ភ្នំពេញៈ​ រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ជ្រើស​រើស​យក​ប្រធាន​បទ «TVET បង្កើន​ផលិត​ភាព​ការងារ​ និង​ភាព​ប្រកួត​ប្រជែង​ខ្ពស់» សម្រាប់​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស​និង​វិជ្ជាជីវៈ​លើក​ទី​៥ នៅឆ្នាំ​នេះ​ ហើយ​បាន​កំណត់​យក​ថ្ងៃទី​ ១៥​ ខែមិថុនា​ ជា​រៀង​រាល់​ឆ្នាំ សម្រាប់​រៀបចំ​ពិធី​នេះ​​។ នេះ​បើ​តាម​សារាចរ​របស់​រាជ​រដ្ឋាភិ​បាល។

យោង​តាម​សា​រាចរ​ចុះ​ហត្ថ​លេខា​ដោយ ​លោក ហ៊ុន សែន នាយក​រដ្ឋម​ន្ដ្រី​នៃ​កម្ពុជា ​កាល​ពី​ថ្ងៃទី​៧ ​មេសា បាន​ឱ្យដឹង​ថា រាជ​រដ្ឋា​ភិ​បាល​កម្ពុជា បាន​កំណត់​យក​ថ្ងៃទី១៥ ​ខែមិថុនា​ជា​រៀង​រាល់​ឆ្នាំ ជា​ទិវា​ជាតិ​អប់រំ​បណ្តុះ ​បណ្តាល​បច្ចេក​ទេស ​និង​វិជ្ជា​ជីវៈ ​ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​ការអប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ និង​ធ្វើការ​ផ្សព្វ​ផ្សាយ​ទៅ​ដល់​សិស្សា​នុសិស្ស​ និស្សិត យុវជន មាតា​បិតា អា​ណា​ព្យា​បាល និង​ផ្នែក​ឯកជន​ឱ្យបាន​យល់​អំពី​សារៈ​សំខាន់​នៃ «កា​រអប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ ​ហៅ​ថា ធី​វេទ​ (TVET)​។

នៅ​ក្នុង​សារាចរ​នោះ​លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ការ​ប្រារព្ធ​ទិវា​នេះ​ក៏​ដើម្បី​ជំរុញ​ការអ​ភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកប​ដោយ​គុណ​ភាព និង​ប្រសិទ្ធ​ភាព ឱ្យ​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ផង​ដែរ។ ​ដូច្នេះ ទិវា​ជាតិ​លើក​ទី៥ ​នៅ​ថ្ងៃទី១៥ ​ខែមិថុនា​ ខាង​មុខ​នេះ ​នឹង​ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ​ «TVET បង្កើន​ផលិត​ភាព​ការងារ និង​ភាព​ប្រកួត​ប្រជែង​ខ្ពស់»​។

ដើម្បី​ឱ្យ​ទិវា​ជាតិ​នេះ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ប្រកបដោយ​ភាព​អធិក​អធម​ និង​មាន​ការ​ចូលរួម​ពី​គ្រប់ភា​គី​ពាក់ព័ន្ធ​លោក នាយក​រដ្ឋមន្ដ្រី បាន​ណែនាំ​ដល់​ក្រសួង ​ស្ថាប័ន​ពាក់​ព័​ន្ធា​នានា ក្នុង​នោះ​មាន ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ទទួល​បន្ទុក​រៀបចំ​ទិវា​ជាតិ​នេះ​ដោយ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​វិធាន​ការ​សុខាភិ​បាល​។

លោក​បន្ថែម​ថា ក្រសួង​ការងារ ​ត្រូវ​រៀបចំ​ផលិត​ជា​វីដេអូ និង​ខ្លឹម​សារ​ឯក​សារ​ផ្សេងៗ ដោយ​សហ​ការ​ជាមួយ​ក្រសួង ​ស្ថា​ប័ន​ពាក់​ព័ន្ធ​ រដ្ឋ​បាល​រាជ​ធានី ​ខេត្ត ​អង្គការ​ជាតិ អន្តរ​ជាតិ​ដៃគូ​អភិវឌ្ឍន៍​និង​វិស័យ​ឯកជន​ដើម្បី​ផ្សព្វ​ផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​ទូទាំង​ប្រ​ទេស​។

លោក​បាន​​បន្ត​ថាក្រសួង​ស្ថា​ប័ន​ពាក់​ព័ន្ធ​នានា​ត្រូវ​ចូល​រួម​សហ​ការ​គាំទ្រ​និង​ផ្សព្វ​ផ្សាយ​គ្រប់​មធ្យោ​បាយ​នានា​ដើម្បី​អប​អរ​សាទរ​ទិវា​ជាតិ​អប់រំ បណ្តុះ​បណ្តាល​បច្ចេក​ទេស​និង​វិជ្ជា​ជីវៈ លើក​ទី៥​ឆ្នាំ​២០២២ ​តាម​អង្គ​ភាព​រៀងៗ​ខ្លួន​។

ចំណែក ​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ ត្រូវ​ចូលរួម​សហ​ការ និង​គាំទ្រ​ដល់​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​ធ្វើការ​ផ្សព្វ​ផ្សាយ​ទិវា​ជាតិ​លើក​ទី៥ ​ឆ្នាំ​២០២២​នេះ ឱ្យ​កាន់​តែ​ផុល​ផុស និង​គ្រប់​មធ្យោ​បាយ​ដូច​ជា ការចង​ពាក្យ​ស្លោក ​បដា នៅតាម​ទីសា​ធារណៈ​ក្នុង​ដែន​ដី​របស់​ខ្លួន​។

រីឯ​រដ្ឋ​បាល​ខេត្តនីមួ​យៗ ត្រូវ​រៀបចំ​ទិវា​នេះ ដោយមា​ន​ការចូលរួម​ពី​មន្ទីរ​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ គ្រឹះស្ថា​ន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ​សា​ធារណៈ ឯក​ជន និង​អង្គការ​សមា​គម ដែល​ស្ថិត​ក្នុង​ដែន​ដី​របស់​ខ្លួន។​

លោក​នាយក​រដ្ឋ​មន្ដ្រី​បាន​បញ្ជាក់​ថា ​ទន្ទឹម​នឹង​នេះ រដ្ឋ​បាល​ខេត្តនីមួយៗ​ ត្រូវ​មាន​ចលនា​លើក​ទឹក​ចិត្ត​ឱ្យមាន​ការ​ចូលរួ​ម​ពី​វិស័យ​ឯក​ជន ​ក្រុម​ហ៊ុន រោង​ចក្រ ​សហ​គ្រាស និង​គ្រឹះ​ស្ថាន​ផង​ដែរ​។

ចំពោះក្រ​សួង​ព័ត៌​មាន ត្រូវ​ណែនាំ​ប្រព័ន្ធ​ឃោស​នា​របស់​រដ្ឋ ឯក​ជន និង​បណ្តាញ​សារព័ត៌​មាន​សង្គម​នានា ​រួមមាន​ វិទ្យុ ទូរ​ទស្សន៍​កាសែត និង​មធ្យោ​បាយ​ផ្សព្វ​ផ្សាយ​ផ្សេង​ទៀត ​ឱ្យផ្សព្វ​ផ្សាយ​សា​រាចរ​ សារ​លិខិត​ លោក ​ហ៊ុន សែន នាយ​ករ​ដ្ឋមន្ត្រី​នៃ​កម្ពុជា ​វីដេអូ និង​ខ្លឹម​សារ​ឯក​សារ​ផ្សេងៗ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជាតិ​នេះ​។

ក្រៅ​ពីនោះ ​លោកនា​យក​រដ្ឋមន្ដ្រី​ក៏បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា ​រដ្ឋ​បាល​រាជ​ធានី ​ខេត្ត រៀបចំ​ចង​បដា ពាក្យ​ស្លោក នៅ​តាម​អង្គភាព និង​ទីសា​ធារ​ណៈ តាម​ខ្លឹម​សារ​ដូច​ជា អប​អរសាទ​រ​ទិវា​ជាតិ​អប់រំ​ប​ណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ លើក​ទី៥ ​ឆ្នាំ២០២២! TVET បង្កើន​ផលិត​ភាព​ការ​ងារ និង​ភាព​ប្រកួត​ប្រជែង​ខ្ពស់!TVET ជួយ​ឱ្យ​មាន​ការងារ​សម​រម្យ និង​មាន​ប្រាក់​ចំណូល​ខ្ពស់! TVET ជំនាញ​ពិត ​ជីវិត​ប្រសើរ​! TVET ជា​សសរ​ស្តម្ភ​មួយ​នៃ​កិច្ច​គាំពារ​សង្គម​ជូន​ប្រជា​ពលរដ្ឋ!​ TVET ផ្តល់​ជំនាញ​ពិត ផ្តល់​ការ​ងារ​ និង​មុខ​របរ​សម​រម្យ! យុវ​ជន​ម្នា​ក់មាន​ជំនាញ​មួយ​យ៉ាង​តិច​ប្រចាំ​ជីវិត! ស្ត្រី ​និង​ជន​ជាតិ​ដើម​ភាគ​តិច ក៏​រៀន​ជំនាញ​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ​បាន​ដែរ​! TVET ដើម្បី​ទាំង​អស់​គ្នា!

ជា​មួយ​នេះ​ដែរ ​លោក​នាយ​ក​រដ្ឋ​មន្ដ្រី​បាន​អំពាវ​នាវ​ដល់​សាស្ត្រា​ចារ្យ ​លោក​គ្រូ អ្នកគ្រូ ​សិស្សានុ​សិស្ស ​និស្សិត មាតា​បិតា អា​ណាព្យា​បាល កម្មក​រនិយោ​ជិត និយោ​ជក អង្គការ​មិន​មែន​រដ្ឋាភិបា​ល ដៃគូ​អភិវឌ្ឍន៍​​និង​បង​ប្អូន​ជន​រួមជាតិ​ទាំងអស់ ​សូម​ចូល​រួម​និង​ផ្សព្វ​ផ្សាយ​ទិវា​ជាតិ​នេះ​ឱ្យ​បាន​ផុល​ផុស​ឱឡា​រិក ​អធិក​អធម​ទូទាំង​ប្រទេស​៕