ភ្នំពេញៈ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​អំពាវនាវ​ និង​ស្នើ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រក្សា​ការទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​នៅក្នុង​ទីតាំង​រៀងៗ​ខ្លួន​ឱ្យបាន​ស្អាត​ល្អ និង​មិនត្រូវ​បញ្ចេញ​សំរាម​ដាក់​នៅតាម​ដងផ្លូវ​សាធារណៈ​ឡើយ​ក្នុងអំឡុងពេល​នៃ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​ ៣​ ថ្ងៃ​ខាងមុខនេះ​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ៨ ខែមេសា បាន​ធ្វើ​ការជូន​ដំណឹង​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ឱ្យ​រក្សា​ និង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ ៣ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ​១៤ ដល់​​ទី​ ១៦ ខែមេសា ដោយសារ​កម្មករ​-​កម្មការិនី​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ទាំង ​៣ ​នឹងត្រូវ​សម្រាក​ពី​ការងារ​។

លោក​បាន​ថ្លែងថា​៖ «​នៅក្នុង​អំឡុងពេល​ការឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ ការផ្តល់សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង​ក្នុង​រាជធានី​ភ្នំពេញ នឹង​ប្រព្រឹត្តទៅ​មិនបាន​ពេញលេញ​ដូច​រៀងរាល់ថ្ងៃ​នោះទេ សម្រាប់​រយៈពេល ៣ ​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​ ១៤ ដល់​ថ្ងៃទី​ ១៦ ខែមេសា ឆ្នាំ​ ២០២២ ដោយសារ​បងប្អូន​កម្មករ​-​កម្មការិនី​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​សម្រាក​»​។

លោក ឃួង ស្រេង ថា​៖ «​អាស្រ័យ​ហេតុនេះ ដើម្បី​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន និង​សោភណភាព​របស់​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ សូមមេត្តា​យោគយល់ និង​អធ្យាស្រ័យ កុំ​បញ្ចេញ​សំរាម​មក​ដាក់​នៅតាម​ដងផ្លូវ​សាធារណៈ​នៅក្នុង​អំឡុង​ពេលដែល​ការផ្តល់សេវា​មិនបាន​ពេញលេញ​នេះ ដោយ​សូម​រក្សា​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​នៅក្នុង​ទីតាំង​រៀងៗ​ខ្លួន​ជា​បណ្តោះអាសន្ន​សិន​»​។

លោក ជួន លីនដា ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌដង្កោ រាជធានី-​ភ្នំពេញ​បាន​ឱ្យដឹងថា ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​នៃ​បុណ្យ​ចូលឆ្នាំនេះ​នឹងមាន​សំរាម​គរ​ច្រើន ដូចជា​រៀងរាល់ឆ្នាំ​ដែរ ប៉ុន្តែ​លោក​សង្ឃឹមថា សេវាកម្ម​នៃ​ការប្រមូល​នឹង​បានល្អ និង​រហ័ស​បន្ទាប់ពី​បញ្ចប់​ពេល​ចូលឆ្នាំ​មកវិញ​។ ​លោក​ថា​៖ «​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ទុកដាក់​សំរាម​បានល្អ​នៅតាម​មុខ​គេហដ្ឋាន​របស់​ពួកគាត់ ប៉ុន្តែ​វា​តែងតែមាន​អ្នក​រើស​អេតចាយ​មក​ហែក​ស្បោង និង​ធ្វើឱ្យ​សំរាម​ដែល​យើង​ចងទុក​ដាក់​ស្អាត​ហើយ​នោះមក​ជា​រញ៉េរញ៉ៃ​វិញ​»​។

មន្ត្រីជាន់ខ្ពស់​ឱ្យដឹងថា ក្នុង​រាជធានី​ភ្នំពេញ​មាន​សំរាម​ចន្លោះ​ពី​ ២ ៧០០ ទៅ​ ៣ ០០០ ​តោន​ក្នុង ១​ ថ្ងៃ​៕