ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចំនួន​ ៤ ធ្វើការ​សម្រេច​ក្នុង​ការពាក់ ឬ​មិន​ពាក់​ម៉ាស់ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​យក​ការទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង ដោយ​មិន​បង្ខំ​ឱ្យ​ពាក់​ម៉ាស់ ឬក៏​មិន​ពាក់​ម៉ាស់​នោះទេ គឺ​ទុកឱ្យ​ពលរដ្ឋ​ជ្រើសរើស​ដោយ​ខ្លួនឯង​។

ការសម្រេច​បែបនេះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​បាន​ពិគ្រោះយោបល់​ជាមួយ​ថ្នាក់ដឹកនាំ ដែលមាន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត​ផងដែរ កាលពី​ថ្ងៃទី​ ១០ មេសា​។ តាមរយៈ​សារសំឡេង នា​ថ្ងៃទី ​១០ ខែមេសា លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ ក្នុងនាម​រាជរដ្ឋាភិបាល សុំ​បញ្ជាក់​ និង​សម្រេច​ថា យើង​ដាក់​ខេត្ត​ ៤ គឺ​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ព្រះវិហារ ជា​ខេត្ត​ដែល​ទុក​លទ្ធភាព​ឱ្យ​បុគ្គល​ជា​អ្នកសម្រេច​ថា ពាក់​ម៉ាស់ ឬ​មិន​ពាក់​ម៉ាស់​»​។

លោក​ពន្យល់ថា ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង​ ៤​ នេះ​មិន​តម្រូវឱ្យ​ត្រូវតែ​ពាក់​ម៉ាស់​នោះទេ ប៉ុន្តែ​ទុក​លទ្ធភាព​ឱ្យ​ប្រជាជន​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ថា តើ​គួរ​ពាក់ម៉ាស់ ឬ​មិនគួរ​ពាក់​នៅក្នុង​ខេត្ត​ទាំង​ ៤ ​នេះ​។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ធ្វើ​ដូចនេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​ធ្វើការ​ទទួល​ខុសត្រូវ ដោយ​ខ្លួនឯង ដោយ​មិន​បង្ខំ​ឱ្យ​ពាក់​ម៉ាស់ ឬក៏​មិន​ពាក់​ម៉ាស់​នោះទេ គឺ​ទុកឱ្យ​ពលរដ្ឋ​ជ្រើសរើស​ខ្លួនឯង​។ សង្ឃឹមថា ប្រជាពលរដ្ឋ​របស់​យើង​នឹង​ពិចារណា​ដោយ​ខ្លួនឯង​ក្នុង​ការជ្រើសរើស​ពាក់ ឬ​មិន​ពាក់​ម៉ាស់​នេះ​»​។

ប៉ុន្តែ​លោក​ ហ៊ុន សែន ក៏បាន​បញ្ជាក់ដែរថា អ្នក​ដែល​ចេញពី​ខេត្ត​ទាំង ​៤​ នេះ​នៅពេល​ចូលទៅ​កាន់​ខេត្ត​ផ្សេង គឺ​ត្រូវតែ​ពាក់​ម៉ាស់​។ ចំណែក​អ្នក​ដែល​មកពី​ខេត្ត​ផ្សេង​ចូលក្នុង​ខេត្ត​ទាំង ​៤​ នេះ ក៏​អាច​សម្រេច​ចិត្តបាន​ដោយ​ខ្លួនឯង​ផងដែរ​ថា តើ​ពាក់ ឬ​មិន​ពាក់​ម៉ាស់ ដោយ​លោក​ទុក​សិទ្ធិ​ឱ្យ​បុគ្គល​នោះ​ជា​អ្នកសម្រេច​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​សុំ​បញ្ជាក់ថា ក្រោយ​ការចាកចេញ​ពី​ខេត្ត​ទាំង​ ៤ ​នេះ គឺ​ត្រូវតែ​ពាក់​ម៉ាស់​ជា​កាតព្វកិច្ច​ដែល​ស្ថិតនៅក្នុង​វិធានការ​សុខាភិបាល ៣ ​ការពារ និង​ ៣ ​កុំ​»​។

ការអនុវត្ត​នូវ​ការមិន​ពាក់​ម៉ាស់​ចំពោះ​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ទាំង ​៤ ​នេះ ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ឱ្យ​អនុវត្ត​ចាប់ពី​ល្ងាច​ថ្ងៃទី​ ១០ មេសា តទៅ​។ លោក​ក៏បាន​ស្នើ​ទៅ​លោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ចាត់វិធានការ ណែនាំ​លើ​វិធានការ​បន្ថែម​ដែល​ត្រូវប្រកាន់​យក​សម្រាប់​ខេត្ត​ទាំង​ ៤​ នេះ​ផងដែរ​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។

ជាមួយ​គ្នានេះ លោក​ ហ៊ុន សែន ក៏បាន​រំឭក​ទៅដល់​អាជ្ញាធរខេត្ត​ទាំង​ ៤​ នេះ ក៏ត្រូវ​ប្រុងប្រៀប​ផងដែរ​ទៅលើ​វិធានការ​ធ្វើតេស្ត​រហ័ស រក​មេរោគ​កូវីដ​ ១៩​។ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលមាន​ការសង្ស័យ ត្រូវតែ​ស្វះស្វែងរក​ការធ្វើ​តេស្ត​ពី​ក្រុមគ្រូពេទ្យ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​នេះ​ការសាកល្បង​ភាពធន់ ភាពសុំា​សហគមន៍ ដែល​យើង​បាន​អនុវត្ត​ដោយ​ជោគជ័យ​ក្នុង​រយៈពេល​កន្លងទៅ ហើយ​ខ្ញុំ​សង្ឃឹមថា ពី​ទីក្រុង​ក៏​មិន​នាំ​ជំងឺ​ទៅ​ជនបទ ហើយ​ពេល​ត្រឡប់​ពី​ខេត្ត​ទាំង​ ៤​ នេះ​វិញ​ចាំបាច់​ត្រូវតែ​ពាក់​ម៉ាស់​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​យកចិត្ត​ទុកដាក់​ពិនិត្យ តាមដាន​ឱ្យបាន​ហ្មត់ចត់ ហើយ​ក្រសួង​សុខាភិបាល ក៏ត្រូវ​តែពិនិត្យ និង​តាមដាន​ដូចគ្នា​ផងដែរ​ទៅលើ​ការអនុវត្ត វិធានការ​សាកល្បង​នេះ​។

លោក​ថ្លែងថា​៖ «​យើង​សាកល្បង​នេះ​មិនមែន​យក​ជីវិត​របស់​ប្រជាជន​ទៅ​សាកល្បង​ទេ ក៏ប៉ុន្តែ​យើង​ចង់ដឹង​ពី​ភាពធន់ ភាពសុំា​សហគមន៍​របស់​យើង ទាំង​ទីក្រុង និង​ជនបទ ហើយ​ខេត្ត​ដែល​យើង​ដាក់ឱ្យអនុវត្ត​នេះ​ជា​ខេត្ត​ដែល​គ្មាន​ឆ្លង និង​មាន​ការឆ្លង​តិចតួច​ណាស់​ក្នុង​រយៈកាល​កន្លងមក​នេះ​»​។

លោក​វេជ្ជបណ្ឌិត គួង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ ​មេសា​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ខេត្ត​ព្រះវិហារ​មិនមាន​ការរកឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ​ ១៩​ ឡើយ​។ នៅក្នុង​មន្ទីរពេទ្យ ទាំង​កន្លែង​សង្គ្រោះបន្ទាន់ និង​កន្លែង​សម្រាក​ព្យាបាល​កម្រិត​ស្រាល ក៏​មិនមាន​អ្នកជំងឺ​ដែរ ខណៈ​មាន​តិចតួច​បំផុត​អ្នកជំងឺ​ព្យាបាល​នៅតាម​ផ្ទះ​។

លោក​ប្រាប់ថា​៖ «​ស្ថានភាព​នៃ​ការឆ្លង​មេរោគ​កូវីដ​ ១៩ ​នៅក្នុង​ខេត្តព្រះវិហារ គឺមាន​ស្ថានភាព​ល្អ​មែនទែន ដោយសារ​មិនមាន​ការរកឃើញ​អ្នក​ឆ្លង​មេរោគ​នេះ ហើយ​ណាមួយ​ដោយសារតែ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​គ្របដណ្តប់​ស្ទើរតែ​ ១០០% ​ផងដែរ​ទូទាំង​ខេត្ត​ព្រះវិហារ​»​។

ទាក់ទង​នឹង​វិធានការ​ការពារ​ពី​មេរោគ​កូវីដ ​១៩ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ គឺមាន​ការយល់ដឹង​ច្រើន​ប្រមាណ​ជា​ ៨០ ​ទៅ​ ៩០%​។ ប៉ុន្តែ​នៅមាន​អ្នក​បំពាន​ខ្លះ​ផងដែរ បន្ទាប់ពី​ស្ថានភាព​នៃ​ការឆ្លង និង​ស្លាប់​មាន​ការថយចុះ​ច្រើន​។

លោក​វេជ្ជបណ្ឌិត​ គួង ឡូ ថ្លែងថា​៖ «​ខ្ញុំ​គិតថា ប្រសិនបើ​ការមិន​ពាក់​ម៉ាស់​នេះហើយ​មិនមាន​បញ្ហា​អ្វី​កើតឡើង​ទេនោះ​គឺជា​រឿង​ល្អ​មែនទែន​។ ពីព្រោះ​ប្រជាពលរដ្ឋ ត្រូវ​ចំណាយ​ក្នុង​ការទិញ​ម៉ាស់​ជាប្រចាំ​ថ្ងៃ ទោះបីជា​តម្លៃ​ម៉ាស់​ថោក​ក៏ដោយ​។ ខ្ញុំ​គិតថា សម្តេចនាយក​ធ្វើការ​សម្រេច​ដូចនេះ​ក៏​ផ្អែកលើ​ស្ថានភាព​នៃ​ការចាក់​ស្រោច​វ៉ាក់សាំង​បាន​ខ្ពស់​ផងដែរ ហើយ​ខេត្ត​ទាំង​ ៤ ​នេះ ក៏​មិនមែនជា​ខេត្ត​ដែល​មាន​ប្រជាពលរដ្ឋ​ច្រើន​កុះករ​ដែរ​»៕