បន្ទាយមានជ័យ​/ឧត្តរមានជ័យៈ នា​ដើមខែ​មេសា​នេះ ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​វិលត្រឡប់​ចូល​ស្រុក​វិញ​ក្នុង​ ១ ​ថ្ងៃៗ ខ្ទង់ពាន់​នាក់ ខណៈ​ពលករ​មួយចំនួន​ទៀត ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ​១៩ ឬ​បន្លំ​ឯកសារ​វ៉ាក់សាំង​ត្រូវ​បាន​ដាក់​ឱ្យនៅ​មណ្ឌល​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​។

អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ​លោក​ សេក សុខុម ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ មេសា ថា ពលករ ដែល​វិលចូល​តាម​ច្រក​ចំនួន​ ៣​ ក្នុង​ខេត្ត​នេះ​មានការ​កើនឡើង​ចាប់ពី​ដើមខែ​មេសា​ជា​បន្តបន្ទាប់ ពោលគឺ​កើនឡើង​ប្រមាណ​ពី​ ២៥០ ទៅជិត​ ១ ០០០​ នាក់ ក្នុង​ ១​ ថ្ងៃ​។ ក្នុងចំណោម​នោះ​ពលករ​ភាគច្រើន​បានចាក់​វ៉ាក់សាំង​ដូស​ទី ​២ ​រួចហើយ រីឯ​អ្នក​មិនទាន់​ចាក់​វ៉ាក់សាំង​មាន​ចំនួន​តិចតួច​។

លោក​ថ្លែងថា​៖ «​បើ​គាត់​អត់​មាន​ឯកសារ​ចាក់​វ៉ាក់សាំង​ទេ យើង​ឃុំ​គាត់​ ១៤​ ថ្ងៃ នៅ​មណ្ឌល​ចត្តាឡីស័ក ហើយ​ក្នុងនោះ​ពិនិត្យឃើញ​មាន​ពលករ​ខ្លះ​បន្លំ​ឯកសារ​ចម្លង​កាត​វ៉ាក់សាំង​កូវីដ​ដែរ តែ​មិន​ច្រើន​ទេ ហើយក៏​មិន​ពិន័យ​អី​ដែរ ប៉ុន្តែ ដាក់​ឃុំ​គាត់​ ១៤ ​ថ្ងៃ​ដូច​ផ្សេង​អ៊ីចឹង​»​។

លោក​បន្តថា ចំពោះ​ពលករ​ដែល​វិល​ចូល​ស្រុក​វិញ​នោះ​ក្នុង​ចំណោម ១០០ ​នាក់ មាន​ពលករ​តែ ២ ​នាក់​ប៉ុណ្ណោះ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូវីដ ហើយ​ភាគច្រើន​ធ្វើតេស្ត​រហ័ស​រកឃើញ​វិជ្ជមាន​កូវីដ​-១៩​។ ទាក់ទង​នឹង​គម្រោង​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ខេត្ត​ស្រះកែវ​ក្នុង​កម្រិត​តំបន់​រវាង​ភាគី​កម្ពុជា និង ថៃ គឺ​មិនទាន់​ឯកភាព​ឱ្យ​បើក​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​នោះទេ ដោយសារ​ការឆ្លង​ជំងឺ​កូវីដ ​១៩ នៅ​ថៃ មិនទាន់​ធូរស្រាល​នៅឡើយ​។

ដោយឡែក​អ្នកនាំពាក្យ​សាលាខេត្ត​ឧត្តរមានជ័យ លោក​ ផល លឹម ថ្លែងថា ពលករ​ដែល​ចូល​តាម​ខេត្ត​នេះ​មាន​ចន្លោះ​ពី​ ៥០០ ទៅ ជិត​ ១ ០០០ ​នាក់​នៅ​ដើមខែ​មេសា​នេះ​។ លោក​ថា តាម​ការសាកសួរ ពលករ​ដែល​វិល​ចូល​ស្រុក​យ៉ាងគំហុក​នេះ ពួកគេ​ប្រាប់ថា ដើម្បី​ចូលរួម​បុណ្យ​ចូលឆ្នាំថ្មី ហើយ​ពលករ​ខ្លះ​គ្មាន​ការងារ​ធ្វើ​នៅ​ថៃ​។ ពលករ​ខ្លះ​ឆ្លងដែន​ខុសច្បាប់ ហើយ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ គឺ តម្រួត​ថៃ​ចាប់​បញ្ជូន​មកវិញ​ដែរ​។

លោក​បញ្ជាក់ថា​៖ «​កាលពី​ថ្ងៃទី​ ១ ខែមេសា ពលករ​ចូលមក​ជិត​ ៨០០​ នាក់ ហើយ​នៅ​ថ្ងៃទី​ ២ ជាង​ ៩០០ ​នាក់​។ នៅ​ថ្ងៃទី​ ៣ មាន​ពលករ​ជាង​ ៧០០ ​នាក់ ហើយ​ភាគច្រើន​ពលករ​គាត់​ថា មក​ចូលឆ្នាំ ហើយ​អ្នកខ្លះ​នោះ​គាត់​ថា​អត់​ការងារ​នៅ​ថៃ​»​។

លោក​ ផល លឹម ឱ្យដឹង​ដែរ​ថា ក្នុងចំណោម​ពលករ​ចូល​តាម​ច្រក​ខេត្ត​នេះ មិនមែន​សុទ្ធតែ​អ្នករស់នៅ​ខេត្ត​ឧត្តរមានជ័យ​នោះទេ ពោលគឺ​ពលករ​រស់នៅ ២៥ ​រាជធានី​-​ខេត្ត​។ លោក​បន្តថា ក្នុង​រយៈពេល​ ១០ ​ថ្ងៃ​នា​ដើមខែ​មេសា​នេះ មាន​ពលករ​វិល​ចូល​តាម​ច្រក​ខេត្ត​ឧត្តរមានជ័យ​មាន​ចំនួន​ ៧ ២៨៨​ នាក់ ហើយ​ក្នុង​នោះ​វិជ្ជមាន​កូវីដ​តែ​ ៦ ​នាក់​ប៉ុណ្ណោះ​។

ទន្ទឹមនឹង​មាន​ពលករ​ខ្មែរ​សម្រុក​វិលចូល​ស្រុក ក៏មាន​ពលករ​ខ្លះ​សម្រេចចិត្ត​មិន​វិល​ត្រឡប់មក​ខ្មែរ​ដែរ​នា​ឆ្នាំនេះ​។ លោក​ ឃាង ថា អាយុ ​៣៨ ​ឆ្នាំ​រស់នៅ​ខេត្តតាកែវ ដែល​បានធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​អស់​រយៈពេល​ ៨​ ឆ្នាំ​មកហើយ​ប្រាប់ថា មុន​មាន​បញ្ហា​កូវីដ​ ១៩ គាត់​តែងតែ​មកលេង​ស្រុកកំណើត​ស្ទើរតែ​រៀងរាល់ឆ្នាំ​។ ប៉ុន្តែ​លោក​ថា ជាង​ ២ ​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​មិន​បានមក​ខ្មែរ​នោះទេ ដោយ​លោក​បារម្ភ​ពី​ផលវិបាក​ក្នុង​ការវិលត្រឡប់​ទៅ​ធ្វើការ​នៅ​ថៃ​វិញ​។

លោក​ថា​៖ «​ខ្ញុំ​នៅ​ថៃ​ធ្វើការ​នៅ​រោងចក្រ​សាច់មាន់​ក្នុង​ ១ ​ខែ​រកបាន​ប្រាក់​ ១៨ ០០០ ​បាត ​(៥៣៥​ ដុល្លារ​អាមេរិក​)​។ តាមពិត​ខ្ញុំ ចង់ទៅ​ខ្មែរ​ដែរ​នៅ​ឆ្នាំនេះ ប៉ុន្តែ​ខ្ញុំ​ខ្លាច​វិលមក​ថៃ​វិញ​ពិបាក ព្រោះ​យើង​ដឹង​ហើយ​នៅ​ខ្មែរ​គេ​បើក​ឱ្យចូល តែ​គេ​អត់​ទាន់​បើក​ឱ្យចេញ​ទេ ហើយ​ណាមួយ​ការងារ​ខ្ញុំ​នៅទីនេះ​ធ្វើការ​ធម្មតា​អត់​ប៉ះពាល់​ទេ​»៕

វីដេអូ៖