ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ធ្វើការ​ក្រើន​រំឭក​ជាថ្មី​ម្តងទៀត​ដល់​ប្រជាពលរដ្ឋ​ដែល​ដល់​វេន​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ ឱ្យទៅ​ចាក់​វ៉ាក់សាំង​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណ: ដែល​កំពុងតែ​ផ្តល់​សេវា​ចាក់​ជា​រៀងរាល់ថ្ងៃ និង​នៅតាម​ទីតាំង​កម្សាន្ត ឬ​វត្តអារាម​មួយចំនួន ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង​ ២៥ ​ចាប់ពី​ថ្ងៃទី​ ១៣-១៧ ខែមេសា ឆ្នាំ​ ២០២២​។

លោកស្រី ឱ វណ្ណឌីន បាន​លើកឡើងថា​៖ «​ខ្ញុំ​សូម​ធ្វើការ​ក្រើន​រំឭកថា ការចាក់​វ៉ាក់សាំង​កូវីដ ​១៩ គឺ​ជួយ​អាយុជីវិត​មនុស្ស​ពី​ការឈឺ​ធ្ងន់ និង​សេចក្តី​ស្លាប់​។ លោកអ្នក​ដែល​មិនទាន់បាន​ចាក់​ទាំង​ដូស​មូលដ្ឋាន ដូស​ទី ៣ ​និង​ដូស​ទី​ ៤ ​សូម​អញ្ជើញ​ទៅ​ចាក់​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណ: ដែល​កំពុងតែ​ផ្តល់​សេវា​ចាក់​ជា​រៀងរាល់ថ្ងៃ​»​។

លោកស្រី​បាន​បន្ថែមថា ប្រជាពលរដ្ឋ​ក៏​អាច​ចាក់​វ៉ាក់សាំង​បាន​នៅតាម​ទីតាំង​កម្សាន្ត ឬ​វត្តអារាម​មួយចំនួន​ដែល​រៀបចំឡើង ដោយ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ចាប់ពី​ថ្ងៃទី​ ១៣-១៧ ខែមេសា ឆ្នាំ ​២០២២​។

លោកស្រី​បញ្ជាក់ថា ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ ៣​ ការពារ និង​ ៣ ​កុំ​ជា​បន្តទៀត ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។

ជាមួយ​គ្នានេះដែរ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ប្រកាស​រៀបចំ​ទីតាំង​បន្ថែម​នូវ​កន្លែង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​ ដល់​ប្រជាពលរដ្ឋ​នា​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ចាប់ពី​ថ្ងៃទី​ ១៣ ​ដល់​ថ្ងៃទី ​១៧ មេសា នៅតាម​ខណ្ឌ​ទាំង​ ១៤ ​ក្នុង​រាជធានី​ភ្នំពេញ​។ លោក​ថា៖ «​រដ្ឋបាល​រាជធានី បានរៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ នៅតាម​មន្ទីរពេទ្យ​បង្អែក មណ្ឌល​សុខភាព​សរុប​ចំនួន ​៤២ ​ទីតាំង ដល់​ប្រជាពលរដ្ឋ​កម្មករ-​កម្មការិនី រាប់បញ្ចូល​ទាំង​កុមារ​ និង​យុវវ័យ​ទាំង​ដូស​មូលដ្ឋាន ដូស​ជំរុញ ឬ​ដូស​ទី​ ៣ និង​ដូស​ទី ​៤»​។

ចំណែក​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ក៏បាន​រៀបចំ​នូវ​ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ខាងមុខនេះ​ដល់​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី​ ៣ ​ឆ្នាំ​ឡើង ចាប់ពី​ថ្ងៃទី​ ១៤ ​ដល់ទី​ ១៦ ​ខែមេសា​ផងដែរ​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​ ០៩ ខែមេសា ឆ្នាំ​ ២០២២ គឺ​បាន​ចាក់​លើ​ប្រជាជន​អាយុ​ពី ១៨ ​ឆ្នាំ​ឡើង មាន ១០២,៧២% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​ លាន​នាក់​។

ចំណែក​អត្រា ចាក់​វ៉ាក់សាំង​លើ​កុមារ-​យុវវ័យ​អាយុ​ពី ១២ ​ឆ្នាំ ទៅ​ក្រោម ១៨ ​ឆ្នាំ មាន ១០០,១៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១ ៨២៧ ៣៤៨ ​នាក់ និង​លើ​កុមារ​អាយុ​ពី ៦ ​ឆ្នាំ ដល់​ក្រោម ១២ ​ឆ្នាំ មាន​ចំនួន ១០៧,៨៤% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១ ៨៩៧ ៣៨២ ​នាក់​។

រីឯ​អត្រា​លើ​កុមារ​អាយុ ៥ ​ឆ្នាំ មាន ១២៤,៤២% ធៀប​ជាមួយ​នឹង​ប្រជាជន​គោលដៅ ៣០៤ ៣១៧​ នាក់ និង​លើ​កុមារ​អាយុ ៣ ​ឆ្នាំ ដល់​ក្រោម ៥ ​ឆ្នាំ មាន ៥២,០៣% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៦១០ ៧៣០ នាក់ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦ ​លាន​នាក់ បាន​ចំនួន ៩២,៧៨%៕