ភ្នំពេញៈ​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី នគ​រូបនីយ​កម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ចេញ​លិខិត​ហាម​ឃាត់​ស្ថាបត្យ​ករ​និង​វិស្វករ​មិន​ឱ្យ​ទទួល​អនុវត្ត​ការ​ងារ​សា​ងសង់​ឬ​រុះរើ​សំណង់​ដែល​មិន​ទាន់​មាន​លិខិត​អនុញ្ញាត​ពី​អាជ្ញាធ​រមាន​សមត្ថ​កិច្ច​ឡើយ​។

លោក​ជា​ សុផារ៉ា បាន​លើក​ឡើង​ដូចនេះ ​តាម​រយៈ​លិខិត​ដែល​លោក​បាន​ដាក់​ជូន​អគ្គ​លេខា​ធិ​ការ​នៃ​គណៈ​វិស្វករ​កម្ពុជា​និង​អគ្គ​លេខាធិ​ការ​នៃ​គណៈ​ស្ថា​បត្យ​ករ​កម្ពុជា​កាល​ពី​ថ្ងៃទី​៨ ខែមេសា ដោយ​លោក​បាន​បញ្ជាក់ថា ការ​អនុវត្ត​ការងារ​សា​ងសង់​ដែល​មិន​ទាន់​ទទួល​បាន​លិខិត​អនុញ្ញាត​សាង​សង់ លិខិត​អនុញ្ញាត​ជួស​ជុល លិខិត​អនុញ្ញាត​រុះរើ​ និង​លិខិត​អនុញ្ញាត​ បើក​ការ​ដ្ឋាន​សំណង់​ពី​អាជ្ញា​ធរ​ ឬ​មន្ត្រី​មាន​សមត្ថ​កិច្ច​ជា​អំពើ​ខុស​ច្បាប់​។

លោក​បាន​បញ្ជាក់​ថា៖​«វា​ជា​អំពើ​ខុស​ច្បាប់ ព្រោះថា ​ការសាង​សង់​ដែល​មិន​មាន​ប្លង់​ស្ថាបត្យ​កម្ម​និង​ប្លង់​គ្រឿង​ផ្គុំ​សំណង់​ដែល​ទទួល​បាន​ការ​យល់​ព្រម​ពី​អាជ្ញា​ធរ​ឬ​មន្ត្រី​មាន​សមត្ថ​កិច្ចអាច​ល្មើ​សនឹង​បទ​ប្បញ្ញត្តិ​ស្តីពី​ធ្លា​គម្លាត​នគរូប​នីយ​កម្ម និង​អាច​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សា​ធារណៈ គុណ​ភាព សុវត្ថិ​ភាព​សំណង់ សោ​ភណ​ភាព ទ្រព្យ​សម្បត្តិ និង​សុខុ​មាល​ភាព​របស់​ម្ចាស់​សំណង់​ អ្នក​ប្រើ​ប្រាស់​សំណង់ ​និង​សា​ធារ​ណ​ជន​»។

លោក​ ជា​ សុផារ៉ា បាន​បន្ថែម​ថា ក្រសួង​រៀបចំ​ដែន​ដី នគរូប​នីយ​កម្ម និង​សំណង់​ស្នើ​ឱ្យ​អគ្គលេ​ខាធិ​ការ​នៃ​គណៈ​វិស្វករ​កម្ពុជា ធ្វើការ​ណែ​នាំ​វិស្វករ​ដែល​ចុះ​បញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​ទាំង​អស់ មិន​ឱ្យ​ទទួល​អនុវត្ត​ការងារ​សាង​សង់​ដែល​មិន​ទាន់​ទទួល​បាន​លិខិត​អនុញ្ញាត​សាង​សង់ លិខិត​អនុញ្ញាត​ជួស​ជុល លិខិត​អនុ​ញ្ញាត​រុះរើ និង​លិខិត​អនុញ្ញាត​បើក​ការ​ដ្ឋាន​សំណង់​។

លោក​បាន​​បញ្ជាក់​​ថា៖​«ក្រ​សួង​នឹង​ចាត់​មន្ត្រី​អធិការ​កិច្ច​សំណង់​ចុះ​ធ្វើការ​ត្រួត​ពិនិត្យ​បទ​ល្មើស​តាម​ការដ្ឋាន​សំណង់​ដើម្បី​ចាត់​វិធាន​ការ​ចំពោះ​ជន​ល្មើស​តាម​ផ្លូវ​ច្បាប់​ជា​ធរ​មាន»​។

លោក​​ សុខ​ គីន ប្រធាន​សហ​ព័ន្ធ​សហជីព កម្មករ​សំណង់ និង​ព្រៃឈើ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១០ ខែ​មេសា​ថា ​លោក​គាំទ្រ​ចំពោះ​ក្រសួង​ក្នុងការ​ហាម​ឃាត់​ការ​អនុវត្ត​សំណង់​ឬ​រុះរើ​សំណង់​ណាមួយ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​នេះ​។

លោក​ថា​៖ «ខ្ញុំ​គិតថា​វា​ជា​ចំណុច​ដែល​ល្អ​ដែល​គួរតែ​កែតម្រូវ​ហើយ ព្រោះ​ជាទូទៅ​វា​មាន​បញ្ហា​ច្រើន​កន្លង​មក​តាំងពី​​គ្រោះ​ថ្នាក់​បាក់​ប្លង់​សេ បាក់​អគារ ឬក៏​មេការ​ឬ​វិស្វករ​មួយ​ចំនួន​ធំ​ពេលខ្លះ​ម៉ៅ​ការ​យក​មក​ធ្វើ​ដោយ​មិន​មាន​ជំនាញ​ពិត​ប្រាកដ តែ​បែរជា​ធ្វើ​យកតែ​លុយ​ជាដើម ប៉ុន្តែ​មិន​មែន​ទាំង​អស់​នោះ​ទេ ​គឺមាន​វិស្វករ​ខ្លះ​គេ​មាន​ជំនាញ​ច្បាស់​លាស់​ត្រឹម​ត្រូវ​»។

លោក ​សុខ គីន បាន​បន្ថែម​ដោយ​លោក​លើក​ទឹ​កចិត្ត​ឱ្យ​ក្រុម​ហ៊ុន​ឬ​ភាគី​ដែលជា​អ្នក​វិនិយោគ​ធ្វើយ៉ាង​ណា​ត្រូវតែ​ចុះ​បញ្ជី​នៅ​ក្រសួង​រៀបចំ​ដែនដី នគ​រូបនីយ​កម្ម និង​សំណង់ ​ដើម្បី​ទទួល​បាន​នូវ​ការ​បញ្ជាក់​ពី​ការ​សាង​សង់ ​ដែល​វា​មិន​មែន​ល្អ​សម្រាប់​តែ​ការ​សាង​សង់​ទេតែ​វា​ក៏​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ទាំង​អស់​គ្នា ក្នុងនោះ​មាន​រដ្ឋាភិបា​ល និង​កម្មករ​ផង​ដែរ។​

លោក​​បាន​បញ្ជាក់ថា៖«ក្រុមហ៊ុន​ត្រូវតែ​បង់​ពន្ធ​ជូន​រដ្ឋាភិ​បាល​ហើយ​កម្មករ​ក៏​ទទួល​បាន​នូវ​បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​នៅពេ​ល​ក្រុមហ៊ុន​ដែល​ពួក​គាត់​ធ្វើការ​បាន​ចុះបញ្ជី​ត្រឹម​ត្រូវហើយ​មិនតែ​ប៉ុណ្ណោះ​(បស​ស)​ក៏​នឹង​ទទួល​បាន​វិភាគទា​ន​ពី​និយោ​ជក​ផង​ដែរ។ដូចនេះ​ហើយ​វា​ជា​អត្ថ​ប្រយោជន៍​វិលជុំ​ទាំង​អស់​គ្នា​ក្នុង​វិស័យ​សំណង់​នេះ»​៕