប្បធម៌​ក្នុងប្រទេស តាម​រយៈការ​រចនា​រំលេច​នូវ​និមិត្ត​សញ្ញា​លើ​ធនបត្រ​ចំពោះ​ជាតិ ពិសេស មាន​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​ការ​ការពារ​ការ​ក្លែង​បន្លំ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា៖ «ពាន​រង្វាន់​ប្រភេទ​នេះ មិន​ត្រូវ​បាន​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​ទេ គឺ​ធ្វើឡើង​នៅពេល​ដែល​មាន​វត្តមាន​ធនបត្រ​ដែលមាន​លក្ខណ​សម្បត្តិ​ស័ក្តិសម ប្រកប​ដោយ​គុណភាព និង​បច្ចេកទេស​តែ​ប៉ុណ្ណោះ»។

លោក ជា ចាន់តូ ត្រូវ​បាន​ស្រង់​សំដី​ថា បន្ទាប់ពី​មាន​ការ​បើកប្រទេស និង​ការ​សម្រួល​លក្ខខណ្ឌការ​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃទី៦ ខែ​មេសា ឆ្នាំ ២០២២ លោក Antonio Cesario Ricdo អនុ​ប្រធាន​ក្រុមហ៊ុន Landqart AG នៃ​ប្រទេស​ស៊្វីស បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​ប្រគល់​ពាន​រង្វាន់​នេះ​មក​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​នាម​ស្ថាប័ន​អន្តរជាតិ Reconnaisance៕