ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ប្រកាស​រៀបចំ​ការប្រកួត​សរសេរ​សំបុត្រ​ថ្នាក់ជាតិ​លើកដំបូង ដើម្បី​ផ្តល់ឱកាស​ដល់​សិស្សានុសិស្ស អាយុ​ចាប់ពី ៩ ​ឆ្នាំ ដល់ ​១៥​ ឆ្នាំ បង្ហាញ​ស្នាដៃ​ក្នុង​ការ​សរសេរ​សំបុត្រ ដោយ​គំនិត​ច្នៃប្រឌិត ទេពកោសល្យ និង​ការយល់ដឹង​របស់ខ្លួន ដោយ​ជំរុញ​ការយល់ដឹង និង​ការប្រើប្រាស់​សេវា​ប្រៃសណីយ៍​នៅ​កម្ពុជា​។

លិខិត​ជូនដំណឹង​ចេញ​ថ្ងៃទី ៨ មេសា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឱ្យដឹងថា ដើម្បី​ផ្តល់ឱកាស​ឱ្យ​សិស្សានុសិស្ស​បង្ហាញ​ស្នាដៃ​ក្នុង​ការសរសេរ​របស់​ខ្លួន និង​ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់ គំនិត​ច្នៃប្រឌិត ទេពកោសល្យ​នៃ​ការសរសេរ ព្រមទាំង​ជំរុញ​ការយល់ដឹង និង​ការប្រើប្រាស់​សេវា​ប្រៃសណីយ៍​នៅ​កម្ពុជា ក្រសួង​បាន​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​សរសេរ​សំបុត្រ​ថ្នាក់ជាតិ​លើក​ទី​១ ឆ្នាំ​ ២០២២ លើ​ប្រធានបទ “​សរសេរ​សំបុត្រ​ទៅ​អ្នក​ដែលមាន​ឥទ្ធិពល​ស្តីពី​មូលហេតុ និង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ Write a letter to an influential person about why and how to take action on climate change”​។

លិខិត​ដដែល​បាន​បញ្ជាក់ថា បេក្ខជន​ជយលាភី​នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ព្រមទាំង​ត្រូវ​ជ្រើសរើស​បន្ត​ឱ្យ​ចូលរួម​ជា​តំណាង​របស់​កម្ពុជា​ក្នុង​កម្មវិធី​ប្រកួតប្រជែង​កម្រិត​អន្តរជាតិ ដែល​រៀបចំ ដោយ​សហភាព​ប្រៃសណីយ៍​សកល​ (Universal Postal Union) ។

ចំពោះ​លក្ខខណ្ឌ​ក្នុង​ការចូលរួម ក្រសួង​បានឱ្យដឹងថា ជា​សិស្សានុសិស្ស​ត្រូវមាន​សញ្ជាតិ​ខ្មែរ និង​មាន​អាយុ​ពី ៩ ​ឆ្នាំ ដល់ ១៥ ​ឆ្នាំ (​គិត​ត្រឹម​ថ្ងៃទី ​១ ខែឧសភា ឆ្នាំ​ ២០២២)​។ សរសេរ​សំបុត្រ​ដោយ​ដៃ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស និង​មិនត្រូវ​លើសពី ៨០០ ​ពាក្យ ឬ ២ ​ទំព័រ ហើយ​ផ្ញើ​ពាក្យ​ចុះឈ្មោះ​ចូលរួម​ប្រកួត និង​សំបុត្រ​ដែល​បាន​សរសេរ​រួច​តាមរយៈ​សេវា​ប្រៃសណីយ៍​អនុសិដ្ឋ (Registered Mall) របស់​ប្រៃសណីយ៍​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។ ឬក៏​អាច​ប្រើប្រាស់​សេវា​បញ្ញើ​ឆាប់រហ័ស​ឯកជន​មក​អាសយដ្ឋាន អគារ​លេខ​ ១៣ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ១២០២១០” យ៉ាងយូរ​ត្រឹម​ថ្ងៃទី​ ១៩ ខែមេសា ឆ្នាំ​ ២០២២​។

ក្រសួង​ប្រៃសណីយ៍​បញ្ជាក់ថា​៖ «​ការជ្រើសរើស​នឹងត្រូវ​ធ្វើជា​ ២ ​ដំណាក់កាល​ទី​ ១ អត្ថបទ​ដែល​ចូលរួម​ទាំងអស់​នឹងត្រូវ​គណៈកម្មការ​វាយតម្លៃ និង​ដាក់ពិន្ទុ​ផ្អែកលើ​គំនិត​ច្នៃប្រឌិត សិល្បៈ​នៃ​ការសរសេរ និង​អត្ថន័យ និង​ដំណាក់កាល​ទី​ ២ ម្ចាស់​អត្ថបទ​ដែល​បាន​ពិន្ទុ​ច្រើនជាងគេ​ចំនួន ​១០ [​រូប​] នឹងត្រូវ​អញ្ជើញ​មក​ធ្វើ​បទបង្ហាញ​ពី​អត្ថន័យ​នៃ​សំបុត្រ​របស់ខ្លួន​នៅ​ថ្ងៃទី​ ២៥ ខែមេសា ឆ្នាំ​ ២០២២»​។

ក្រសួង​បញ្ជាក់ទៀតថា អ្នកចូលរួម​ត្រូវ​សរសេរ​សំបុត្រ​ដោយ​ខ្លួនឯង​ផ្ទាល់ ខ្លឹមសារ​លិខិត​ដែល​លួច​ចម្លង​ទាំង​ស្រុង ឬ​ដោយ​ផ្នែក​ពី​អត្ថបទ​ផ្សេង ពុំ​ត្រូវបាន​វាយតម្លៃ​។ ចំណែក​សំបុត្រ​ដែលមាន​កាលបរិច្ឆេទ​ធ្វើ​ក្រោយ​ថ្ងៃ​កំណត់​ខាងលើ មិនត្រូវ​បាន​ទទួល​សម្រាប់​ការវាយតម្លៃ​ឡើយ​។

លោក​ សុខ ឡាក់ សហស្ថាបនិក​បណ្ណាល័យ​បញ្ញវន្ត​ថ្លែង​នៅ​ថ្ងៃទី​ ១០ មេសា​ថា ការចូលរួម​របស់​ក្រសួង​ប្រៃសណីយ៍​ក្នុង​វិស័យ​និពន្ធ​គឺជា​ការធ្វើ​វិភត្តិកម្ម​មួយ​ក្នុង​វិស័យ​អ្នកនិពន្ធ និង​ជា​ការជំរុញ​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ចាប់ផ្តើម​ចេះ​ទំនាក់ទំនង​គ្នា តាមរយៈ​ការសរសេរ ការនិពន្ធ​ផងដែរ​។ ម្យ៉ាងវិញ​ទៀត​ក្រសួង​ប្រៃសណីយ៍ គឺជា​អ្នក​ដើរតួនាទី​ក្នុង​ការផ្ញើ​សារ ផ្ញើ​សំបុត្រ​ទៅ​បណ្តា​ខេត្ត និង​ពិភពលោក​។

លោក​ថ្លែងថា​៖ «​នេះ​ជា​យន្តការ​មួយ​ដើម្បី​បំផុស ហើយ​មួយទៀត​វា​អាចធ្វើឱ្យ សេវាកម្ម​ប្រៃសណីយ៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ដំណើរការ​ល្អ​ដែរ នៅពេល​ដែលមាន​គេ​ប្រើប្រាស់​ច្រើន​។ ខ្ញុំ​សង្ឃឹម ថា ការចូលរួម​ក្នុង​ការប្រកួតប្រជែង​នេះ ក៏​ធ្វើឱ្យ​សេវាកម្ម​ប្រៃសណីយ៍ ដែលមាន​ភាពរអាក់រអួល​ក្នុង​ប្រទេស​យើង​នោះ កាន់តែ​ប្រសើរឡើង​ជាង​មុន​»​។

លោក​បញ្ជាក់ថា ការសរសេរ​តាមពិត​មានការ​បណ្តុះបណ្តាល​ពី​សាលារៀន​រួចមកហើយ​។ ហេតុនេះ បើសិនជា​ក្រសួង​មាន​ការបំផុស​បន្ថែមទៀត​បែបនេះ ជា​វិធីសាស្ត្រ​មួយ​ដែល​ធ្វើឱ្យ​សិស្សានុសិស្ស​កាន់​តែមាន​ភាពប្រសើរ​ឡើង​ក្នុងការ​ទំនាក់ទំនង​៕