ភ្នំពេញៈ ក្រសួង​សុខាភិបាល​ប្រកាស​រក​ឃើញអ្នក​ឆ្លង​វីរុស​កូវីដ១៩​បន្ថែម​ទៀត​ជាង​៣០នាក់ ​ដែល​សុទ្ធ​តែ​ជាប្រភេទ​វីរុស​បំប្លែ​ងថ្មី​អូមីក្រុង​ទាំងអស់ ​និង​មាន​អ្នក​ជាសះស្បើយ​បន្ថែម​ជាង​២០ នាក់​ផងដែរ ​ប៉ុន្តែ​មិនមាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូវីដ១៩​ឡើយ​ នា​ថ្ងៃ​នេះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី១០ ​មេសា ​ឆ្នាំ​២០២២ ​បញ្ជាក់ថា ​មនុស្ស​ចំនួន​៣៣នាក់​ទៀត​ បាន​ឆ្លង​វីរុស​កូវីដ១៩ ​និង​មាន​អ្នកជា​សះស្បើយ​ចំនួន​២២នាក់។ ការរក​ឃើញ​នេះ ​មាន​ករណី​ឆ្លង​សហគមន៍​ ចំនួន​៣៣នាក់ ​និង​មិនមាន​ការរក​ឃើញ​ឆ្លង​លើ​អ្នកដំណើរ​មកពី​បរទេស​ទេ។

គិត​ត្រឹម​ព្រឹក ​ថ្ងៃទី១០​ ខែមេសា ​ឆ្នាំ២០២២ ​កម្ពុជា ​មាន​អ្នកឆ្លង​វីរុស​កូវីដ១៩​សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៥ ៩៤៧នាក់ ​អ្នកជា​សះស្បើយ ​សរុប​ចំនួន​១៣២ ៦១៨នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន​៣ ០៥៥នាក់៕