ព្រះសីហនុៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើ​ជា​អធិបតី​ក្នុង​ពិធី​អភិសេក​រូបសំណាក «​ព្រះថោង​នាងនាគ​» ​នៅ​ថ្ងៃទី​ ១៦ ខែមេសា ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខណៈ​គិត​ត្រឹម​ថ្ងៃទី​ ១១ ​មេសា ការដំឡើង​រូបសំណាក​នេះ​បាន​រួចរាល់​ស្ទើរ​ ១០០ ​ភាគរយ​ហើយ​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ១១ មេសា​ថា កាលពី​វេលា​ម៉ោង ២២ យប់​ថ្ងៃទី​ ១០ ខែមេសា លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និង​ក្រុមការងារ​ជំនាញ​ដែល​កំពុង​បំពេញ​ការងារ ដំឡើង​រូបសំណាក​នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ​ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់​។ លោក​ថ្លែងថា​៖ «​ក្នុងឱកាស​នោះ​ឯកឧត្ដម​អភិបាល​បាន​សំណេះសំណាល និង​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​ក្តី​នឹករឭក សួរ​សុខទុក្ខ​ពី​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូន​ដល់​បងប្អូន​កម្មករ និង​ក្រុមការងារ​ជំនាញ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​យ៉ាង​យកចិត្ត​ទុកដាក់​ទាំងយប់​ទាំង​ថ្ងៃ អស់ពី​កម្លាំងកាយ​ចិត្ត នាឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ សូម​ទទួលបាន​សិរី​សួស្តី ជ័យមង្គល​គ្រប់​ក្រុមគ្រួសារ​»​។

ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត​ក៏បាន​នាំយក​ថវិកា​របស់​លោក ហ៊ុន សែន ឧបត្ថម្ភ​ដល់​កម្មករ និង​ក្រុមការងារ​ជំនាញ​ចំនួន​ ៣៥ ​នាក់ ក្នុង ១ ​នាក់​ទទួលបាន​ថវិកា ៤០ ​ម៉ឺន​រៀល​។

លោក ភារម្យ បញ្ជាក់ថា​៖ «​ចំពោះ​ការដំឡើង​រូបសំណាក ព្រះថោង​នាងនាគ មែនទែន​ទៅ​ស្ទើរតែ​រួចរាល់​ហើយ​។ ដោយឡែក​ចំពោះ​ការរៀបចំ​ពិធី​អភិសេក​រូបសំណាក​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិតិ្តព្រឹទ្ធ​បណ្ឌិត​»​។ ការសាងសង់​រង្វង់​មូល ព្រះថោង​នាងនាគ គឺធ្វើឡើង​ក្នុង​គម្រោង​ថវិកា ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង ៣៤ ​ខ្សែ​ក្នុង​ខេត្ដ​ព្រះសីហនុ​។

កាលពី​ម៉ោង ៨ ​យប់ ថ្ងៃទី​ ៨ ខែមេសា លោក គួច ចំរើន បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង​ដំណើរការ​លើក​រូបសំណាក ព្រះថោង​នាងនាគ ដាក់គង់​លើ​បល្ល័ង្ក ហើយ​មកដល់​ម៉ោង​ ១ និង​ ៣០ ​នាទី ព្រឹក​ថ្ងៃទី​ ៩ ខែមេសា រូបសំណាក​នេះ​បាន​លើកដាក់​លើ​បល្ល័ង្ក​បាន​ដោយ​ជោគជ័យ​។

រូបសំណាក ព្រះថោង​នាងនាគ ធ្វើឡើង​ពី​ស្ពាន់​មាន​ទម្ងន់ ៦០ ​តោន កម្ពស់​ពី​ព្រះបាទ​ដល់​កំពូល​មកុដ ២១ ​ម៉ែត្រ មាន​អង្កត់ផ្ចិត ៩៩ ​ម៉ែត្រ ដាក់​លើ​បល្ល័ង្ក​កម្ពស់​ជាង ៦ ​ម៉ែត្រ សម្រាប់​ដាក់​នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិតត្រាង ស្រុក​ព្រៃនប់ ដោយ​រូបសំណាក​នេះ​ឈរ​បែរ​ព្រះភក្ត្រ​ឆ្ពោះទៅ​សមុទ្រ​រាម​។ រូបសំណាក​នេះ​ជា​រូបសំណាក​ទី​ ៣ បន្ទាប់ពី​រូបសំណាក​បដិមា​ព្រះ​ឧមាមហេសូរ នៅ​រង្វង់​មូល​ព្រះ​ឧមាមហេសូរ ស្ថិតនៅ​ភូមិ​ថ្មធំ ឃុំ​រាម ស្រុក​ព្រៃនប់ និង​រូបសំណាក សីហរាជ​មុខ​ ៣ ដែល​នៅខាងមុខ​រោងចក្រ​ស្រាបៀរ​អង្គរ ស្ថិត​នៅ​សង្កាត់​លេខ ​១ ក្រុង​ព្រះសីហនុ​។

លោក ហ៊ុន សែន កាលពី​ថ្ងៃទី​ ៩​ មិថុនា ឆ្នាំ​ ២០២១ បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​លេខ ៨២ អនក្រ.បក ស្តីពី «​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​បច្ចេកទេស​អន្តរក្រសួង​រៀបចំ​គោលនយោបាយ​គ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លី​ ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ឱ្យ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង (​គ.ប.ដ​.)»​។

តាម​ខ្លឹមសារ​អនុក្រឹត្យ គណៈកម្មការ​អន្តរក្រសួង​ដែលមាន​សមាជិក​ជា​មន្ត្រីជាន់ខ្ពស់​នៅតាម​ក្រសួង​ស្ថាប័ន​មួយចំនួន និង​អភិបាលខេត្ត​ព្រះសីហនុ សរុប ២៥ ​រូប មាន​តួនាទី និង​ភារកិច្ច ដឹកនាំ និង​សម្របសម្រួល​អន្តរក្រសួង​ស្ថាប័ន​ក្នុង​ការរៀបចំ​គោលនយោបាយ​គ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​។

គណៈកម្មការ​អន្តរក្រសួង​ក៏មាន​ភារកិច្ច​ផ្តល់​ការណែនាំ​ជា​យុទ្ធសាស្ត្រ និង​បច្ចេកទេស​ក្នុង​ការរៀបចំ​គោលនយោបាយ​គ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ តាមដាន និង​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ​គោលនយោបាយ រៀបចំ​របាយការណ៍​ពី​វឌ្ឍនភាព​នៃ​ការរៀបចំ​គោលនយោបាយ​គ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លី ជូន​ក្រុមប្រឹក្សា​រៀបចំ​ផែនការមេ និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​។

តាមរយៈ​ផែនការអភិវឌ្ឍន៍​ខេត្ដ​នេះ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិការដ្ឋ​ប្រមាណ ២៩៤ ​លាន​ដុល្លារ​អាមេរិក កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​ផ្លូវ​ជិត​ ៤០ ខ្សែ ក្នុង​ខេត្ដ​ព្រះសីហនុ​៕

វីដេអូ៖