បាត់ដំបងៈ នគរបាល​ស្រុក​រតន​មណ្ឌល​នៅ​ថ្ងៃ ទី ១០ មេសា​ បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ​បន្ទាប់ពី​ចាប់ខ្លួន​២ថ្ងៃ ​ករណី​យក​ចបកាប់​វាយ​សម្លាប់​បងប្រុស​បង្កើត​ខ្លួនឯង​ម្នាក់​ ដែល​សមត្ថកិច្ច​សង្ស័យថា ​បណ្តាល​មកពី​បែក​ថ្នាំ​ដោយសារ​ប្រើ​គ្រឿងញៀន​ខ្លាំង ​ប្រព្រឹត្ត​នៅ​ភូមិ​ស្វាយស ​ឃុំត្រែង ​ស្រុក​រតនមណ្ឌល ​ខេត្ត​បាត់ដំបង។

លោក ​សន និល ​អធិការ​នគរបាល​ស្រុក​រតនមណ្ឌល​ ឱ្យដឹង​នៅ​ថ្ងៃទី១០ ​មេសា​ថា ​បុរស​សង្ស័យ​ឈ្មោះ ​សេង ​គន្ធា ​អាយុ​ ២៩ឆ្នាំ ​រីឯ​ជន​រងគ្រោះ​ឈ្មោះ​សេង ភ័ក្ត្រា ​ភេទប្រុស ​អាយុ​៣២ឆ្នាំ។ ពួកគេ​រស់នៅ​ភូមិ​ស្វាយ​ស ​ឃុំត្រែង ​ស្រុក​រតនមណ្ឌល​ ខេត្ត​បាត់ដំបង។

លោក​ប្រាប់ថា​៖ «រឿងនេះ​ សមត្ថកិច្ច​ជំនាញ​របស់ខ្ញុំ​បាន​ដឹក​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃនេះ​ហើយ​(ថ្ងៃ​ទី១០ ​មេសា)។ គាត់​ប្រាប់​យើង​ថា ​គាត់​ឈ្លោះ​គ្នា​ជាមួយ​ជន​រងគ្រោះ»។

លោក​ ហិត ណាត ​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំត្រែង​និយាយ​តាម​សម្តី​របស់​ឪពុក​ជនល្មើស​ថា ​កាលពី​ថ្ងៃ​ទី៨ ​មេសា​ ក្រុមគ្រួសារ​របស់​គាត់​បាន​ទៅធ្វើ​ចម្ការ​ ហើយ​កូន​របស់​គាត់​ឈ្មោះ​សេង ភ័ក្ត្រា​ ត្រូវបាន​គេ​វាយ​ឱ្យ​របួស​ធ្ងន់​ត្រង់​កញ្ចឹងក​ពី​ខាង​ក្រោយ។ នៅ​ពេលនោះ​គាត់​បាន​ដឹក​កូន​របស់​គាត់​មក​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​រតនមណ្ឌល​ដើម្បី​សង្គ្រោះ​ជីវិត។ ប៉ុន្តែ​ក្រោយពី​ដឹក​ជនរង​គ្រោះ​ដល់​ពាក់​កណ្តាល​ផ្លូវ​ក៏​ដាច់ខ្យល់​ស្លាប់​ទៅ។

លោក​បន្តថា ​បន្ទាប់មក​ឪពុក​របស់​ជនរងគ្រោះ ​បានមក​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ នៅ​វេលា​ម៉ោង​១២ថ្ងៃត្រង់​ នៅ​ថ្ងៃ​ទី៨ ​មេសា​ដដែល​ ហើយ​លោក​បាន​រាយការណ៍​ទៅ​លោក​សន និល ​អធិការ​នគរបាល​ស្រុក​រតនមណ្ឌល។ លោក​អធិការ​ បាន​ចាត់​កម្លាំង​ស្រុក​ ដោយ​សហការ​ជាមួយ​នគរបាល​ឃុំ​ត្រែង ​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ ក្នុង​ដីចម្ការ​មួយ​កន្លែង ​ក្នុង​ភូមិ​ស្វាយស​ឃុំត្រែង​ស្រាវជ្រាវ​ ទើប​រកឃើញ​ថា ​ឈ្មោះ ​សេង គន្ធា ​ដែលជា​ប្អូនប្រុស​បង្កើតជា​អ្នកសម្លាប់​ជនរងគ្រោះ​ហើយក៏​ចាប់​ខ្លួន។

លោក​បញ្ជាក់ថា​៖ «ដំបូង​ឡើយ​ ប្រហែលជា​ឪពុក​របស់​ជនសង្ស័យ ​និង​ត្រូវជា​ឪពុក​របស់​ជនរងគ្រោះ​មិនដឹងថា ​កូន​ខ្លួនឯង​ជា​អ្នក​វាយ​សម្លាប់​ទេ ​ទើបបាន​ជា​គាត់​ប្តឹង​យើង។ ប៉ុន្តែ​ក្រោយមក ​ពេល​យើង​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ទើប​ គាត់​ដឹងថា​កូន​គាត់​ជា​អ្នក​សម្លាប់​បង»។

បើ​តាម​លោក​ ហិត ណាត ​ក្រោយ​ចាប់ខ្លួន ​សមត្ថកិច្ច​បានពិនិត្យ​ឃើញ​ក្នុង​ខ្លួន​របស់​ជនសង្ស័យ ​មាន​ផ្ទុក​សារធាតុ​ញៀន​ហើយ​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ដែរ​ថា ​រូបគេ​ពិតជា​បាន​វាយ​សម្លាប់​បងប្រុស​ខ្លួនឯង​មែន​ ព្រោះ​តែមាន​ជម្លោះ​នឹង​គ្នា ​ហើយក៏​យក​ចបកាប់​វាយ​នឹង​ត្បូងចប​ចំ​កញ្ចឹងក​ពី​ក្រោយ។ ទាំង​ខ្លួនគេ​និង​ជនរងគ្រោះ​សុទ្ធតែ​ប្រើប្រាស់​គ្រឿង​ញៀន​ដូច​គ្នា។ សាកសព​របស់​ជនរ​ង​គ្រោះ​ត្រូវបាន​មន្ត្រី​ជំនាញ​កោសល្យវិច័យ​ពិនិត្យ​ឃើញ​មាន​ស្នាម​របួស​ជាំ​ត្រង់​កញ្ចឹងក​ពី​ខាងក្រោយ​មួយ​កន្លែង៕