កំពង់ស្ពឺៈ បៃតង​សង្ក្រាន្ត​មិនមែន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ និង​បង្ហាញ​ពី​វប្បធម៌​សិល្បៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ឱកាស​នៃ​ការបណ្តុះ​ស្មារតី​ពលរដ្ឋ​ឱ្យ​ចេះ​គោរព​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ​កាន់តែខ្លាំង និង​ជា​សកម្មភាព​មួយ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន មុខរបរ និង​បង្កើន​ចំណូល​សម្រាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ផងដែរ​។ នេះ​ជាការ​ថ្លែង​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​ជា​អធិបតី​បើក​ព្រឹត្តិការណ៍ «​បៃតង​សង្ក្រាន្ត​» រៀបចំ​ដោយ​ក្រុមយុវជន​ស្ម័គ្រចិត្ត​ជួយ​សង្គម​បៃតង​វ៉ររៀរស៍ នៅ​ទំនប់​ពាមល្វា ឃុំ​ត្រពាំងជោរ​ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​ ៨ ខែមេសា ឆ្នាំ​ ២០២២​។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែងថា នៅក្នុង​ឃុំ​ត្រពាំងជោរ​មានព្រៃ​សហគមន៍ និង​មាន​បឹង​ធម្មជាតិ​ដ៏​ពោរពេញ​ដោយ​សក្តានុពល​ទេសចរណ៍ ត្រូវបាន​ក្រុមយុវជន​ស្ម័គ្រចិត្ត​ជួយ​សង្គម បៃតង​វ៉ររៀរស៍ បាន​ចូលរួម​ជួយ​រៀបចំ និង​អភិវឌ្ឍ​ផែនការ ដើម្បី​ជួយ​ចូលរួម​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​នៅ​តំបន់​នោះ​តាមរយៈ​ទេសចរណ៍​ធម្មជាតិ និង​កាត់បន្ថយ​ការពឹង​អាស្រ័យ​លើ​ធនធាន​ធម្មជាតិ ដើម្បី​ជីវភាព​ប្រចាំថ្ងៃ​។ ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ក្រសួងបរិស្ថាន និង​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​។

លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា​៖ «​សម្រាប់​ពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ជោរ មាន​កេរមរតក​ធម្មជាតិ​គឺ​បឹង​ពាម​ល្វា ព្រៃ​សហគមន៍ មាន​ព្រៃភ្នំ​ព័ទ្ធជុំវិញ ដែល​នេះ​គឺជា​សម្បត្តិ​ធម្មជាតិ​ដ៏មានតម្លៃ​ដែល​អាច​ទាញ​បាន​ផលប្រយោជន៍​មិនចេះ​រីងស្ងួត​ពី​ទេសចរណ៍​ធម្មជាតិ បង្កើត​មុខរបរ​ថ្មី​ជូន​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​»​។

លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​គ្នា​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ព្រៃឈើ សត្វព្រៃ​ដែលមាន​នៅ​តំបន់​នេះ ត្រូវធ្វើ​យ៉ាងណា​រក្សា​ការពារ​ឱ្យបាន​នូវ​សម្រស់​ធម្មជាតិ​នៅ​តំបន់​នេះ កុំឱ្យ​បាត់បង់​ដើម្បី​ប្រភព​ចំណូល​ពី​ទេសចរណ៍ធម្មជាតិ​។ នៅក្នុង​ព្រឹត្តិការណ៍ «​បៃតង​សង្ក្រាន្ត​» មានការ​រៀបចំ​តូប​បង្ហាញ​ផលិតផល​របស់​សហគមន៍​ដើម្បី​បង្ហាញ​ដល់​អ្នកចូលរួម​អំពី​ប្រភេទ​មុខម្ហូប និង​ផលិតផល​ផ្សេងៗ​ដែល អ្នក​ឃុំ​ត្រពាំងជោរ មាន​។ មិនតែប៉ុណ្ណោះ​ក៏មាន​ការរៀបចំ​តាំង​ស្នាដៃ​សិល្បៈ​ដែល​កែច្នៃ​ពី​សំណល់​សំរាម​ប្លាស្ទិក និង​សំណល់​ផ្សេងទៀត​ដ៏​គួរឱ្យ​ទាក់ទាញ ព្រមទាំង​មាន​ការតាំងពិព័រណ៍​ពី​អន្ទាក់ កាំភ្លើង​កែច្នៃ រណារយន្ត​ដែលជា​ឧបករណ៍​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ព្រៃឈើ សត្វព្រៃ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​លោក នេត្រ ភក្ត្រា​។

លោក តាន់ គឹមសួរ ប្រធាន​គម្រោង​ព្រឹត្តិការណ៍​បៃតង​សង្ក្រាន្ត​ថ្លែងថា​ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ក្នុង​អត្ថន័យ​ដ៏ជ្រាលជ្រៅ ដើម្បី​រួមចំណែក​ក្នុង​ការលើកស្ទួយ​វប្បធម៌ និង​អភិរក្ស​ព្រៃឈើ​កម្ពុជា ក៏ដូចជា​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។ លោក បញ្ជាក់ថា ព្រឹត្តិការណ៍​បៃតង​សង្ក្រាន្ត គឺជា​ចលនា​មួយ​នៃ​ការផ្សារភ្ជាប់​រវាង​មនុស្ស និង​មនុស្ស មនុស្ស និង​ធម្មជាតិ មនុស្ស និង​សិល្បៈ វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ និង​បណ្ដុះ​មនសិការ​យុវជន​ឱ្យ​ចេះ​ស្រឡាញ់ អភិរក្ស ថែរក្សា និង​អភិវឌ្ឍ​សម្បត្តិ​ធម្មជាតិ មរតក​វប្បធម៌​ជាតិ​។

លោក សរ សុពុត្រា អភិបាលរង​នៃ​គណៈអភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម​រៀបចំ​បៃតង​សង្ក្រាន្ត​នេះ​ឡើង​។ ព្រឹត្តិការណ៍​នេះ​បាននិង​កំពុង​តែ​ប្រែក្លាយ​ពី​តំបន់​ដែល​ឮ​សំឡេង​រណារយន្ត​កាប់បំផ្លាញ​ព្រៃឈើ​ទៅជា​កន្លែង​សប្បាយរីករាយ​។

លោក​ថា​៖ «​ក្នុងនាម​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​សូម​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​ទាំងឡាយ​ក្នុង​ការជំរុញ​ឱ្យ​តំបន់​បឹង​ពាម​ល្វា​ក្លាយជា​ទីកន្លែង​ទេសចរណ៍​ដ៏ទាក់ទាញ​មួយ​បន្ថែមទៀត សម្រាប់​គោលដៅ​ទេសចរណ៍​»​។ តំណាង​ក្រសួង​មួយចំនួន​បានបង្ហាញ​ការគាំទ្រ​ព្រឹត្តិការណ៍​នេះ​៕