ភ្នំពេញៈ យ៉ាងហោច​ណាស់​មាន​មនុស្ស​ ១៩ ​នាក់​បាន​ស្លាប់​ និង​ ១២​ នាក់​ផ្សេងទៀត​បាន​រងរបួស​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​ ១១ ខែមេសា ឆ្នាំ​ ២០២២​។ តួលេខ​នេះ​បាន​ធ្វើឱ្យ​ចំនួន​ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​ ១១ ​ថ្ងៃ នៃ​ខែមេសា កើន​ដល់ ៧៨ ​នាក់ និង ១២៥ ​នាក់​ផ្សេងទៀត​បាន​រងរបួស​។

តាម​ទិន្នន័យ​របស់​នគរបាល​ដែល​ភ្នំពេញ​ប៉ុស្តិ៍ ប្រមូល​បាន​ពីរ​ថ្ងៃទី​ ១១ ខែមេសា បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​ ១១ ខែមេសា មាន​ចំនួន​ជនរងគ្រោះ​ស្លាប់​រហូតដល់​ ១៩ ​នាក់ និង ១២ ​នាក់​ទៀត​រងរបួស​នៅក្នុង​ចំណោម​រាជធានី​-​ខេត្ត​ចំនួន​ ៨ រួមមាន ខេត្ត​កំពង់ស្ពឺ ស្លាប់​ ២​ នាក់ កណ្តាល ស្លាប់ ១ ​នាក់ និង​របួស ២ ​នាក់ ភ្នំពេញ​ស្លាប់​ ៥​ នាក់ និង​របួស ៤ ​នាក់ រតនគីរី​ស្លាប់ ​១ ​នាក់ សៀមរាប​ស្លាប់ ៦ ​នាក់ និង​របួស ២​ នាក់ ព្រះសីហនុ​របួស ​៣​ នាក់ ស្វាយរៀង​របួស​ ២ ​នាក់ និង​ខេត្តតាកែវ ស្លាប់ ៤ ​នាក់ និង​របួស​ ១​ នាក់​។ មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​បណ្ដាលមកពី «​កត្តា​មនុស្ស [​អ្នក​បើកបរ​] ធ្វេសប្រហែស និង បើកបរ​ក្នុង​ល្បឿន​លឿន រំលោភ​លើ​សិទ្ធិ​ជា​អាទិភាព​»​។

លោក ឈាង សុផាណារ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​មាន់ និង​រថយន្ត​ដឹកស្រូវ​កាលពី​វេលា​ម៉ោង​ ៤ ​ទៀបភ្លឺ​នា​ថ្ងៃទី​ ១១ ខែមេសា ឆ្នាំ​ ២០២២ នៅ​ចំណុច ភូមិ​ជ្រៃ ឃុំ​ជីខ្នា ស្រុក​ទ្រាំង ខេត្តតាកែវ បាន​បង្កឱ្យមាន​ជនរងគ្រោះ​ ៣​ នាក់​ស្លាប់​នៅនឹង​កន្លែង និង​ម្នាក់ទៀត​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ និង​មាន​ជនរងគ្រោះ​ម្នាក់ទៀត​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។

លោក សុផាណារ៉ា បាន​បញ្ជាក់ថា​៖ «​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ពី​អ្នកបើកបរ​រថយន្ត​ដឹក​មាន់​ខ្វះការ​ទទួលខុសត្រូវ គឺ​បើកបរ​ក្នុង​ល្បឿន​លឿន និង​ក្នុង​សភាព​ងោកងុយ ហើយ​បាន​រេ​ចង្កូត​ទៅបុក​រថយន្ត​ដឹកស្រូវ​ដែល​បើកបរ​ក្នុងទិសដៅ​ខុសគ្នា បណ្ដាល​ឱ្យ​ស្លាប់ និង​រងរបួស​សរុប ​៥ ​នាក់​»​។

បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​អូស​ស្ទូច​រថយន្ត​បង្កហេតុ ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​។

យោងតាម​របាយការណ៍​ពី​កន្លែង​កើតហេតុ មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ប្រើប្រាស់​ឧបករណ៍ និង​មធ្យោបាយ​គ្រឿងចក្រ​ធំៗ​មួយចំនួន​មកជួយ​អន្តរាគមន៍ ស្ទូច​អូស​រថយន្ត​ដឹកស្រូវ​ប្រមាណ​ជាង​ ២០​ តោន ដែល​បាន​ក្រឡាប់​សង្កត់​លើ​រថយន្ត​ដឹក​មាន់​កប់​នៅក្នុង​ទឹក​បឹង ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​។ ប៉ុន្តែ​ជនរងគ្រោះ​ ៣ ​នាក់​បាន​ស្លាប់​នៅនឹង​កន្លែង​កើតហេតុ និង​ ២​ នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ ។

របាយការណ៍​បន្តថា​៖ «​ជនរងគ្រោះ​ម្នាក់ ថាវ ស្រីឡែន អាយុ​ ២៣ ​ឆ្នាំ​ជា​អ្នករួមដំណើរ​លើ​រថយន្ត​ដឹកស្រូវ​បាន​ស្លាប់​នៅពេល​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ​បញ្ជូន​បន្ត​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ​ព្រោះតែ​ហូរឈាម​ខ្លាំងពេក​»​។

លោក វ៉ុន រដ្ឋា អាយុ​ ៣៨​ ឆ្នាំ​ដែលជា​សាច់ញាតិ ជនរងគ្រោះ​ឈ្មោះ ថាវ ស្រីឡែន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេលនេះ​លោក​កំពុង​រង់ចាំ​ទទួល​របាយការណ៍​លម្អិត​ពី​សមត្ថកិច្ច​ជំនាញ ដើម្បី​រៀបចំ​បណ្ដឹង​ទាមទារ​សំណង​រដ្ឋប្បវេណី​ពី​ក្រុមគ្រួសារ​សាច់ញាតិ​ជនល្មើស ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដ៏សែន​រន្ធត់​នេះ​។

លោក ​រដ្ឋា បាន​បន្តថា លោក​មិន​ស្ថិតនៅក្នុង​ហេតុការណ៍​នោះទេ ប៉ុន្តែ​យោងតាម​របាយការណ៍​អង្កេត​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​នៅ​កន្លែង​កើតហេតុ «​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ពី​អ្នកបើកបរ​រថយន្ត​ដឹក​មាន់​» ដែល​បើកបរ​ក្នុង​ល្បឿន​លឿន និង​ខ្វះ​ការប្រុងប្រយ័ត្ន​មក​បុក​រថយន្ត​ដឹកស្រូវ បណ្ដាលឱ្យ​ខូចខាត​ទាំង​ទ្រព្យសម្បត្តិ និង​បាត់បង់​ជីវិត​មនុស្ស​។

លោក​បាន​បញ្ជាក់ថា​៖ «​វា​ពិតណាស់ រថយន្ត​ដឹក​មាន់​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ វា​តូច​ជាង​រថយន្ត​ដឹកស្រូវ​របស់​យើងខ្ញុំ ហើយ​អ្នកបើកបរ និង​អ្នករួមដំណើ​លើ​រថយន្ត​នោះ សរុបគ្នា​ ៣ ​នាក់​បាន​ស្លាប់​ទាំងអស់​មែន ប៉ុន្តែ​ដោយសារ​វា​ជា​កំហុស​នៃ​ការបើកបរ​របស់​គាត់​បាន​នាំឱ្យ​ពួកយើង​ខូចខាត រងរបួស​ម្នាក់ និង​ស្លាប់​ម្នាក់ទៀត​ផងដែរ​។ ដូច្នេះ​ខ្ញុំ​យល់ថា ជា​កាតព្វកិច្ច​នៃ​ការទទួល​ខុសត្រូវ គឺ​សាច់ញាតិ ឬ​ម្ចាស់​អាជីវកម្ម​ទិញ​លក់​មាន់​នោះ​ត្រូវ​សង​សំណង​រដ្ឋប្បវេណី​មួយចំនួន​ដល់​យើងខ្ញុំ​»​។

ដោយឡែក​លោក តាប់ លន ស្នងការរង​ខេត្ត​កំពង់ស្ពឺ​ទទួល​បន្ទុក​សណ្ដាប់ធ្នាប់​ចរាចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ព្រឹក​ថ្ងៃទី​ ១១ ខែមេសា ឆ្នាំ ​២០២២ មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយ​បាន​ធ្វើឱ្យ​ជនរងគ្រោះ ២ ​នាក់​ស្លាប់ ក្រោយពី​រថយន្ត​មិន​ស្គាល់​ម៉ាក​ ១​ គ្រឿង បាន​បុក​ទៅលើ​ម៉ូតូ​ដែល​ជិះ​ឌុប​គ្នា​នៅលើ​ផ្លូវជាតិ​លេខ​ ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៦១-៦២ ស្ថិត​ក្នុងភូមិ​អន្លង់​ថ្លឹង ឃុំ​មហាសាំង ស្រុក​ភ្នំស្រួច​។

នៅក្នុង​ត្រីមាស​ទី​ ១ នៃ​ឆ្នាំ ​២០២២ ​នេះ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​បង្កឱ្យមាន​ជនរងគ្រោះ ៤៩៣ ​នាក់​ស្លាប់ និង​ ១ ២៦២ ​នាក់​ទៀត​រងរបួស ក្នុងនោះ ៧៨៤ ​នាក់​រងរបួស​ធ្ងន់​។ នេះ​បើ​យោង​របាយការណ៍​ដែល​ទទួលបាន​ពី​អគ្គស្នងការដ្ឋាន​គរបាល​ជាតិ​។ ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ ​២០២២ នេះ​គឺមាន​ការកើនឡើង​ចំនួន​ ៦០​ នាក់ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​ ២០២១ ដែលមាន​អ្នកស្លាប់​ចំនួន ៤៣៣ ​នាក់​៕