ភ្នំពេញៈ ក្រុមមន្ត្រី​ជំនាញ​ផ្នែក​សិលាចារឹក​នៃ​សារមន្ទីរជាតិ​កំពុង​សិក្សា​ស្រាវជ្រាវ និង​ប្រែសម្រួល​ពាក្យពេចន៍​នៃ​អក្សរ​លើ​ផ្ទាំងសិលា​ចារឹក​មួយ ដែល​ទើប​នាំ​មកពី​ខេត្តព្រះវិហារ ខណៈ​ក្រុមមន្ត្រី​ជំនាញ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​ស្ទឹងត្រែង​រកឃើញ​បំណែក​នៃ​ប្រាសាទ​ភុជង្គ ដែល​បាន​បាក់​ធ្លាក់​កប់​ចូលក្នុង​ទន្លេមេគង្គ​ជាច្រើន​សតវត្សរ៍​។

លោក​ ជា សុជាតិ ប្រធានការិយាល័យ​អភិរក្ស​នៃ​នាយកដ្ឋាន​សារមន្ទីរ​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ផ្ទាំង​សិលាចារឹក​ដ៏​មាន​អាយុកាល​ជាង​ ១ ០០០ ​ឆ្នាំ​នោះ ត្រូវបាន​រកឃើញ​ដោយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្រាំងដូង ឃុំ​ព្រះឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​ ២៨ ខែមីនា ឆ្នាំ​ ២០២២ ហើយ​វា​ត្រូវបាន​នាំមក​កាន់​សារមន្ទីរ​ជាតិ កាលពី​ថ្ងៃ​ទី​ ៥ មេសា​កន្លងទៅ​ថ្មីៗ​នេះ​។ បច្ចុប្បន្ន ក្រុមមន្ត្រី​ជំនាញ​នៃ​សារមន្ទីរ​ជាតិ​បាន​លាង​សម្អាត​វា​ដោយ​ប្រើ​សារធាតុ​គីមី​មួយចំនួន​សម្រាប់​សម្លាប់​មេរោគ ដើម្បី​ពង្រឹងគុណភាព​ថ្ម ការពារ​កុំឱ្យ​ពុកផុយ​។

លោក​បាន​បញ្ជាក់ថា​៖ «​តាម​ការបកស្រាយ​ត្រួសៗ​របស់​លោក​សាស្ត្រាចារ្យ ហ៊ុន ឈុនតេង អ្នកជំនាញ​ផ្នែក​ភាសាវិទ្យា​មកពី​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ផ្ទាំងសិលា​ចារឹក​នោះ​ត្រូវបាន​គេ​ចារ​ជា​អក្សរ​សំស្ក្រឹត និង​អក្សរ​ខ្មែរ​បុរាណ ចុះ​កាលបរិច្ឆេទ​ឆ្នាំ​ ៩៥៣ នៃ​ គ.ស ដើម្បី​រំឭក​ដល់​គុណ​របស់​អតីត​អង្គ​ព្រះមហាវីរក្សត្រ​ខ្មែរ នា​សម័យ​កាល​ចេនឡា ដែល​រួមមាន ព្រះបាទ​រាជាឥដ្រាវរ្ម័ន មហិនដ្រាវរ្ម័ន ឦសាន​វរ្ម័ន រួមទាំង​ព្រះមហាក្សត្រ​ជាច្រើន​អង្គ​ទៀត​»​។

យោងតាម​លោក សុជាតិ នៅពេលនេះ ក្រុម​ជំនាញការ ភាសាវិទ្យា​កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់​ទៅលើ​ពាក្យពេចន៍ និង​ខ្លឹមសារ​មួយចំនួន ដែលមាន​នៅលើ​ផ្ទាំង​សិលាចារឹក​នេះ ដើម្បី​រៀបចំ​ចងក្រង​ជា​ឯកសារ​កាលប្បវត្តិ ទុក​សម្រាប់​ជា​ប្រយោជន៍​ក្នុង​ការសិក្សា​ស្រាវជ្រាវ ស្វែងយល់​អំពី​អរិយធម៌ និង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា នា​អតីតកាល​ផ្សារភ្ជាប់​នឹង​បច្ចុប្បន្ន​។

លោក​បាន​បន្តថា ដោយសារតែ​ផ្ទាំង​សិលាចារឹក​នោះ​ត្រូវបាន​រកឃើញ​នៅ​មិន​ឆ្ងាយ​ពី​ទីទួល​បុរាណ​មួយកន្លែង ដែល​អ្នកភូមិ​និយម​ហៅថា «​ទួលទឹកស​» ​មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ប្រាសាទ​ព្រះលាន​ដែល​ត្រូវបាន​សាង​ឡើង​ក្នុងអំឡុង​សតវត្សរ៍​ទី​ ១០ ​មុន​សម័យអង្គរ​នោះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត រួមទាំង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ កំណត់​ទីតាំង​នៃ​តំបន់​ដែល​បាន​រកឃើញ​ផ្ទាំង​សិលាចារឹក​នោះ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ឈានឆ្ពោះ​ទៅរក​ការសិក្សា​ធ្វើ​កំណាយ​ទៅលើ​ទីតាំង​នៃ​របកគំហើញ​បុរេប្រវត្តិសាស្ត្រ​នោះ​។

លោក សេង សោត អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​នៃ​ក្រសួងបរិស្ថាន​ដែល​បាន​ដឹកនាំ​ក្រុមការងារ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចុះទៅពិនិត្យ និង​ទទួលយក​ផ្ទាំង​សិលាចារឹក​នោះមក​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ ក្នុង​រាជធានី​-​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ថ្ងៃទី​ ២៨ ខែមីនា ឆ្នាំ​ ២០២២ ក្រុមមន្ត្រី​របស់លោក បានទទួល​សេចក្ដី​រាយការណ៍​ពី​លោក សិត ទើង និង​អ្នកស្រី អិត រើង ដែលជា​គ្រួសារ​កសិករ​មួយ​នៅ​ភូមិ​ក្រាំងដូង អំពី​ការភ្ជួរ​ដី​ប៉ះ​ត្រូវ​ផ្ទាំង​ថ្ម​ដ៏ធំ​មួយ ដែលមាន​ចម្លាក់​អក្សរ​បុរាណ​លើ​ផ្ទាំងសិលា​នោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​បន្ទាប់មក​ខ្ញុំ​ក៏បាន​ទាក់ទង​ទៅខាង​សារមន្ទីរ​ជាតិ ដើម្បី​ចុះទៅពិនិត្យ និង​ទទួលយក​ផ្ទាំង​សិលាចារឹក​នោះ​មក​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​។ ក្រុមមន្ត្រី​ជំនាញ​ថា ផ្ទាំងសិលា​ចារឹក​នោះ សង់​ឡើង​ពី​ថ្មភក់​ក្នុងអំឡុង​សតវត្សរ៍​ទី​ ១០ មុន​សម័យអង្គរ​»​។

លោក​បាន​បន្តថា នៅ​ទីតាំង​ដែល​រកឃើញ​ផ្ទាំង​សិលាចារឹក​នោះ ក្រុមការងារ​ចម្រុះ​បាន​រកឃើញ និង​ប្រមូលយក​នូវ​បំណែក​កុលាភាជ​មួយចំនួនទៀត ដូចជា ចំពួជគន្ធី និង​ក្អម ឆ្នាំង ដើម្បី​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ​បន្ត​។

ដោយឡែក​នៅ​ខេត្តស្ទឹងត្រែង ក្រុមមន្ត្រី​ជំនាញ​នៃ​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ បាន​ចុះ​ពិនិត្យ ​និង​ទទួលយក​នូវ​ផ្ដែរ​ប្រាសាទ​បុរាណ​ដ៏​មាន​វ័យ​ចំណាស់​មួយ​ដែល​បាន​បាក់បែក និង​ធ្លាក់​កប់​បាត់ទៅ​ក្នុង​ទន្លេមេគង្គ​ជាច្រើន​ឆ្នាំ​ពី​អ្នកភូមិ​ក្នុង​តំបន់​ជ្រោយ​បាចុង្គ ក្រុង​ស្ទឹងត្រែង បន្ទាប់ពី​ពួកគេ​បាន​រកឃើញ និង​នាំគ្នា​ស្រង់​ចេញពី​ក្នុង​ទន្លេ​កាលពី​ព្រលប់​ថ្ងៃទី​ ៤ ខែមេសា ឆ្នាំ ​២០២២​។

លោកស្រី ញោច សារឿន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​ថា ផ្ដែរ​ប្រាសាទ​ដ៏​មាន​ក្បាច់រចនា​ល្អឥតខ្ចោះ​នោះ ជា​ផ្ដែរ​នៃ​ប្រាសាទ​បាចុង្គ ឬ ភុជង្គ ដែល​បាន​បាក់បែក និង​ធ្លាក់​កប់​ចូលទៅក្នុង​ទន្លេមេគង្គ​ជាយូរ​ឆ្នាំ​មកហើយ និង​គ្មាន​នរណាម្នាក់​បានដឹងថា​វា​នៅ​ទីកន្លែង​ណាខ្លះ​នោះទេ​។ ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ មាន​អ្នកភូមិ​ជាច្រើន​បាននាំគ្នា​ចុះ​រាវ​លៀស​រាវ​គ្រំ យក​ធ្វើ​ចំណីអាហារ នៅក្បែរ​ច្រាំង​ទន្លេមេគង្គ ជាប់​ទីតាំង​នៃ​សំណល់​គ្រឹះ​ប្រាសាទ​បាក់បែក​នោះ ហើយ​បាន​ប្រទះ​ឃើញ​វា​កប់​នៅក្រោម​ដី​នៃ​បាតទន្លេ​មេង្គ ក៏​នាំគ្នា​ស្រង់​វា​ចេញពី​ក្នុង​ទឹក យកទៅ​ទុក​នៅក្នុង​វត្ត​ធម្មរង្សី ហៅ​វត្ត​បាចុង្គ ដើម្បី​រង់ចាំ​ឱ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ និង​នាំយកទៅ​រក្សាទុក​នៅ​ទីតាំង​មាន​សុវត្ថិភាព​។

លោកស្រី​បាន​បន្តថា នៅ​ព្រឹក​ថ្ងៃទី​ ៥ ខែមេសា លោកស្រី​បាន​ដឹកនាំ​ក្រុមការងារ ចុះទៅពិនិត្យ និង​ទទួល​យក​ផ្ដែរ​ប្រាសាទ​ដ៏​ល្អឥតខ្ចោះ​នោះ​មក​រក្សាទុក​នៅក្នុង​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្តស្ទឹងត្រែង ដើម្បី​សិក្សា​ស្រាវជ្រាវ​បន្ថែម​លើ​រចនាប័ទ្ម​នៃ​ផ្ដែរ​ប្រាសាទ​នេះ​។

លោកស្រី សារឿន បាន​បញ្ជាក់ថា​៖ «​ចំពោះ​ផ្តែរ​ប្រាសាទ​ ១ ​ផ្ទាំង​នេះ​ពីមុនមក​មន្ទីរ​ពុំបាន​ឃើញ​ទេ និង​មិនមាន​ក្នុង​បញ្ជី​ឡើយ​។ នៅលើ​ផ្ដែរ​នោះ មាន​រូប​មករ នៅ​សងខាង​នឹងមាន​រូប​គ្រុឌ​កាន់​នាគ ស្ថិតនៅក្នុង​រង្វង់​មូល​នៅ​ចំ​កណ្ដាល​»​។

សព្វថ្ងៃ​ប្រាសាទ​នេះ​បាន​បាក់បែក និង​ធ្លាក់ចូល​កប់​ទៅក្នុង​បាតទន្លេ​មេគង្គ​ទាំងស្រុង លើកលែង​តែ​គ្រឹះ​ប្រាសាទ​ខ្លះៗ នៅ​សេសសល់​ជាប់មាត់​ច្រាំងទន្លេ​ប៉ុណ្ណោះ​។ ប៉ុន្តែ​តាមរយៈ​ក្បាច់រចនា ដែល​បង្កប់​នៅលើ​ផ្ដែរ​ ១ ​ផ្ទាំង ដែល​ទើប​រកឃើញ​នេះ ក្រុម​អ្នកជំនាញ​ខាង​រចនាប័ទ្ម​សិល្បៈ ស្ថាបត្យកម្ម​ខ្មែរ​បាន​ចាត់​ចំណាត់ថ្នាក់​នៃ​ផ្ដែរ​ប្រាសាទ​នេះ​ថា ជា​ផ្ដែរ​ដែល​ស្ថិតក្នុង​ «​រចនាប័ទ្ម ថាឡាបរិវ៉ាត់​» ​ព្រោះ​ផ្ដែរ​ប្រាសាទ​នេះ​ដូចគ្នា​ទៅនឹង​ប្រាសាទ​ ៩​ ល្វែង ប្រាសាទភ្នំព្រះ​ធាតុ ក្នុង​ក្រុង​ស្ទឹងត្រែង​...​និង ប្រាសាទ​បា​ដើម នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង​។ នេះ​បើតាម​ប្រសាសន៍​របស់​លោក អ៊ុក សុខា អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​បេតិកភណ្ឌ​។ លោក​បាន​បញ្ជាក់ថា​៖ «​យើង​មាន​ក្ដីរំភើប​រីករាយ​ណាស់ នៅពេល​រកឃើញ​នូវ​ផ្ដែរ​ប្រាសាទ ដែល​បាន​កប់​បាត់ទៅ​ក្នុង​ទន្លេ​ជាច្រើន​សតវត្សរ៍​កន្លងមកនេះ​។ ផ្ដែរ ១ ​ផ្ទាំង​នេះ បាន​បង្ហាញថា បុព្វបុរស​របស់​យើង​ពិតជា​បាន​កសាង​ប្រាសាទ​ភុជង្គ ឬ បាចុង្គ នេះ​ពិតប្រាកដ​មែន ហើយ​វា​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ស្នាដៃ​សិល្បៈ​ដ៏ល្អឥតខ្ចោះ​របស់​ដូនតា​យើង​ផងដែរ​»​។

គួរ​បញ្ជាក់ថា អាណាចក្រ​ខ្មែរ​ត្រូវបាន​គេ​រាប់​ចាប់ពី​សតវត្សរ៍​ទី ​១ ដល់ទី​ ៦ នៃ​គ្រិស្តសករាជ​។ អ្នក​ប្រវត្តិវិទូ​បាន​បែងចែក បដិមាកម្ម ឬ​បដិមាសាស្ត្រ និង​ស្ថាបត្យកម្ម​សម័យ​នគរភ្នំ ជា​ ២​ រចនាប័ទ្ម រួមមាន រចនាប័ទ្ម​ភ្នំដា និង​រចនាប័ទ្ម​ថាឡាបរិវ៉ាត់​។ ​រចនាប័ទ្ម​ថាឡាបរិវ៉ាត់ គឺជា​រចនាប័ទ្ម​ថ្មី​ដែល​ក្រសួង​វប្បធម៌ និង​អ្នកជំនាញ​ទើបបាន​សិក្សា​លម្អិត និង​សម្រេច​បង្កើតឡើង​។ រចនាប័ទ្ម​នេះ​សិក្សា​ផ្ដោតលើ​ផ្ដែរ ការ​រចនា​ផ្នែក​បដិមា​សាស្ត្រ រួមទាំង មករ តោ គោ និង​រចនាសម្ព័ន្ធ​នានា​នៃ​តួ​ប្រាសាទ​។ ​រចនាប័ទ្ម​នៃ​សិល្បៈ​ខ្មែរ​ទាំងអស់​មាន​ ១៥​ រចនាប័ទ្ម រួមមាន រចនាប័ទ្ម​ភ្នំដា​, ថាឡាបរិវ៉ាត់ សំបូរ​ព្រៃគុក ព្រៃ​ក្មេង​កំពង់ព្រះ គូលែន ព្រះគោ.បាខែង កោះ​កេរ្តិ៍ ប្រែ​រូប បន្ទាយស្រី ព្រះ​ឃ្លាំង បាពួន អង្គរវត្ត និង​បាយ័ន​៕