សៀមរាបៈ រដ្ឋបាល​ស្រុក​បន្ទាយស្រី​បាន​បើក​យុទ្ធនាការ “​គ្មាន​ថង់​ប្លាស្ទិក​” ​ក្នុង​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំប្រពៃណីជាតិ​ខ្មែរ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​ ១១ ​រហូតដល់​ថ្ងៃទី​ ១៧ ​មេសា​ដោយ​បង្វែរ​ឱ្យ​អាជីវករ​លក់ដូរ ងាក​មក​ប្រើ​ស្លឹក​ឈូក និង​ស្លឹកចេក សម្រាប់​ការវេចខ្ចប់ ដើម្បី​ចូលរួម​កាត់បន្ថយ​ប្លាស្ទិក និង​លើកកម្ពស់​បរិស្ថាន​។

អភិបាលស្រុក​បន្ទាយស្រី​លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ដោយ​បានទទួល​ការស្ម័គ្រចិត្ត​ចូលរួម​ពី​សំណាក់​អាជីវករ និង​អ្នកលក់ដូរ​ទាំងអស់​នៅលើ​ដងផ្លូវ​ឆ្លងកាត់​ភូមិ​ព្រះដាក់ រដ្ឋបាល​ស្រុក រួមទាំង​រដ្ឋបាល​ឃុំ​ព្រះដាក់​នឹង​សាកល្បង​បើក​យុទ្ធនាការ​ «​ព្រះដាក់​គ្មាន​ថង់​ប្លាស្ទិក​» ​សម្រាប់​រយៈពេល​ពេញ ​១ ​សប្តាហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃទី ​១១ ​រហូតដល់​ថ្ងៃទី​ ១៧ ខែមេសា ពោលគឺ​ក្នុងអំឡុងពេល​បុណ្យ​ចូលឆ្នាំថ្មី​តែម្តង​។ ដោយ​សង្កេតឃើញថា សំរាម​តែងតែ​មាន​ការកើនឡើង​យ៉ាងគំហុក​នៅ​រៀងរាល់​ពេល​មានបុណ្យ​ទាន​ធំៗ ជាពិសេស​គឺ​ប្រភេទ​សម្បក​វេច​ខ្ចប់​ប្លាស្ទិក​នេះ​តែម្តង ដែល​ភាគច្រើន​ត្រូវបាន​បោះចោល​រាយប៉ាយ​យ៉ាង​ឥត​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​សាធារណៈ​នានា ទើប​រដ្ឋបាល​ស្រុក បន្ទាយស្រី សម្រេច​ជ្រើស​យក​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ ដើម្បី​លើកទឹកចិត្ត​ឱ្យ​អ្នក​ភូមិ​ព្រះដាក់​ចាប់ផ្តើម​មាន​ទម្លាប់​បដិសេធ​ការប្រើប្រាស់​ថង់​ប្លាស្ទិក និង​លើកកម្ពស់​ការយល់ដឹង​ពី​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ក្នុងចំណោម​ភ្ញៀវទេសចរ​ដែល​បាន​ឆ្លងកាត់​ភូមិ​ព្រះដាក់ ក៏ដូចជា​ក្រើនរំឭក កុំឱ្យ​មានការ​បោះចោល​សំរាម​ពាសវាល​ពាសកាល​។

លោក​ឱ្យដឹងថា​៖ «​បងប្អូន​អាជីវករ​អ្នក​លក់ដូរ​នៅក្នុង​ភូមិ​ព្រះដាក់​ដែល​ភាគច្រើន​ជា​អ្នកលក់​មាន់​អាំង កង្កែប​បោប នឹង​ងាក​មក​ប្រើ​ស្លឹក​ឈូក ស្លឹកចេក និង​ខ្សែ​សង្វារ​ចេក សម្រាប់​ការវេចខ្ចប់​ជំនួស​វិញ ដែលជា​ជម្រើស​ដ៏ល្អប្រសើរ​មួយ​សម្រាប់​បរិស្ថាន ក៏ដូចជា​បាន​ជួយ​គាំទ្រ​ដល់​ការប្រើប្រាស់​វត្ថុ​ធាតុដើម​ក្នុងស្រុក​ផងដែរ​»​។ ជាមួយ​គ្នានេះដែរ តូប ឬ​ហាង​ណា​ដែល​អនុវត្ត​បានល្អ​ជាង​គេ ហើយ​អាច​ផ្តល់​ភាពជា​គំរូ​ដល់​អ្នកដទៃ​បាន​នឹង​ទទួលបាន​បណ្ណ​សរសើរ និង​រង្វាន់​លើកទឹកចិត្ត​ពី​រដ្ឋបាល​ស្រុក​នៅក្រោយ​បញ្ចប់​កម្មវិធី​។ លោក ឃឹម ហ្វីណង់ ឱ្យដឹងទៀតថា ស្របពេល​ដែល​រដ្ឋបាលខេត្ត​សៀមរាប​រៀបចំ​កម្មវិធី​សង្ក្រាន្ត​សៀមរាប​នោះ រដ្ឋបាល​ស្រុក​បន្ទាយស្រី​ក៏បាន​រៀបចំ​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន ទីងមោង​យក្ស​នៅក្នុង​ភូមិ​ព្រះដាក់ នា​ថ្ងៃទី​ ១៣ មេសា​។ កម្មវិធី​ទាំងនេះ អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​ដល់​ភូមិ​ព្រះដាក់​បាន​ច្រើន និង​ជួយ​ទិញ​នំចំណី ម្ហូបអាហារ និង​ផលិតផល​ក្នុង​ភូមិ​ផ្សេងៗ​ទៀត ដែលជា​ឱកាស​ស្វែងរក​ប្រាក់​ចំណូល ដើម្បី​លើកស្ទួយ​ជីវភាព​សេដ្ឋកិច្ច​គ្រួសារ​ផងដែរ​។

លោក​ ឃឹម ហ្វីណង់ បន្តទៀតថា ទន្ទឹម​នោះដែរ រដ្ឋបាល​ស្រុក​បានផ្តល់​ផ្កាក្ងោក​តូច​ជាង ២០០​ ដើម​ដែល​ទទួល​បាន​ពី​ការបរិច្ចាគ​របស់​សប្បុរសជន​ចែកជូន​ដល់​បងប្អូន​អ្នកភូមិ និង​បាន​សំណូមពរ​ឱ្យ​ពួកគាត់​ជួយ​រៀបចំ​បរិស្ថាន​នៅតាម​មុខផ្ទះ​រៀងៗ​ខ្លួន និង​ភូមិឋាន​ទាំងមូល​ឱ្យបាន​ល្អ​ស្អាត ជាពិសេស​លើ​ការគ្រប់គ្រង​សំរាម ទាំង​ការសម្អាត​ត្រៀម​មុនពេល​ចូលឆ្នាំ និង​ការ​បោសសម្អាត ក្រោយពេល​ចូលឆ្នាំ​ឱ្យ​ស័ក្តិសម​នឹង​កេរ្តិ៍ឈ្មោះ​ជា​ភូមិ​បេតិកភណ្ឌ ភូមិ​ទេសចរណ៍ ភូមិ​គំរូ​លើ​ការងារ​បរិស្ថាន​។

សមាជិក​ក្រុមយុវជន​ស្ម័គ្រចិត្ត​បរិស្ថាន​ក្រៀល​កម្ពុជា​លោក យ៉ាន សុភា បាន​ថ្លែងថា គម្រោង​នេះ​ជា​គំនិត​ផ្តួចផ្តើម​មួយ​ដ៏ល្អ ដែល​អាចរួមចំណែក​កាត់បន្ថយ​ប្លាស្ទិក​ផង និង​បញ្ជ្រាប​ចំណេះដឹង​បន្ថែម​ដល់​អ្នកចូលរួម​​ផងដែរ​។ ទន្ទឹមនេះ​លោក​ស្នើ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ជាមួយ​រដ្ឋបាល​ស្រុក​ក្នុង​ផែនការ​កាត់បន្ថយ​ថង់​ប្លាស្ទិក​ ឬ​កែច្នៃ​ការប្រើប្រាស់​ប្លាស្ទិក​ឡើងវិញ ដើម្បី​លើកកម្ពស់​បរិស្ថាន​។ លោក​ថា​៖ «​បើសិនជា​អាច​យើង​អត់​ប្រើ​ប្លាស្ទិក​តែម្តង ទាល់តែ​ចាំបាច់​បំផុត​ដែល​យើង​ចៀសវាង​អត់​បាន​ចាំ​ប្រើ ឧទាហរណ៍ ពេល​ទៅ​ផ្សារ​គឺ​គោលបំណង​យើង ដឹងថា​ទិញ​អី​ខ្លះ អ៊ីចឹង​គួរតែ​ត្រៀម​កន្ត្រក ឬ​សម្ភារ​សម្រាប់​ដាក់​ពី​ផ្ទះ​ឱ្យ​ហើយ នេះហើយ​ដែលជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ផ្សេងទៀត​អាច​កាត់បន្ថយ​ប្លាស្ទិក​បាន​»​។

យោង​របាយការណ៍​ក្រសួង​បរិស្ថាន​បច្ចុប្បន្ន​នេះ ថង់​ប្លាស្ទិក​ប្រមាណ ១០ លាន​ថង់ ត្រូវបាន​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​នៅក្នុង​ទីក្រុង​ភ្នំពេញ ខណៈដែល​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​ដែល​រស់នៅក្នុង​ទីក្រុង​នានា ប្រើប្រាស់​ថង់​ប្លាស្ទិក​ជាង ២ ​ពាន់​ថង់​ក្នុង​ ១​ ឆ្នាំ ហើយ​កំណើន​បរិមាណ​សំណល់​ប្លាស្ទិក​បាន​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន ជីវចម្រុះ សុខភាព​មនុស្ស និង​សេដ្ឋកិច្ចជាតិ​៕