​ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​ថ្មី​ ២០២២​ នេះ បាន​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត ដើម្បី​ធានា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ​និង​ប្តេជ្ញាចិត្ត​ដោយ​បន្ត​រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​និង​ម្លប់​ដ៏​ត្រជាក់ នៃ​អង្គ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត ដើម្បី​សម្រេចបាន​សមិទ្ធផល​ថ្មីៗ​ទៀត​ក្នុង​ការកសាង​និង​ការពារ​មាតុភូមិ​មួយ​នេះ​។​

រាជរដ្ឋាភិបាល​ក៏បាន​បន្ត​ជំរុញ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​រាល់​ភារកិច្ច​ដែល​បាន​ដាក់ចេញ​ដើម្បី​អភិវឌ្ឍ​ជាតិ​និង​ភាព​សុខក្សេមក្សាន្ត​របស់​ប្រជាជន​កម្ពុជា​ចៀស​ផុតពី​ជំងឺឆ្លង​កាច​សាហាវ​កូ​វីដ​១៩ ដែល​បាននិងកំពុង​យាយី​ដល់​សុខុមាលភាព​របស់​ប្រជាជន​។

នេះ​ជាការ​លើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​សារលិខិត​ដែល​លោក​ផ្ញើជូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦​ត្រូវ​នឹង​ថ្ងៃទី​១៤ ទី​១៥ និង​ទី​១៦ ខែមេសា ឆ្នាំ​២០២២ ដែល​នឹង​មកដល់​នាពេល​ខាងមុខនេះ​។​

លោក​លើកឡើងថា ៖ «​រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត ដើម្បី​ធានា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ ឯកភាព​ជាតិ ឯករាជ្យ អធិបតេយ្យ​ជាតិ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​កាន់តែ​រឹងមាំ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​របបរាជានិយម និង​ការពារ​រាល់​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ទាំងមូល សម្រេចបាន​នាពេល​កន្លងមក​ឱ្យបាន​គង់វង្ស មិនឱ្យ​បុគ្គល​ណា ក្រុម​ណា ឬ​បរទេស​ណា​មក​បំផ្លាញ​ទៅវិញ បានឡើយ​»​។​

លោក​បានឱ្យដឹងថា រាជរដ្ឋាភិបាល នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដែល​បានប្រសូត​ចេញពី​ការបោះឆ្នោត​ដោយ​ភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស និង​បានទទួល​ការគាំទ្រ និង​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើសលប់ កំពុង​បន្ត​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ជាមួយនឹង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ឥត​រាថយ​និង​កាន់តែ​ស្វាហាប់​ទ្វេដង​ក្នុងការ​បម្រើប្រជាជន​។​

លោក ហ៊ុន សែន បា​នប​សង្កត់ធ្ងន់ថា​៖ «​ឆ្នាំ​ចាស់​បាន​កន្លងផុតទៅ ដោយ​ផ្លាស់​ជំនួស​វិញ​នូវ​ឆ្នាំ​ថ្មី រាជរដ្ឋាភិបាល​បន្តក​សាង​ប្រទេសជាតិ​ឱ្យមាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ ការពារ​ដាច់ខាត​នូវ​ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ការពារ​សមិទ្ធ​ផលស​ង្គ​ម​ជាតិ ទប់ស្កាត់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌ ឬ​ការ​ញុះញង់​ណាមួយ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​និង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​បង្កឱ្យមាន​អស្ថិរភាព នយោបាយ​ឬ​ចលាចល​ក្នុង​សង្គមជាតិ​កម្ពុជា​»​។​

ក្នុង​ឆ្នាំ ​២០២១​ កន្លងទៅ និង​រហូតមកដល់​ជិត​ពាក់កណ្តាល​ឆ្នាំ​២០២២​នេះដែរ កម្ពុជា​ក៏​ដូច​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​បាននិងកំពុង​ទទួលរង​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ពី​ជំងឺ​កូ​វីដ​១៩ មកលើ​បញ្ហា សុខភាព សង្គម សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន ហើយ​ថែមទាំង​អា​ចប​ន្ទុ​ច​បង្អាក់​ដល់​កិច្ចដំណើរការ​អភិវឌ្ឍ​ឈានឡើង​របស់​កម្ពុជា​ផងដែរ​។

លោកនាយក​រដ្ឋ​ម​ន្រី្ត ហ៊ុន សែន បាន​បន្តទៀតថា រហូតមកដល់​បច្ចុប្បន្ន ទោះបី​កម្ពុជា​បាននិងកំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជំងឺឆ្លង​កូ​វីដ​១៩​ក្តី ក៏​វិស័យ​ឧស្សាហកម្ម​និង​សិប្ប​កម្មបាន​រីកលូតលាស់​ជា​បន្តបន្ទាប់​។ រោងចក្រ​សរុប​មាន​ចំនួន​ជាង ១ ៨៧៩​រោងចក្រ ដែល​ភាគច្រើន​ជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​មាន​ឧស្សាហកម្ម​ធុន​តូច មធ្យម និង​សិប្បកម្ម​ជាង​៤៣ ២៥៨​មូលដ្ឋាន ហើយ​ដែល​បាន​ស្រូប​កម្លាំង​ពលករ​សរុប​ប្រមាណ​ជាង​១,៤ លាន​នាក់​។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​ក៏បាន​សម្របសម្រួល​ជួយសង្គ្រោះ និង​ធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​ខ្មែរ​នៅ​បរទេស ចំនួន​៨ ៣៧០ ​នាក់ផងដែរ។​

លោក ហ៊ុន សែន បានឱ្យដឹងថា ៖ «​រាល់​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​កន្លងទៅនេះ គឺ​អាស្រ័យ​ដោយមាន​ការដឹកនាំ​ខាង​នយោបាយ​ត្រឹមត្រូវ ប្រកបដោយ​ឆន្ទៈ​មោះមុត មានការ​ចូលរួម​គាំទ្រ​ពី​គ្រប់​ស្ថាប័ន ក្រសួង​ទាំងអស់ រួម​នឹង​ប្រជាជន​ទូទាំងប្រទេស ព្រម​ជាមួយនឹង​ការជួយឧបត្ថម្ភ​គាំទ្រ​ដោយ​ចិត្ត​ស្មោះសរ​ពី​បណ្តា​ប្រទេស​ជា​មិត្ត ដៃគូ អភិវឌ្ឍ និង​សហគមន៍​អន្តរជាតិ សំដៅ​ឈានទៅ​សម្រេចបាន​នូវ​បំណងប្រាថ្នា​រយៈពេល​វែង​របស់​ប្រជាជន​កម្ពុជា​»​។​

ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក ហ៊ុន សែន ក៏បាន​ធ្វើការ​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស ដែលមាន​សិទ្ធិ​បោះឆ្នោត និង​ចុះឈ្មោះ​រួចហើយ​ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នា​ថ្ងៃទី​៥ ខែមិថុនា ខាងមុខ ដើម្បី​អនុវត្ត​សិទ្ធិ​ពលរដ្ឋ​ក្នុងឋានៈ​ជា​ម្ចាស់​ជោគវាសនា​នៃ​មាតុភូមិ​អង្គរ​៕