មណ្ឌលគិរីៈ ក្រុមការងារ​ជំនាញ​នាយកដ្ឋាន​ជីវចម្រុះ​នៃ​ក្រសួងបរិស្ថាន​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ក្រោម​ការគាំទ្រ​ថវិកា​ពី​គម្រោង​កាមប៉ាស (CAMPAS) កំពុង​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​ស្ថានភាព​ជីវចម្រុះ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ ក្នុង​គោលបំណង ដើម្បី​រៀបចំ​ចងក្រង​ជា​ឯកសារ​ដាក់​ភ្នំ​ណាមលៀរ​ជា​តំបន់​ភូគព្ភសាស្ត្រ (Geopark) នៃ​អង្គការ UNESCO​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពីថ្ងៃ​ទី​ ១១ មេសា​ថា ការសិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​ស្ថានភាព​ជីវចម្រុះ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ​គឺមាន​ក្រុមការងារ​របស់​ក្រសួងបរិស្ថាន​ក្នុងនោះ​ក្រុម​ការងារ​របស់​មន្ទីរ​បរិស្ថាន ក៏បាន​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ចូលរួម​សហការ​លើ​ការងារ​សិក្សា​ស្រាវជ្រាវ​នេះដែរ​។ លោក​ថ្លែងថា​៖ «​ជា​គោលដៅ​រួម​របស់​យើង​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ គឺ​ធ្វើយ៉ាងណា ដើម្បី​ជំរុញ​លើ​ការដាក់​ភ្នំ​ណាមលៀរ ជា​តំបន់​ភូគព្ភសាស្ត្រ (Geopark) នៃ​អង្គការ UNESCO»​។

លោក​បានឱ្យដឹងថា ភ្នំ​ណាមលៀរ​មាន​ដុំ​ថ្មដុះ​ឡើង​ពី​ធម្មជាតិ​មាន​ទំហំ​ប្រមាណ ២៦ ​ហិកតា និង​មាន​កម្ពស់​ប្រមាណ ៣០០ ​ម៉ែត្រ លាតសន្ធឹង​កណ្ដាល​ព្រៃឈើ នៃ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ ស្ថិតក្នុង​ភូមិ​ទី​ ១ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា​។ ភ្នំ​នេះ​មាន​ចម្ងាយ​ប្រមាណ​ ៤៨​ គីឡូម៉ែត្រ ពី​ក្រុង​សែនមនោរម្យ និង​ត្រឹម ៤ ​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា-​វៀតណាម ។

ក្រសួង​បរិស្ថាន​ឱ្យដឹង​កាលពី​ថ្ងៃទី​ ១០ មេសា​ថា​៖ «​ការសិក្សា​នេះ​យើង​បែង​ចែក​ជា​ក្រុម​រួមមាន ក្រុម​ថនិកសត្វ​ធំ ក្រុម​ប្រចៀវ និង​ជ្រឹង ក្រុម​សត្វ​ស្លាប ក្រុម​ល្មូន និង​ថលជលិក ក្រុម​សត្វល្អិត​ក្នុង​ទឹក ពពួក​សប្បី​សត្វ (Mollusc) និង​ក្រុម​រុក្ខជាតិ​»​។ ក្រុម​នីមួយៗ​បាន​ប្រើប្រាស់​វិធីសាស្ត្រ​សិក្សា​ទៅតាម​ជំនាញ​រៀងៗ​ខ្លួន​ដូចជា ការដាក់​កាមេរ៉ា​ថតរូប​ស្វ័យប្រវត្តិ ខ្សែបន្ទាត់​ត្រង់​ស៊ិក ការដាក់​អន្ទាក់​មង (Mist nets) និង​អន្ទាក់​ចាប់​តាមផ្លូវ (Harp-traps) នៅពេល​យប់ ការស្តាប់​សំឡេង ការមើល​ដោយ​កែវឆ្លុះ (binoculars) ការប្រើប្រាស់​សំណាញ់​ដួស​ដោយ​ដៃ ការដាក់​ជម្រក​សិប្បនិមិ្មត (Artificial method) និង​ការជួប​សម្ភាស​ផ្ទាល់​ជាមួយ​ប្រជាជន​នៅ​តំបន់​នោះ​។ ក្នុងការ​សិក្សា​នេះ ក្រុម​ជំនាញ​ក៏បាន​ធ្វើការ​ប្រមូល​នូវ​សំណាក​សត្វ និង​រុក្ខជាតិ​មួយចំនួន សម្រាប់​រក្សាទុក និង​បំពេញបន្ថែម​សម្រាប់​ការកំណត់​អត្តសញ្ញាណ​របស់​ប្រភេទ​នីមួយៗ​ផងដែរ​។ ការសិក្សា​នេះ នឹងត្រូវ​បន្តធ្វើ​រហូតដល់​ដំណាច់​ខែមេសា ឆ្នាំ​ ២០២២​។

ក្រសួងបរិស្ថាន​បញ្ជាក់​ថា ចំពោះ​លទ្ធផល​បឋម​ពី​ការសិក្សា​គឺ​បាន​រកឃើញ​នូវ​ថនិកសត្វ​ធំ​ចំនួន​ ៧​ ប្រភេទ ពពួក​ប្រចៀវ ១៤​ ប្រភេទ បក្សី ៩៧ ​ប្រភេទ ល្មូន ថលជលិក ៣៨ ​ប្រភេទ សត្វល្អិត​ក្នុង​ទឹកបាន​ប្រមូល​សំណាក​ចំនួន ១៨ ​កែវ និង ៥៤ បំពង់​តូចៗ​។ ក្នុងចំណោម​នោះ ក៏មាន​ប្រភេទ​សត្វ​មួយចំនួន​ស្ថិតនៅ​ក្នុងការ​សង្ស័យ​អាចជា​ប្រភេទ​ថ្មី​សម្រាប់​ពិភពលោក​កំណត់ត្រា​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា និង​ប្រភេទ​ដែល​ទើប​មាន​សំណាក​ដំបូង​សម្រាប់​ប្រទេស​កម្ពុជា​។

បើតាម​អង្គការ UNESCO ឧទ្យាន​ភូគព្ភសាស្ដ្រ​សកលលោក​យូណេស្កូ គឺជា​កេរ្តិ៍ឈ្មោះ​ដ៏​ថ្លៃថ្នូ​សម្រាប់​តំបន់​ធម្មជាតិ​ដែលមាន​ព្រំដែន ភូមិសាស្ត្រ​រដ្ឋបាល​យ៉ាងច្បាស់លាស់ ដែល​មាន​ផ្ទុក​នូវ​បេតិកភណ្ឌ​ភូគព្ភសាស្ដ្រ​ភូមិសាស្ត្រ លំដាប់​អន្តរជាតិ​ដែលមាន​តម្លៃ​ខាង​វិទ្យាសាស្ត្រ អប់រំ និង​សោភណភាព រួម​ជាមួយ​គុណ​តម្លៃ​ដទៃទៀត​នៃ​ជីវចម្រុះ​បុរាណវិទ្យា​ប្រវត្តិសាស្ត្រ និង​វប្បធម៌​សង្គម​ជាដើម​។ តាម​អង្គការ UNESCO ក្នុង​ឆ្នាំ​ ២០២១ គឺមាន​ឧទ្យាន​ភូគព្ភសាស្ត្រ​សកល​ចំនួន ១៦៩ ក្នុង​ចំណោម​ប្រទេស​ចំនួន​ ៤៤ ដែល​បាន​ដាក់ចូល​ជា ឧទ្យាន​ភូគព្ភសាស្ត្រ នៃ​អង្គការ UNESCO៕