មណ្ឌលគិរីៈ មន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី​សហការ​ជាមួយ​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ត​នេះ គ្រោង​រៀបចំ​កម្មវិធី​រំឭក​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ពីថ្ងៃ​ទី​ ១១ ដល់ទី​ ១២ ខែមេសា នៅ​បរិវេណ​ភ្នំ​ដោះ​ក្រមុំ​ក្នុង​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង​ថែរក្សា​វប្បធម៌​ជនជាតិដើម​ភាគតិច​។

លោក សី ទូច ប្រធាន​មន្ទីរវប្បធម៌​ខេត្តមណ្ឌលគិរី​បាន​ឱ្យដឹងថា ក្នុង​លិខិត​ដាក់ជូនទៅ​រដ្ឋបាលខេត្ត​មណ្ឌលគិរី​នៅ​ដើមខែ​នេះ​ថា បងប្អូន​ប្រជាពលរដ្ឋ​ចាស់ទុំ យុវជន អាជីវករ និង​មន្ត្រីរាជការ​ជា​ជនជាតិដើម​ភាគតិច​ទាំងអស់​នៅក្នុង​ខេត្ត​មណ្ឌលគិរី​បាន​សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បាន​ឯកភាព និង​សម្របសម្រួល​រៀបចំ​កម្មវិធី​រំឭក​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ខេត្តមណ្ឌលគិរី ដើម្បី​ពង្រឹង​អត្តសញ្ញាណ ប្រពៃណី​វប្បធម៌​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​នេះ​។ ​លោក​បញ្ជាក់ថា​៖ ​គោលបំណង​​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ មក​ទស្សនា​កម្សាន្ត និង​ស្វែងយល់​អំពី​តម្លៃ​វប្បធម៌ និង​ដើម្បី​ចូលរួម​ថែរក្សា​អភិរក្ស និង​ជាពិសេស ដើម្បីឱ្យ​យុវជន​ដែលជា​ជនជាតិដើម​ភាគតិច​ចូលរួម​ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់​ដ៏​មានតម្លៃ​របស់ខ្លួន​»​។

លោក​បន្តថា កម្មវិធី​រំឭក​វប្បធម៌​ជនជាតិដើម​ភាគតិច​នេះ​បាន​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​គឺ​នៅ​ថ្ងៃទី​ ១២ ខែមេសា ជាក់ស្តែង​នៅ​ឆ្នាំ​ ២០១៨ គឺ​បានធ្វើ​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា និង​ឆ្នាំ​ ២០១៩ បាន​ប្រារព្ធ​នៅ​មជ្ឈមណ្ឌល​​វប្បធម៌​ជនជាតិដើម​ភាគតិច​ភ្នំ​ដោះក្រមុំ​ (​ប៉ុន្តែ​នៅ​ឆ្នាំ​ ២០២០​ និង​ ២០២១​ មិនបាន​ប្រារព្ធ​ទេ​ដោយសារតែ​ជំងឺ​កូរីដ​ ១៩)​។

ដោយឡែក​សម្រាប់​ឆ្នាំ​ ២០២២ នេះ កម្មវិធី​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ ២​ ថ្ងៃ​គឺ​ថ្ងៃទី​ ១១ ​ដល់​ ១២ ខែមេសា​នៅ​ទីតាំង​ភ្នំ​ស្រុះផ្លុំ (​ភ្នំ​ដោះក្រមុំ​) ​ក្នុង​ភូមិ​ដោះក្រមុំ សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី​។

លោក គ្រើង តុលា អ្នក​ប្រឹក្សា​យោបល់​ក្រុមការងារ​បណ្តាញ​សហគមន៍​ជនជាតិដើម​ភាគតិច​ខេត្តមណ្ឌលគិរី​បានឱ្យដឹង​នៅ​ថ្ងៃទី​ ១០ ខែមេសា​ថា ការបៀប​ចំ​កម្មវិធី​រំឭក​វប្បធម៌​ជនជាតិដើម​ភាគតិច​នេះ ជាការ​បង្ហាញ និង​រំឭក​ឱ្យ​យុវជន​ជំនាន់​ថ្មី​ជួយ​ថែរក្សា​វប្បធម៌​ប្រពៃណី​ជនជាតិដើម​ភាគតិច​។ មួយវិញទៀត​គឺជា​ការបង្ហាញ​ឱ្យ​ពិភពលោក​បាន​ស្គាល់​ពី​ជនជាតិ​ដើម​ភាគតិច ពិសេស​ធ្វើឱ្យ​ភ្ញៀវទេសចរ​មានការ​ចាប់​អារម្មណ៍​ផងដែរ ។

លោក​ តុលា បាន​បន្តថា កម្មវិធី​នេះ​ធ្វើឡើង​ដំបូង​នៅក្នុង​ឆ្នាំ​ ២០១៨ និង​បាន​ផ្អាក​រយៈពេល​ ២ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០ និង​ ២០២១) ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ។ លោក​​ថា ឆ្នាំនេះ ជាការ​ធ្វើ​រំឭក​ជា​លើក​​ទី​ ៣ និង​មានការ​ចូលរួម​ពី​មន្ទីរ​-​វប្បធម៌​ជា​លើកដំបូង​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការចូលរួម​របស់​មន្ទីរវប្បធម៌​ជា​រឿង​ល្អ ហើយ​វា​ក៏​ជា​កាតព្វកិច្ច​របស់​មន្ទីរវប្បធម៌​ផងដែរ ។ យើង​គិតថា យើង​អបអរសាទរ នៅពេល​​ដែល​អាជ្ញាធរ​ចូលរួម​ជួយ​ការពារ ជួយ​អភិរក្ស និង​ផ្សព្វផ្សាយ​វប្បធម៌​ជនជាតិដើម​ភាគតិច​» ។

លោក សី ទូច ប្រធាន​មន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​​មណ្ឌលគិរី​បានបញ្ជាក់​បន្ថែម​នៅ​ថ្ងៃទី​ ១០ ខែមេសា​ថា ផែនការ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ១២ ខែមេសា គឺ​បងប្អូន​ជនជាតិដើម​ភាគតិច​រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​ដើរ​ជា​ក្បួន​ដើម្បី​បង្ហាញ​នូវ​វប្បធម៌ សម្លៀកបំពាក់ ឧបករណ៍​ភ្លេង និង​របស់​ប្រើប្រាស់​ផ្សេងៗ​ព្រមទាំង​ចម្រៀង​ផងដែរ​។ ការដើរ​នេះ​ធ្វើឡើង​នៅពេល​ព្រឹក​ចាប់ពី​ជើងភ្នំ​ដោះ​ក្រមុំ ឆ្ពោះទៅកាន់​សួនច្បារ​ក្នុង​ក្រុង​សែនមនោរម្យ ទើប​ត្រឡប់​វិញ​។

លោក​ប្រធាន​មន្ទីរ​ប្រាប់ថា អ្វីដែល​ប្រជាពលរដ្ឋ​ជា​ជនជាតិ​​ដើម​ភាគតិច​ត្រូវ​ផ្សព្វផ្សាយ​នោះ គឺមាន​ការធ្វើជា​ផ្ទះ​គំរូ​ជនជាតិ​ដើម​ភាគតិច​ ១​ ខ្នង​ដែលមាន​ភាពស្អាត និង​ទាក់ទាញ ដែល​នៅក្នុង​ផ្ទះ​នោះ​មាន​តាំងរបស់​ជាច្រើន​បង្ហាញ​ពី​ជីវភាព​​របស់​ជនជាតិដើម​ភាគតិច​។ លោក​បន្តថា ក្នុង​កម្មវិធី​នោះ​ក៏​មាន​រៀបចំ​ជា​ស្តង់​ពិព័រណ៍​សម្រាប់​ដាក់​បង្ហាញ​ផលិតផល និង​វប្បធម៌​ជនជាតិដើម​ភាគតិច​តាម​ភូមិ​ដែលមាន​តំណាង​មកពី​តាម​បណ្តា​ស្រុក​សរុប​ចំនួន​ ៥​ ទៅ​ ៦​ ស្តង់​ផងដែរ​។

លោក​ថ្លែងថា​៖ «​ក្នុង​កម្មវិធី​ហ្នឹង​យើង​មានការ​លេងល្បែង​ប្រជាប្រិយ​ជនជាតិដើម​ភាគតិច​ដែល​គាត់​បាន​ចេះដឹង​ពី​ចាស់ៗ ហើយ​ក្នុង​ហ្នឹង​ក៏មាន​ចាស់ទុំ​របស់គាត់​មក​ដឹកនាំ​ដែរ​។ មានការ​សម្តែង​របាំ ចម្រៀង អី​ផ្សេងៗ​អ៊ីចឹងទៅ និយាយរួម​ទាក់ទង​វប្បធម៌​ជនជាតិដើម​ភាគតិច​តែម្តង​ដែល​គាត់​រំឭក​ឡើងវិញ ហើយ​គោលបំណង​យើង​គឺ​ចង់ឱ្យ​យុវជន​ជា​អ្នក​បន្តវេន​បាន​យល់ ព្រោះ​កន្លងមក​មិនសូវមាន​អ្នក​ចាប់​អារម្មណ៍​ទេ​»៕