កំពង់ស្ពឺៈ រោងចក្រ​សម្ងួត​ក្រណាត់​មួយ​នៅ​ភូមិ​បាញ់​កង្កែប ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបាន​អគ្គិភ័យ​ឆេះ​កាលពី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី ​៨ ​មេសា​បណ្ដាលឱ្យ​​ខូចខាត​សម្ភារ​ជាច្រើន​ក្នុងនោះ​​មាន​រថយន្ត​កូរ៉េ​ចំណុះ​ ៣ ​តោន​កន្លះ​ ១ ​គ្រឿង​អេស្កាវ៉ាទ័រ​ ១ ​គ្រឿង​ និង​ម៉ាស៊ីន​សម្រាប់​កិនកម្ទេច​ក្រណាត់​ ២ ​គ្រឿង​ផងដែរ​។

លោក ជុន ចាន់ដេត អធិការរង​នគរបាល​ស្រុក​សំរោងទង​ទទួល​ផែន​សណ្តាប់ធ្នាប់​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ១០ មេសា ថា ករណី​ឆេះ​រោងចក្រ​សម្ងួត​កម្ទេច​ក្រណាត់​កាលពី​រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃទី​ ៨​ មេសា បើ​ផ្អែក​តាម​ការស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​ការិយាល័យ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​គឺ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​ក្នុង​រោងចក្រ ។

លោក​ថ្លែងថា​៖ «​ចំពោះ​លទ្ធផល​នៃ​ការស្រាវជ្រាវ ក្រោយ​កើតហេតុ​បង្ហាញថា មិនមាន​នរណា​ដុត​ ឬ​បង្កឱ្យមាន​អគ្គិភ័យ​ទេ តែ​អគ្គិភ័យ​វា​កើតឡើង​មកពី​ឆ្លង​ចរន្តអគ្គិសនី​។ វា​មិន​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ទេ​»​។

បើតាម​លោក ចាន់ដេត ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ឆេះ​រោងចក្រ​នេះ​គឺ​សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​កំពង់ស្ពឺ​ ១​ គ្រឿង រថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោងទង​ ១ ​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​ ១​ គ្រឿង និង​ប្រើ​ទឹក​អស់​ ២៣ ​ឡាន​។

លោក​បន្តថា ចំពោះ​ការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការឆេះ​នេះ​គឺ​ត្រូវបាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី ​៨​ មេសា ក្រោយពី​កម្លាំង​សមត្ថកិច្ច​ចំណាយពេល​បាញ់​ទឹក​ពន្លត់​អស់​ប្រមាណ​ ១០ ​ម៉ោង​គឺ​ពី​វេលា​ ១២​ រំលង​អធ្រាត្រ​​ថ្ងៃទី ​៨ មេសា រហូតដល់​ម៉ោង​ ១២ ​ថ្ងៃត្រង់ ក្នុង​ថ្ងៃ​ដដែល​។

រីឯ​រោងចក្រ​នេះ​មានការ​ខូចខាត​សម្ភារ​មួយចំនួន​ក្នុង​នោះ​មាន​រថយន្ត​កូរ៉េ​ចំណុះ​ ៣​ តោន​កន្លះ​ ១ ​គ្រឿង អេស្កាវ៉ាទ័រ​ ១ ​គ្រឿង និង​ម៉ាស៊ីន​សម្រាប់​កិនកម្ទេច​ក្រណាត់​ ២ ​គ្រឿង​ផងដែរ​។

លោក យ័ន្ត សន នាយ​នគរបាល​ប៉ុស្តិ៍​ត្រពាំងគង ប្រាប់​នៅ​ថ្ងៃទី​ ១០ មេសា​ថា រោងចក្រ សម្ងួត​កម្ទេច​ក្រណាត់​នេះ​គ្រប់គ្រង​ដោយ​បុរស​ឪពុក​កូន​ ២​ នាក់​ជា​ជន​ជាតិចិន ដែល​ឪពុក​នោះ​មាន​អាយុ​ជាង​ ៦០ ​ឆ្នាំ រីឯ​កូនប្រុស​នោះ​អាយុ​ជាង​ ២០​ ឆ្នាំ​។ ចំណែក​រោងចក្រ​នោះ​មាន​ទំហំ​បណ្តោយ​ប្រវែង​ ១៧០ ​ម៉ែត្រ និង​ទទឹង​ប្រវែង ៣០​ ម៉ែត្រ​។ ប៉ុន្តែ​អគ្គិភ័យ​បាន​ឆេះ​ត្រឹម​ពាក់កណ្តាល​នៃ​រោងចក្រ​ទៅខាង​ក្រោយ​ទេ ចំណែក​ពាក់កណ្តាល​រោងចក្រ​មក​ខាងមុខ​គឺ​មិន​ត្រូវបាន​ខូចខាត​ទេ​។

លោក​បន្តថា នៅក្នុង​រោងចក្រ​នោះ​មានតែ​បុរស​ជនជាតិ​ចិន​ ២​ នាក់​ឪពុក​កូន​តែប៉ុណ្ណោះ​ហើយ​បានមក​ទិញ​ដី​បើក​ជា​រោងចក្រ​សម្ងួត​កម្ទេច​ក្រណាត់ ប៉ុន្តែ​លោក​មិនដឹងថា ក្រណាត់​ដែល​សម្ងួត​រួចហើយ​គេ​យកទៅ​កែច្នៃ​ធ្វើ​អ្វី​ទៀត​នោះទេ​។

លោក​ថា​៖ «​រោងចក្រ​មួយ​ហ្នឹង​គឺ​គេ​កិន​សម្ងួត​ហើយ​គេ​រៀប​ឡើង​ជា​ជង់ៗ ហើយ​ដឹកចេញ​ពី​រោងចក្រ​តែ​ខ្ញុំ​មិនដឹងថា​គេ​យកទៅ​ធ្វើ​អ្វី​ទេ​»៕