ភ្នំពេញៈ ក្នុង​ចំណោម​អ្នកស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ប្រមាណ​ជាង​ ៩០% ជា​អ្នក​ប្រើ​ម៉ូតូ ក្នុងនោះ​មាន​ជាង​ ៧០% ​មិនបាន​ពាក់មួក​សុវត្ថិភាព​ជាក់ស្តែង​។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សាធារណការ​។

លោកស្រី​ មឹន មាណវី​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​ថ្លែង​បែបនេះ​នា​ថ្ងៃទី​ ៨​ មេសា ក្នុង​កិច្ចប្រជុំ​ស្តីពី​លទ្ធភាព​ក្នុងការ​ផ្តល់​មួក​សុវត្ថិភាព ដែលមាន​គុណភាព​ដល់​កម្មករ និយោជិត និង​កុមារ​កម្ពុជា​។ លោកស្រី​បញ្ជាក់ថា កម្ពុជា ជា​ប្រទេស​ដែលមាន​ប្រជាពលរដ្ឋ​ជាច្រើន​ពេញនិយម​ក្នុង​ការប្រើប្រាស់​ម៉ូតូ ដែល​ចាំបាច់​តម្រូវ​ឱ្យមាន​ការពាក់​មួក​សុវត្ថិភាព​ដែលមាន​គុណភាព​ល្អ ដើម្បី​ការពារ​អាយុជីវិត ដោយ​ការប៉ះទង្គិច​ក្បាល​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។

លោកស្រី​មាណវី ថ្លែងថា​៖ «​បច្ចុប្បន្ន ទន្ទឹមនឹង​ការធ្វើដំណើរ​រួម​តាម​រថយន្ត ដែល​ខ្លះ​មាន​ស្តង់ដា​សុវត្ថិភាព និង​ខ្លះ​មិនទាន់មាន​សុវត្ថិភាព កម្មករនិយោជិត​មួយចំនួន​បាន​ងាក​មក​ប្រើ​ម៉ូតូ​ក្នុង​ការ​ទៅមក​បំពេញភារកិច្ច​ប្រចាំថ្ងៃ​»​។

លោកស្រី​បន្តថា​៖ «​ហើយ​ទោះបី​មាន​ការរឹតបន្ដឹង​ច្បាប់​លើ​ការពាក់​មួកសុវត្ថិភាព​នេះ​ក៏ដោយ ប៉ុន្តែ​ប្អូនៗ ក្មួយៗ​មួយចំនួន​មិនទាន់​យកចិត្ត​ទុកដាក់​ពាក់មួក​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​នៅឡើយ​»​។

លោកស្រី មឹន មាណវី បន្ថែម ថា កុមារ​ដែល​ត្រូវបាន​អាណាព្យាបាល​ដឹក​ទៅ​សាលារៀន ឬ​ធ្វើដំណើរ​ទៅតាម​ធុរកិច្ច​របស់គាត់ ក៏​មិនទាន់​អនុវត្ត​ការ​ពាក់មួក​សុវត្ថិភាព​បាន​គ្រប់ៗ​គ្នា​ដែរ​។

យោងតាម​របាយការណ៍​ដែល​ទទួលបាន​ពី​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ​នេះ​មាន​អ្នកស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ៤៩៣ នាក់ ក្នុងនោះ​អ្នក​ប្រើ​ម៉ូតូ​ ៤០៣​ នាក់ ហើយ​មិន​ពាក់មួក​សុវត្ថិភាព ​២៩៧ ​នាក់ របួស​​ធ្ងន់​ ៧៨៤ ​នាក់ របួសស្រាល​ ៤៧៨ ​នាក់​។

ក្នុង​ឆ្នាំ​ ២០២០ គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​កម្មករ​ស្លាប់​ចំនួន ​៥២១​ នាក់ ស្មើ​ ២៩% នៃ​ចំនួន​អ្នកស្លាប់​ ១ ៧៩៨​ នាក់ កុមារ​អាយុ​ក្រោម​ ១៥​ ឆ្នាំ​ចំនួន​ ១១៣ ​នាក់ ស្មើ​ ៦% កុមារ​តូច​ចំនួន​ ៤២​ នាក់​ស្មើ​ ២%​។

របាយការណ៍​ដដែល​ឱ្យដឹងថា មូលហេតុ​បង្ក គឺ​នៅតែ​ល្បឿន​នាំមុខ បន្ទាប់មក​ការមិន​គោរព​សិទ្ធិ​អាទិភាព ការបត់ និង​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ការមិន​ប្រកាន់​ស្តាំ ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង កត្តា​យានយន្ត ការប្រើ​ទូរស័ព្ទ និង​ងងុយ​។

លោកស្រី​ មឹន មាណវី បញ្ជាក់ថា​៖ «​ដូចនេះ ការបង្កើត​កម្មវិធី​នេះ គឺ​ពិតជា​មាន​សារៈសំខាន់ ដែល​ទន្ទឹមនឹង​ការស្វែងរក​មួកសុវត្ថិភាព ខ្ញុំ​សំណូមពរ​ថា មុននឹង​ប្រគល់ជូន​គាត់ ចាំបាច់​ត្រូវមាន​ការអប់រំ​ផ្សព្វផ្សាយ​ឱ្យ​គាត់​យល់ដឹង​ពី​ច្បាប់ និង​វិធាន​សុវត្ថិភាព​ចរាចរណ៍ សម្រាប់​ការប្រើប្រាស់​ម៉ូតូ​ដែរ​»​។

លោកស្រី​ថា ការគិតគូរ​ដល់​សុខទុក្ខ​លើ​ធនធានមនុស្ស​ទាំងនេះ​គឺ​ពិតជា​ស្របតាម​ឆន្ទៈ​ដ៏មោះមុត ច្បាស់លាស់​របស់​រាជរដ្ឋាភិ​ល​កម្ពុជា​ក្នុង​ការ​ខិតខំ​ថែរក្សា​សុខសន្តិភាព និង​អាយុជីវិត និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ស្រប​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​ផងដែរ​។

នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា ​លោក ​គឹម បញ្ញា លើកឡើងថា ស្របពេល​ដែលមាន​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​គួរឱ្យ​កត់សម្គាល់​មួយចំនួន ក្នុង​កិច្ចខិតខំ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏ធ្ងន់ធ្ងរ​បំផុត​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។ ក្នុង​ ១​ ថ្ងៃៗ គ្រោះថ្នាក់​នេះ​បាន​បង្ក​ឱ្យ​ជីវិត​មនុស្ស​ស្លាប់ និង​បង្កឱ្យមាន​ការរង​របួស​ធ្ងន់​ស្រាល​ជាច្រើន​នាក់ ព្រមទាំង​បន្សល់ទុក​នូវ​ផលលំបាក​ជាច្រើន​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ និង​សង្គមជាតិ​។

លោក​ថា ក្នុងករណី​ជាច្រើន ជនរងគ្រោះ​ត្រូវ​សម្រាក​ថែទាំ​នៅ​មន្ទីរពេទ្យ និង​ផ្ទះ​របស់ខ្លួន​ជាច្រើន​ថ្ងៃ-​ខែ​។ ឯ​ខ្លះទៀត​ត្រូវ​ធ្លាក់ខ្លួន​ពិការ បាត់បង់​ការសិក្សា ឬ​សមត្ថភាព​បំពេញ​ការងារ សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ តម្រូវ​ឱ្យ​ឪពុកម្តាយ ឬ​បងប្អូន​សាច់ញាតិ​ត្រូវ​ទទួលបន្ទុក​នៅ​មើលថែទាំ​ជាប្រចាំ​។

លោក​ គឹម បញ្ញា បញ្ជាក់ថា​៖ «​ទន្ទឹមនឹងនេះ គ្រោះថ្នាក់​ចរាចរណ៍​ក៏​ជា​បញ្ហា​ប្រឈម​ដ៏ចម្បង​គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​មួយ​ដែរ​សម្រាប់​កុមារ​កម្ពុជា និង​កម្មករនិយោជិត​។ ជាពិសេស​អ្នក​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ដែលមាន​ប្រមាណ​ជាង ៨០០ ០០០ ​នាក់​តែម្តង​»​។

បើតាម​លោក​បញ្ញា​ក្នុង​ចំណោម​ជនរងគ្រោះ​ចំនួន​ ២ ១៥២ ​នាក់ ដែល​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ​ ២០១៩ ប្រមាណ​ជិត​ ៤០% គឺជា​កុមារ និង​កម្មករនិយោជិត​។ ភាគច្រើន​នៃ​ជន​រងគ្រោះ គឺជា​អ្នកជិះ​ម៉ូតូ ហើយ​ប្រមាណ​ជាង​ ៧០% មិនបាន​ពាក់មួក​សុវត្ថិភាព​នៅពេល​ទទួលរង​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​ គឹម បញ្ញា ថ្លែងថា​៖ «​ការការពារ​ខួរក្បាល ឬ​ផ្នែក​ក្បាល​របស់​មនុស្ស​គ្រប់រូប ជាពិសេស​សម្រាប់​កុមារ វា​ពិតជា​ចាំបាច់ និង​មាន​សារៈសំខាន់​ណាស់​។ ក្នុង​ពិភពលោក យើង​អាច​និយាយបានថា ពុំទាន់​មាន​ថ្នាំ​ដ៏មាន​ប្រសិទ្ធភាព​សម្រាប់​ព្យាបាល​ខួរក្បាល​/​របួស​ក្បាល​នោះទេ​។ ពិសេស​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅពេលដែល​ធ្វើ​ដំណើរ​ដោយ​ទោចក្រយាន ​(​កង់​) ​ឬ​ទោចក្រយានយន្ត​ (​ម៉ូតូ​)»​។

លោក​បន្ថែមថា​៖ «​ប៉ុន្តែ​យើង​អាច​ការពារ​ខួរក្បាល និង​ផ្នែក​ក្បាល​ដ៏​មាន​សារៈសំខាន់​បំផុត​របស់​យើង​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​ពី​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ទង្វើ​ដ៏សាមញ្ញ គឺ​ដោយ​ការពាក់​មួកសុវត្ថិភាព ដែលមាន​គុណភាព​ល្អ និង​បាន​ត្រឹមត្រូវ​»​។

មួកសុវត្ថិភាព គឺជា​វត្ថុសាមញ្ញ​មាន​តម្លៃ​សមរម្យ ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​អាច​ការពារ​ការរង​របួស​ក្បាល​ធ្ងន់ធ្ងរ ឬ​ខួរក្បាល​ពី​គ្រោះថ្នាក់​ចរាចរណ៍​។

យោងតាម​ការសិក្សា​ជា អន្តរជាតិ​មួយ​បានឱ្យដឹង​ដែរ​ថា ការពាក់​មួកសុវត្ថិភាព ពិតជា​បាន​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការរង​របួស​ក្បាល​ធ្ងន់ធ្ងរ​បាន​រហូតដល់​ប្រមាណ​ ៦៩ ​ភាគរយ និង​ការស្លាប់​បាន​ប្រមាណ​ជា​ ៤២ ​ភាគរយ​។ ដូច្នេះ​កិច្ចខិតខំ​ជំរុញ​ឱ្យមាន​ការពាក់មួក​សុវត្ថិភាព​ឱ្យបាន​គ្រប់ៗ​គ្នា ដែល​ជា​ទង្វើ​សាមញ្ញ ប៉ុន្តែ​អាច​ការពារ​អាយុជីវិត​របស់ខ្លួន​បាន និង​ជា​ញឹកញាប់​តែងតែ​ត្រូវបាន​កំណត់​ដោយ​ច្បាប់​។ ពិតជា​ចាំបាច់​ខ្លាំងណាស់ សម្រាប់​បណ្តា​ប្រទេស​នានា ក៏ដូចជា​សម្រាប់​ប្រទេស​កម្ពុជា​ដែលមាន​អ្នកប្រើប្រាស់​ផ្លូវ​ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ​ (​អ្នកបើកបរ និង​អ្នករួមដំណើរ​) ហើយ​ជនរងគ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើន​លើសលប់ គឺជា​អ្នកជិះ​ម៉ូតូ ហើយ​ទទួលរង​ការប៉ះទង្គិច​ក្បាល​តែម្តង​៕