ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ដឹកនាំ​គណៈប្រតិភូ​ទៅ​សួរសុខទុក្ខ​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ និង​រស់នៅ​ប្រទេស​ថៃ ព្រមទាំង​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ដើម្បី​ផ្តល់​ភាពស្របច្បាប់​ជូន​បងប្អូន​ពលករ​កម្ពុជា​ដែល​មិនទាន់​ស្របច្បាប់​។

ស្របពេល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នឹង​ចូល​មកដល់​ក្នុងពេល​ដ៏ខ្លី​ខាងមុខនេះ លោក​ អ៊ិត សំហេង ដែល​ក៏​ជា​ប្រធាន​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលករ​កម្ពុជា​កំពុង​ស្នាក់នៅ និង​ធ្វើការ​ក្នុងប្រទេស​ថៃ នៅ​ថ្ងៃទី​ ១០ មេសា បាន​ដឹកនាំ​គណៈប្រតិភូ​ចុះសួរសុខទុក្ខ និង​សំណេះ​សំណាល​ជាមួយ​បងប្អូន​ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​និង​រស់នៅក្នុង​ប្រទេស​ថៃ រួម​នឹង​ក្រុមនិស្សិត​កំពុង​បន្ត​ការសិក្សា​នៅ​ទីនោះ​ក្នុង​កម្មវិធី​សង្ក្រាន្ត​ខ្មែរ​នៅ​ថៃ​។

ប្រតិភូ​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ រួមមាន​សមាសភាព មកពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​មហាផ្ទៃ ស្ថានទូត ដែលជា​តំណាង​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ រួម​នឹង​ក្រុមការងារ ដើម្បី​បំពេញបេសកកម្ម​ផ្ដល់​ភាពស្របច្បាប់ ជូន​ពលករ​កម្ពុជា​នៅ​ប្រទេស​ថៃ​ក៏ដូចជា​បន្ត​ពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស ទាំង​ ២ លើ​វិស័យ​ការងារ ដោយ​ចាប់ផ្តើម​ប្រតិបត្តិ​ការផ្តល់​ភាពស្របច្បាប់​ជូន​ពលករ​កម្ពុជា​ដែល​មិនទាន់​ស្របច្បាប់​។

នាឱកាស​នោះ​លោក​លើកឡើង​ថា ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ គឺជា​បុណ្យ​ប្រពៃណីជាតិ​ដ៏ធំ​របស់​ខ្មែរ ដែល​កាន់​ព្រះពុទ្ធសាសនា ដែល​ស្ថិតក្នុង​ដួងចិត្ត​ខ្មែរ​គ្រប់រូប តាំងពី​បុរាណកាល​មក​។ ពិធី​ប្រពៃណី​នេះ​ទៀតសោត បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​វប្បធម៌ ប្រពៃណី​ជាតិខ្មែរ ស្មារតី​សាមគ្គី​ជាតិ ទោះជា​ខ្មែរ​ទៅដល់​ទីណា​ក៏​នៅតែ​ស្នេហា​ជាតិខ្មែរ​។

ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី​កោតសរសើរ​ចំពោះ​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​សហការី ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​ការទូត​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ជិតខាង​ល្អ កម្ពុជា​-​ថៃ ទាំង ផ្នែក​សេដ្ឋកិច្ច អប់រំ វិស័យ​ការងារ​ជាដើម​។ ផ្ដល់ឱកាស​ដល់​និស្សិត-​កម្ពុជា​បាន​សិក្សា និង​ក៏​ជា​ឱកាស​មួយទៀត សម្រាប់​ពលករ​កម្ពុជា​បាន​ធ្វើការ​ទទួលបាន​ប្រាក់ចំណូល សម្រាប់​ផ្គត់ផ្គង់​ក្រុមគ្រួសារ​បាន​មួយកម្រិត​ដែរ​។

លោក​ថា​៖ «​ភារកិច្ច​របស់​ក្រុមការងារ​ផ្ដល់​ភាពស្របច្បាប់​លើក​នេះ​គឺ​បន្ត​សុពលភាព​លិខិត​ធ្វើ​ដំណើរ​ (TD)​ និង​បណ្ណ​ការងារ​នៅ បរទេស ​(OCWC)​ ជូន​ពលករ​ខ្មែរ​ដែល​ផុត​សុពលភាព​។ ព្រោះ​ក្នុង​បរិបទ​ដែល​កូវីដ​ ១៩ ​បាន​រាលដាល​ខ្លាំង​កន្លងទៅ ការបន្ត​សុពលភាព​ជួប​ការលំបាក ដោយសារ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​បាន​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ដ៏​តឹងរ៉ឹង​»​។

លោក​ថា ដោយ​កិច្ចសហការ​ល្អ រវាង​ប្រទេស​ទាំង ​២ ភាគី​ថៃ​បាន​ចេញ​បណ្ណ​ពណ៌​ស៊ី​ជម្ពូ​ដែល​អាច​រស់នៅ និង​ធ្វើការ​ស្របច្បាប់​បាន ដែលជា​ផ្នែក​មួយ​ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​មួយកម្រិត​ទៀត​។ ទន្ទឹមនឹងនេះ លោក​កោតសរសើរ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដែល​បាន​យកចិត្ត​ទុកដាក់​សហការ​ល្អ​ជាមួយ​ភាគី​ថៃ ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ពលរដ្ឋ​ខ្មែរ​។ ធ្វើឱ្យ​ពលរដ្ឋ​រស់នៅ​ប្រទេស​ថៃ​បានទទួល​សេវា​សុខាភិបាល​ដូច​ប្រជាជន​ថៃ និង​ជនបរទេស​ដែរ​។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក​ ឃុន ថារ៉ូ ថ្លែងថា កន្លងមក​ក្រសួង​បាន​សហការ​ជាមួយ​ថៃ​ចុះបញ្ជី​ផ្តល់​ភាពស្របច្បាប់​នេះ គឺជា​រឿង​វិជ្ជមាន​។ លោក​ជំរុញ​អាជ្ញាធរ​កម្ពុជា អនុវត្ត​ការផ្តល់​ភាពស្របច្បាប់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ដោយ​លោក​ថា តួលេខ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ច្រើន​ទាំង​តួលេខ​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​។

លោក​និយាយថា​៖ «​អ្នក​ទៅធ្វើ​ការងារ​មិនមាន​ភាពស្របច្បាប់ គឺមាន​ច្រើនណាស់ ជាពិសេស​នៅក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ ដូច្នេះ​វា​ចាំបាច់​ដែល​ត្រូវ​ជំរុញ​បន្ថែម​ទាក់ទង​រឿង​ការផ្តល់សេវា​ឱ្យ​វា​កាន់តែ​កៀក និង​ងាយស្រួល​សម្រាប់​គាត់​ក្នុង​ការរៀបចំ​បែបបទ ឯកសារ ជាពិសេស​តំបន់​ដែលមាន​ពលករ​ខ្មែរ​ធ្វើការ​ច្រើន​»​។

លោក ថារ៉ូ​ ឱ្យដឹងថា តាម​បណ្តាញ​របស់ខ្លួន ដែល​ធ្វើការ​ជាមួយ​កម្មករ​នៅ​ថៃ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផ្សេងៗ​ភាគច្រើន​មាន​បញ្ហា​ទាក់ទង​ករណី​វិវាទ​ការងារ នៅតាម ទីតាំង ទីកន្លែង​ក្រុមហ៊ុន​មួយចំនួន​។ ជាពិសេស​នៅ​វិស័យ​សំណង់​ជួប​បញ្ហា​ច្រើន ដែល​ថៅកែ​មិន​បើកប្រាក់​ឈ្នួល​ដល់​ពួកគាត់ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវ​ជួយ​អន្តរាគមន៍​ក្នុង​រឿងនេះ​។

លោក​ថា​៖ «​ព្រោះ​ពលករ​ខ្លះ​មិនទាន់​មាន​ឯកសារ​ស្របច្បាប់​ត្រឹមត្រូវ ដូច្នេះ​រឿងនេះ​និយោជក​គាត់​ងាយស្រួល​ក្នុងការ​កេងចំណេញ​កម្លាំង​ពលកម្ម និង​ប្រាក់​ឈ្នួល​ពួកគាត់​។ រីឯ​ករណី​គ្រោះថ្នាក់​ការងារ ក៏​មិនទាន់មាន​សំណង​ត្រឹមត្រូវ​នៅ​ថៃ​»​។

លោក​ អ៊ិត សំហេង ថ្លែង​ទៅកាន់​ពលករ​ខ្មែរ និង​និស្សិត​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានគិត​គូរ​យ៉ាង​ខ្លាំង​ពី​សុខទុក្ខ និង​ព្រួយបារម្ភ​ពី​សុខុមាលភាព​របស់​ពលករ​នៅក្រៅ​ប្រទេស​ជាប់​ជាប្រចាំ​៕