ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) នឹង​បើក​កិច្ចប្រជុំ​ជាមួយ​គណបក្សនយោបាយ​ទាំង ១៧ នៅ​ថ្ងៃទី​ ១១ ខែមេសា នេះ​ដើម្បី​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណបក្ស​នយោបាយ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​- សង្កាត់​អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ ​២០២២​។

លោក សោម សូរីដា អ្នក​នាំពាក្យ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១០​ មេសា​ថា គណបក្សនយោបាយ​ទាំង​ ១៧ ដែល​បាន​ចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែល​ចូលរួម​ប្រជុំ​នៅពេលនេះ នឹង​ផ្តោត​សំខាន់​ទៅលើ​កម្មវិធី​ផ្សព្វផ្សាយ​គោលនយោបាយ​របស់ខ្លួន តាម​កម្មវិធី​ស្មើភាព​របស់ គ.ជ.ប ។ លោក​ថ្លែងថា​៖ «​យើង​មាន​ព្រឹត្តិបត្តិ គោលនយោបាយ​របស់​គណបក្ស​យើង​មាន​កម្មវិធី​ផ្សាយ​គោលនយោបាយ​នៅក្នុង​វិទ្យុ និង​ទូរទស្សន៍​រដ្ឋ ដែលមាន​ការបែងចែក​ម៉ោង​ពេល​គ្នា​ទៅ​តាម​ការចាប់​ឆ្នោត​​របស់​គណបក្ស​នយោបាយ​»​។

លោក​ ញឿន រ៉ាដែន ​អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១០ មេសា ថា គណបក្ស ក៏បាន​ចាត់​មន្ត្រី ១ ​រូប ដើម្បី​ចូលរួម​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​អប់រំ​អ្នកបោះឆ្នោត និង​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណបក្ស​នេះដែរ​។ លោក​ថ្លែងថា​៖ «​កិច្ចប្រជុំ​នេះ​គឺមាន​អត្ថប្រយោជន៍​សម្រាប់​គណបក្សនយោបាយ​ឱ្យ​យល់ច្បាស់​នៃ​ក្រឹត្យក្រម ទាំង​អង្គ​អ្នកបោះឆ្នោត និង គោលនយោបាយ​របស់​គណបក្ស ដែល​នឹងត្រូវ​ផ្សព្វផ្សាយ តាមរយៈ​បណ្តាញ​សង្គម ឬ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​»​។

ចំណែក​លោក ខឺយ ស៊ីនឿន អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ថ្លែងថា កិច្ចការ​នេះ គ.ជ.ប បន្ត​នីតិវិធី​របស់ខ្លួន សម្រាប់​ការផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណបក្ស​នីមួយៗ ដើម្បី​ឱ្យ​អ្នកបោះឆ្នោត ពិចារណា និង​មាន​សិទ្ធិ​សម្រេច​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់ខ្លួន​នៅតាម​ឃុំ សង្កាត់​ដែល​ខ្លួន​រស់នៅ ដែល​កិច្ចការ​នេះ គឺជា​កិច្ចការ​ដ៏ល្អ​មួយ​របស់ គ.ជ.ប​។

លោក​បន្តថា តំណាង​គណបក្ស​របស់លោក​ក៏​ចូលរួម​កិច្ចប្រជុំ​នេះដែរ ដើម្បី​ទទួល​ការណែនាំ​ផ្សេងៗ ពី​ គ.ជ.ប សម្រាប់​ត្រៀម​ផលិត​គោលនយោបាយ​ឱ្យទៅ គ.ជ.ប ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ដល់​អ្នកបោះឆ្នោត​នៅ​ទូទាំង​ប្រទេស​សម្រាប់​ធ្វើការ​ពិចារណា និង​ជ្រើសរើស​តំណាង​របស់ខ្លួន នៅពេល​បោះឆ្នោត​ខាងមុខ​។ លោក​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​គោលនយោបាយ យើង​មើល​ជា​បទពិសោធ​កន្លងមក គ.ជ.ប បាន​បែង​ចែង​កម្មវិធី​ផ្សាយ​នៃ​គោលនយោបាយ​របស់​គណបក្ស​នីមួយៗ​ឱ្យមាន​ពេលវេលា​ស្មើៗ​គ្នា ពាក់ព័ន្ធ​ទៅនឹង​ការផ្សាយ​របស់ គ.ជ.ប ប៉ុន្តែ​លើក​នេះ ខ្ញុំ​អត់​ទាន់​ដឹង​ច្បាស់​ទេ​»​។

បើតាម​លោក សោម សូរីដា ជាមួយ​គ្នានេះ ថ្នាក់ដឹកនាំ​របស់ គ.ជ.ប ក៏​នឹង​ជួបពិភាក្សា​ការងារ​ដាច់ដោយឡែក​ជាមួយនឹង​ថា្នក់ដឹកនាំ​របស់​គណបក្ស​ភ្លើងទៀន​ផងដែរ​។ ទោះបីជា​យ៉ាងណា លោក​មិនទាន់​ដឹងថា ជំនួប​នេះ​ផ្តោត​ទៅលើ​អ្វី​ជាសំខាន់​នោះទេ ប៉ុន្តែ​អាច​នឹង​ពិភាក្សា​គ្នា​ជុំវិញ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២៕