ស្វាយរៀងៈ អភិបាលខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ច្រាំងទន្លេ​វ៉ៃ​គោ​ប្រវែង​ ៩៦៧​ ម៉ែត្រ និង​សួនច្បារ​ចំនួន​ ៧ ​សួន រួម​នឹង​សមិទ្ធផល​មួយចំនួន​ទៀត ដែល​ស្ថិតនៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ៧ ខែមេសា លោក ម៉ែន វិបុល បាន​ថ្លែង​នូវ​ការអបអរសាទរ​ចំពោះ​សមិទ្ធផល​ថ្មី​ដែលជា​ច្រាំងទន្លេ សួនច្បារ អមដោយ​ឧបករណ៍​ហាត់ប្រាណ និង​ខ្លោងទ្វារ​ដែល​ត្រូវដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​រួមគ្នា​។

លោក​ឱ្យដឹងថា សមិទ្ធផល​នោះ​រួមមាន ច្រាំងទន្លេ​មាន​ប្រវែង ៩៦៧ ​ម៉ែត្រ សួនច្បារ​ចំនួន​ ៧​ សួន ទីតាំង​ដាក់​ឧបករណ៍​ហាត់ប្រាណ​ចំនួន ៣ ​កន្លែង​ (​មាន​ឧបករណ៍​ហាត់ប្រាណ ៦០ ​ឈុត​) ​បង្គោល​ភ្លើង​ (​អំពូល​សូឡា​) ៨៤ ​បង្គោល ដាំ​ដើមឈើ ៨២ ​ដើម ទីតាំង​រៀបចំ​វេទិកា​ប្រណាំងទូក​ ១​ កន្លែង​ និង​ខ្លោងទ្វារ ២ ​អម​សងខាង​។

លោក​បន្តថា នេះ​ជា​សមិទ្ធផល​ថ្មី​ ១​ ទៀត ដែល​ទទួលបាន​ពី​ផ្លែផ្កា​នៃ​​សុខសន្តិភាព សម្រាប់​ជា​ចំណងដៃ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ជាពិសេស​នៅក្នុង​ក្រុង​ស្វាយរៀង​ ដើម្បី​ជាការ​ស្វាគមន៍​ទទួល​អំណរ​បុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិ ដែល​នឹង​ឈានចូល​មកដល់​នាពេលខាងមុខ​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក ទីនេះ​យើង​មិនមាន​ជា​ច្រាំង​ទេ គឺ​មានតែ​ផ្លូវ ទំនប់​ទល់នឹង​ទន្លេ​តែម្ដង ដែល​ត្រូវបាន​ស្ថាបនា​ឡើង​តាំងពី​ជំនាន់​ឯកឧត្ដម ហ៊ុន ណេង ជា​អភិបាលខេត្ត​នៅ​ឆ្នាំ​ ២០០៣ ប៉ុន្តែ​អាស្រ័យ​ដោយ​ស្ថានភាព​ផ្លូវ​នេះ​មាន​លក្ខណៈ​តូចចង្អៀត​ហើយ​រាល់ពេល​យើង​រៀបចំ​ពិធី​ប្រណាំង​ទូក​ម្ដងៗ​គឺ​ពិតជា​មានការ​លំបាក​ណាស់ ណាមួយ​មិនមាន​ទីតាំង​សម្រាប់​​ដំឡើង​វេទិកា​បាន​ត្រឹមត្រូវ ណាមួយ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​ផងដែរ​នៅពេល​រៀបចំ​ពិធី​ម្ដងៗ​»​។

លោក​បន្តថា ដូច្នេះហើយ​ទើប​នៅ​ឆ្នាំ​ ២០១៨ ក្នុងនាម​លោក​ជា​អភិបាល​ខេត្ត​ក៏បាន​ផ្ដួចផ្ដើម​ឱ្យមាន​ការស្ថាបនា​ច្រាំង​នេះ​ឡើង ដោយ​ប្រើប្រាស់​ថវិកា​គុណប្រយោជន៍​ខេត្ត​ដែល​​ជា​គម្រោង​ពហុ​ឆ្នាំ ដោយមាន​ការគាំទ្រ​ពី​ក្រុមប្រឹក្សា​ខេត្ត លោកស្រី​ប្រធាន​ក្រុមការងារ លោក​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លោក​បញ្ជាក់ថា ច្រាំងទន្លេ​ថ្មី​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់ គឺ​ទី​ ១- លើកកម្ពស់​សោភណភាព ទី ២-​ លើកកម្ពស់​សុខុមាលភាព​សង្គម​តាមរយៈ​ការផ្ដល់​ជា​លម្ហ​បៃតង​ និង​ជា​ទីតាំង​សម្រាប់​ហាត់ប្រាណ ទី​ ៣- ​សម្រាប់​ជា​វេទិកា​ប្រណាំងទូក និង​ទី​ ៤- ​ជា​ទីតាំង​ទេសចរណ៍​សម្រាប់​ប្រជាពលរដ្ឋ​មក​កម្សាន្ត​។

លោក សំ ចិន្ដា ពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តស្វាយរៀង អាយុ ៤០ ​ឆ្នាំ​បាន​ថ្លែងថា ក្នុង​នាម​ជា​អ្នករស់នៅ​ខេត្ត​នេះ​យូរ​ឆ្នាំ​មកហើយ លោក​មាន​ការសប្បាយចិត្ត​ចំពោះ​សមិទ្ធផល​ថ្មី​នេះ ដែល​ធ្វើឱ្យ​ពលរដ្ឋ​បាន​ដើរ​កម្សាន្ត​ក្នុង​សួនច្បារ​ផង និង​ហាត់ប្រាណ​ដើម្បី​សុខភាព​ផង​។

លោក​ថា​៖ «​នេះ​គឺ​សមិទ្ធផល​ល្អ​ប្រសើរ​មួយ​ប្រចាំខេត្ត​ដែល​សួនច្បារ​នេះ​សម្រាប់​ពលរដ្ឋ​ទូទៅ​ទៅលេង​កម្សាន្ត ហាត់ប្រាណ ហើយ​នេះ​ជាការ​ប្រសើរ​មួយ​ដែល​ខេត្ត​បាន​អភិវឌ្ឍ​ឡើង​»​។

យ៉ាងនេះ​ក្តី លោក​ស្នើ​ដល់​អាជ្ញាធរខេត្ត​រៀប​ផ្លូវថ្នល់​ឱ្យមាន​សណ្តាប់ធ្នាប់ ​និង​ពង្រឹង​ច្បាប់​ចរាចរណ៍ ខណៈ​លោក​សង្កេតឃើញ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​នេះ​កើត​ស្ទើរ​រៀងរាល់ថ្ងៃ​។

លោក​ថា​៖ «​រាល់ថ្ងៃ ស្វាយរៀង​គ្រោះថ្នាក់​ចរាចរណ៍​ខ្លាំង អ៊ីចឹង​ខ្ញុំ​សំណូមពរ​ថា​រដ្ឋាភិបាល អាជ្ញាធរខេត្ត គួររៀបចំ​ប្រព័ន្ធ​ផ្លូវថ្នល់​ឱ្យ​ធំ មាន​ពុះ​ទ្រូង​កណ្តាល ដើម្បី​បង្ការ​គ្រោះថ្នាក់ ហើយ​នេះ​ជា​ចំណុច​មួយ​ដែល​សំខាន់​ហើយ​ខ្ញុំ​ក៏​ចង់បាន​បែបនេះ​ដែរ​»​។

ជាមួយ​គ្នានេះ លោក​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​ពលរដ្ឋ​ឱ្យ​ចូលរួម​ថែរក្សា​សមិទ្ធផល​ថ្មី​នេះ​ដើម្បី​ប្រើប្រាស់​ឱ្យបាន​យូរអង្វែង​​ដោយ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឱ្យបាន​ល្អ ហើយ​អាជ្ញាធរ​ក្រុង​ត្រូវ​រៀបចំ​ដាក់​ធុងសំរាម​ឱ្យបាន​ច្រើន​កន្លែង និង​ឱ្យមាន​ការសម្អាត​ជាប្រចាំ​។

លើសពីនេះ លោក ម៉ែន វិបុល បាន​ជំរុញ​ឱ្យ​បន្ត​ចូលរួម​ពិនិត្យ​នៅ​មូលដ្ឋាន​ដើម្បី​បង្ការ ទប់ស្កាត់​ករណី​គ្រឿងញៀន​គ្រប់​ប្រភេទ និង​ត្រូវ​ពង្រឹង​ការងារ សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ និង​កិច្ចដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នាពេល​ខាងមុខ​ឱ្យបាន​ល្អប្រសើរ​៕