ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​បានឱ្យ​​ដឹងថា រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា​បានផ្តល់​វ៉ាក់សាំង​បង្ការ ជំងឺ​កូវីដ​ ១៩​ ចំនួន​ជាង​ ៣២​ ម៉ឺន​ដូស​ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដោយ​ក្នុងនោះ​វ៉ាក់សាំង​ចំនួន​ ២០ ​ម៉ឺន​ដូស​បាន​ដឹក​មកដល់​នា​ល្ងាច​ថ្ងៃទី​ ១១ និង​វ៉ាក់សាំង​ដែល​នៅសល់​នឹង​ដឹក​មកដល់​នៅ​ថ្ងៃទី​ ១២ ឬ​ទី​ ១៣ ខែមេសា​ខាងមុខនេះ​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​នៃ​ក្រសួង​សុខាភិបាល​បាន​លើកឡើង​ឱ្យដឹង​នៅ​ថ្ងៃទី​ ១១ ខែមេសា ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដែល​ផ្តល់​ដោយ​ប្រទេស​ឥណ្ឌា​នេះ​នឹង​ធ្វើការ​ប្រគល់​ និង​ទទួល​ជា​ផ្លូវការ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃទី ​១២ ខែមេសា ផងដែរ នា​វិមាន​សន្តិភាព​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១០ ខែមេសា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ ១ បាន​ជិត ១៥​ លាន​នាក់​, ដូស​ទី​ ២ បាន​ជាង ១៤ ​លាន​នាក់​, ដូស​ទី​ ៣​ ទទួល​បាន​ជាង ៨​ លាន​នាក់​ និង​ដូស​ទី​ ៤ ចាក់​បាន​ជាង ១ ​លាន​នាក់​ផងដែរ​។

ប្រទេស​កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ទាំង​វ៉ាក់សាំង​ដែល​បញ្ជា​ទិញ​ដោយ​រាជរដ្ឋាភិបាល​ និង​ការផ្តល់​ជា​ជំនួយ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​សរុប​បាន​ចំនួន​ជិត ៥០ ​លាន​ដូស ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្រកាស​រួចហើយ​ថា លោក​បន្ត​ទទួល​ជំនួយ​ជា​វ៉ាក់សាំង​នេះ​ពី​គ្រប់​បណ្តា​ប្រទេស​នានា​ផងដែរ ដើម្បី​ទុក​ចាក់​ជូន​ប្រជាពលរដ្ឋ​។

ដោយសារ​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ក្នុងប្រទេស​កម្ពុជា​ដំណើរការ​ល្អ​ និង​រលូន ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​បាន​ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​ ២ ក្នុងនាម​ជា​ប្រទេស​ដែលមាន​សមត្ថភាព​ស្ដារ​ខ្លួន​ងើប​ចេញពី​មេរោគ​កូវីដ​ ១៩ ​លឿន​ជាងគេ​នៅលើ​ពិភពលោក ដោយ​គិត​ត្រឹម​ចុងខែ​មីនា ឆ្នាំ​ ២០២២​។ នេះ​បើ​យោង​សារព័ត៌មាន Nikkei ​ដែល​បានចេញ​កាលពី​ថ្ងៃទី​ ១០ ខែមេសា ឆ្នាំ​ ២០២២​។

យោងតាម​តារាង​វាយតម្លៃ​សន្ទស្សន៍​នៃ​ការ​ស្តារឡើង​វិញ​នូវ​ជំងឺ Covid-19 របស់ Nikkei (Nikkei''s Covid-19 Recovery Index) គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែមីនា បានឱ្យ​ដឹងថា ប្រទេស​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​ ២ ដែលមាន​ពិន្ទុ ៨០.៥ ពិន្ទុ គឺ​បន្ទាប់ពី​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម (UEA) ដែល​ទទួល​បាន ៨៥.៥ ​ពិន្ទុ ជា​ប្រទេស​ដែល​ឈរ​នៅ​លេខ​រៀង​ទី ​១ ដែលមាន​សមត្ថភាព​ស្ដារ​ខ្លួន​ងើប​ចេញពី COVID-19 លឿន​ជាងគេ​នៅលើ​ពិភពលោក​។

ចំណែក​ប្រទេស​ដែល​ឈរលើ​លេខ​រៀង​លំដាប់​ទី​ ៣ ​គឺ​ប្រទេស រ្វាន់ដា ដែល​ទទួលបាន​ ៨០​ពិន្ទុ​, លេខ​រៀង​ទី​ ៤ គឺ​សាធារណរដ្ឋ​ដូមីនិក និង​កោះ​តៃវ៉ាន់ ទទួលបាន​ ៧៨ ​ពិន្ទុ ចំណែក​ប្រទេស​ដែលមាន​លេខ​រៀង​ក្រោយ​គេ​ដែល​ឈរលើ​លេខ​រៀង​ទី​ ១២១ គឺ​ប្រទេស​ឡាវ ដែល​ទទួល​បាន ៣៦ ពិន្ទុ​។

ទាក់ទង​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស​កម្ពុជា លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​នៃ​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ.វ.ក​-១៩) បាន​លើកឡើងថា ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅតែ​ធ្វើជា​ប្រចាំ​ជា​រៀងរាល់ថ្ងៃ ហើយ​ដំណើរការ​នៃ​ការចាក់​នេះ​មាន​វឌ្ឍនភាព​ទៅមុខ​យ៉ាង​ល្អប្រសើរ​ផងដែរ​។

លោកស្រី អ្នកនាំពាក្យ​រូបនេះ​បានឱ្យដឹងថា​៖ «​អ្វីដែល​ជាការ​សំខាន់​នាពេលនេះ ដូចដែល​យើង​បានដឹង​ហើយថា​បច្ចុប្បន្ន​នេះ វីរុស​អូមីក្រុង​ក៏មាន​ការ​បំប្លែង​ខ្លួន​របស់​វា​ដែរ ដែល​ការ​បំប្លែង​ខ្លួន​នេះ យើង​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​ស្របពេល​ដែល​យើង​កំពុងតែ​រៀន​រស់​ជាមួយនឹង​កូវីដ​ ១៩»​។

លោកស្រី ឱ វណ្ណឌីន បាន​បន្តទៀតថា ការរក្សា​ឱ្យបាន​នូវ​ភាព​សុំា​ក្នុង​សរីរាង្គ​របស់​បុគ្គល​ក៏ដូចជា​ការរក្សា​នូវ​ភាពសុំា​នៅក្នុង​សហគមន៍​នេះ​គឺជា​ការចាំបាច់​បំផុត​។ ដូចនេះហើយ​បានជា គ.វ.ក-១៩ បាន​ពិភាក្សាគ្នា​ និង​ស្វែងយល់​បន្ថែមទៀត​ដោយបាន​យកចិត្តទុកដាក់​ខ្ពស់​ និង​បាន​បង្ខិត​នូវ​សេវា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ នេះ ដោយ​ធ្វើយ៉ាងណា​ឱ្យមាន​ភាព​កាន់តែ​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ស្វែងរក​សេវា​ចាក់​វ៉ាក់សាំង​នេះ​។

គួរបញ្ជាក់​ផងដែរ​ថា ក្រសួង​សុខាភិបាល​បាន​ណែនាំ​ឱ្យ​គ្រប់​រាជធានី​ខេត្ត​ទូទាំង​ប្រទេស​រៀបចំ​បន្ថែម​ទៀត​នូវ​កន្លែង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​ទីកន្លែង​កម្សាន្ត​ និង​វត្តអារាម​សម្រាប់​ជា​ការងាយស្រួល​ដល់​ពលរដ្ឋ​ដែល​មិនទាន់​បាន​ចាក់ និង​អាច​ចាក់​បាន​នៅពេលដែល​ពួកគេ​ទៅ​កម្សាន្ត​នៅ​ទីតាំង​ណាមួយ​៕