កោះកុងៈ នៅ​ឆ្នាំ ​២០២២ ​នេះ អណ្ដើក​ហ្លូង​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​កោះកុង​មាន​ពង​ថ្មី​បាន​ចំនួន​ ៨០​ គ្រាប់​ទៀត​ដែលមាន​លក្ខណៈ​ល្អប្រសើរ​ដោយមាន​សម្បក​រឹង​ល្អ​នឹង​អាច​ញាស់​ក្នុងពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ក្នុង​ឆ្នាំ​ ២០២១ ​អណ្តើក​ហ្លួង​ពង​បាន​ ៧១​ គ្រាប់ ប៉ុន្តែ​ដោយសារ​ខ្វះ​លក្ខខណ្ឌ​គ្រប់គ្រាន់​ពង​ទាំងនោះ​ញាស់​បានតែ​ ១ ​ក្បាល​ប៉ុណ្ណោះ ហើយ​ត្រូវបាន​ដាក់ឈ្មោះថា​ «​ស្ទីវ​»​។

លោក សោម ស៊ីថា ប្រធាន​គម្រោង​អភិរក្ស​ប្រចាំខេត្ត​កោះកុង​ និង​ទន្លេមេគង្គ​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ ខែមេសា​ថា «​ស្ទីវ​» គឺជា​ឈ្មោះ​របស់​កូនអណ្តើក​ហ្លួង​ ១​ ក្បាល អាយុ​ ១​ ឆ្នាំ ដែលមាន​សំណាង​បាន​ញាស់​ចេញពី​ចំណោម​ពងអណ្តើក​ហ្លួង​ ៧១ គ្រាប់ នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​កោះកុង​កាលពី​ឆ្នាំ ​២០២១​។

លោក​បានឱ្យដឹងថា ការដាក់​ឈ្មោះ​អណ្តើក​ហ្លួង ១​ ក្បាល​នេះ​ថា «​ស្ទីវ​» គឺ​ដើម្បី​ជាការ​រំឭក​ដល់​លោក ស្ទីវ ជី ផ្លេត ជនជាតិ​អាមេរិក​ដែល​បាន​ស្រាវជ្រាវ​រកឃើញ​ប្រភេទ​អណ្តើក​ហ្លួង​នេះ​មុនគេ​នៅក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ក្នុងអំឡុង​ឆ្នាំ​ ១៩៩៩-២០០០​។ ការ​ញាស់​កូនអណ្តើក​នេះ​ចាត់ទុកជា​សំណាង​ ១ ​ក្នុង​ ៧១ ​នៃ​ពងអណ្តើក​​ហ្លួង​ចំនួន​ ៧១​ គ្រាប់ ដែល​បាន​ពង​លើកដំបូង​នៅ​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​កោះកុង​។

លោក សោម ស៊ីថា បានបញ្ជាក់​បន្ថែមថា​៖ «​បញ្ហា​ដែល​បណ្តាល​ឱ្យ​ពងអណ្តើក​ទាំង​ ៧១​គ្រាប់ ញាស់​បានតែ ១ ​គ្រាប់​នេះ អាចមកពី​មេអណ្តើក​ហ្លួង​នោះ​នៅ​វ័យក្មេង បូករួម​នឹង​កង្វះ​ចំណី​អាហារូបត្ថម្ភ ដែលមាន​កម្រិត​ប្រូតេអ៊ីន និង​សារធាតុ​កាល់ស្យូម ដែលជា​ប្រភព​ផ្តល់នូវ​​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ពងមាន​សុខភាព​ល្អ​ និង​កកូន​»​។

លោក​ប្រធាន​គម្រោង​អភិរក្ស​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​ប្រាប់ថា អណ្តើក​ហ្លួងស៊ី​អាហារ​ដូចជា ផ្លែអំពូ ដែលមាន​ដុះ​ច្រើន​នៅក្នុង​ព្រែក​ស្រែអំបិល ខេត្តកោះកុង ត្រកួន ផ្លែឈើ សណ្តែកបណ្តុះ ផ្លែ​ល្វា ផ្លែ​ជម្ពូ រុក្ខជាតិ​ក្នុង​ទឹក​នានា ដូចជា កំប្លោក និង​ចក ព្រមទាំង​ផ្លែឈើ​ដែលមាន​ផ្លែ​តាម​រដូវកាល​ដែល​អាច​រកបាន​ផ្សេងៗ​ទៀតផង​។

លោក​ថា ដើម្បី​ឱ្យ​ពងអណ្តើក​ហ្លួង​ទាំងនោះ​មាន​គុណភាព​ និង​​ការបន្ត​ពូជ​បានល្អ ក្រុមការងារ​​មជ្ឈមណ្ឌល​បាន​បន្ថែម​នូវ​ប្រភេទ​ចំណី ដែលមាន​ប្រូតេអ៊ីន​ខ្ពស់​ និង​សម្បូរ​ជាតិ​កាល់ស្យូម​ដល់​អណ្តើក​ហ្លួង​ទាំងអស់​ក្នុង​មជ្ឈមណ្ឌល​ជាពិសេស​អណ្តើក​ហ្លួង​ពេញវ័យ​។

ទោះយ៉ាងណា លោក សោម ស៊ីថា បាន​លើកឡើង​ថា ការភ្ញាស់​អណ្តើក​ហ្លួង គឺជា​បទពិសោធ​ថ្មី​សម្រាប់​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​កោះកុង​។ ចាប់តាំងពី​ការចាប់​កំណើត​របស់​ «​ស្ទីវ​» មក នៅក្នុង​ឆ្នាំ ​២០២២​ នេះ មជ្ឈមណ្ឌល​ទទួល​បាន​ពងអណ្តើក​ហ្លួង​ថ្មីៗ​ចំនួន ៩​ សម្បុក សរុប​ពងមាន​ ៨០ ​គ្រាប់​។​ តាមរយៈ​ពងអណ្តើក​មាន​ចំនួន ​៩ ​សម្បុក​នេះ អាច​សន្និដ្ឋាន​បានថា មេអណ្តើក​បច្ចុប្បន្ន មាន​ចំនួន​ ៩​ ក្បាល ហើយ​ក្នុង​រយៈពេល​ពី​ ១ ​ឆ្នាំ ទៅ​ ២ ​ឆ្នាំ​ទៀត អាច​នឹងមាន​មេអណ្តើក ២០ ​ទៅ ៣០ ​ក្បាល​បន្ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​ជា​ការ​កត់សម្គាល់ ពង​ទាំងនោះ​មាន​លក្ខណៈ​ល្អប្រសើរ​មាន​សម្បក​រឹង​ល្អ ជាពិសេស​រហូតដល់​ជាង ​៥០​ ភាគរយ បានបង្ហាញ​ពី​ការកកំណើត​។ មជ្ឈមណ្ឌល​សង្ឃឹមថា ពងអណ្តើក​ហ្លួង​ទាំងនោះ​នឹង​អាច​ញាស់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​»​។

លោក​បន្តថា អណ្តើក​ហ្លូង​ជា​ប្រភេទ​អណ្តើ​កមួយ​ដែល​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ​ទម្រាំ​ពេញវ័យ អាច​ធ្វើការ​បង្កាត់​ពូជ​បាន​។ តាម​ការសិក្សា​ក្នុង​ធម្មជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី អណ្តើក មេមាន​អាយុ​រហូតដល់ ២០ ​ទៅ ២៥ ​ឆ្នាំ ទើប​អាចធ្វើ​ការបន្ត​ពូជ​បាន ប៉ុន្តែ​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​កោះកុង​សត្វអណ្តើក​ហ្លួង​មាន​អាយុ​ត្រឹមតែ ១៤ ​ទៅ​ ១៥ ​ឆ្នាំ​អាច​បន្ត​ពូជ​បាន​។

លោក​ថ្លែងថា​៖ «​ការអភិរក្ស​អណ្តើក​ហ្លួង​មាន​ការពិបាក​ខ្លាំង ទាំង​ការងារ​បង្កាត់ ទាំង​ការងារ​អភិរក្ស​ផ្ទាល់​នៅតាម​ទីវាល ដោយសារ​តែ​វា​ប្រើពេល​យូរ​ដូច​ជាការ​បង្កាត់​ពូជ​ជាដើម​គឺ​ប្រើពេល​យូរ​មែនទែន​ទម្រាំ​អណ្តើក​ពេញវ័យ​បាន​»​។

មជ្ឈមណ្ឌល​អភិរក្ស​សត្វល្មូន​កោះកុង​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ​២០១៦ ​ដោយ​គម្រោង​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) សហការ​ជាមួយ​រដ្ឋបាល​ជលផល ស្ថាប័ន Mandai Nature នៃ​ប្រទេស​សិង្ហបុរី និង​ក្រោម​ជំនួយ​ថវិកា​​ពី​ស្ថាប័ន​នានា ជាច្រើន​មានដូចជា សហភាព​អឺរ៉ុប ក្រោម​គម្រោង​ដៃគូ​ប្រយុទ្ធប្រឆាំង​​ការជួញដូរ​សត្វព្រៃ ស្ថាប័ន US Forest Service, Rainforest Trust, Turtle Survival Alliance និង​ម្ចាស់ជំនួយ​ឯកជន នានា​ផ្សេងទៀត​។ បច្ចុប្បន្ននេះ នៅក្នុង​មជ្ឈមណ្ឌល​មាន​អណ្តើក​ហ្លួង​សរុប​ចំនួន ១៥៤​ ក្បាល​។ នេះ​បើ​យោងតាម​​ហ្វេសប៊ុក Wonders of the Mekong៕