កំពង់ចាមៈ បុរស​លេងល្បែង​ភ្នាល់​ជល់មាន់ និង​ល្បែង​អាប៉ោង ​១៥​ នាក់ ​ត្រូវបាន​នគរបាល​ខេត្ត​កំពង់ចាម​ បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ១១ មេសា បន្ទាប់ពី​ឃាត់ខ្លួន​បាន​ ១​ ថ្ងៃ នៅ​ភូមិ​-​ឃុំ គោករវៀង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។

លោក​ ហេង វុទ្ធី ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ចាម​ឱ្យដឹង​នា​ថ្ងៃទី​ ១១ មេសា​ថា ជនសង្ស័យ​ជា​មនុស្ស​ប្រុស​ចំនួន​ ១៥ ​នាក់ ត្រូវបាន​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម​នៅ​ព្រឹក​ថ្ងៃទី​ ១១ មេសា​។ ការឃាត់​ខ្លួន​នេះ បន្ទាប់ពី​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ទទួលបញ្ជា​ពី​លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម​។

លោក​ថ្លែងថា​៖ «​ករណី​ក្រុម​ជនសង្ស័យ​ខាងលើនេះ ខ្ញុំ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ព្រឹក​មិញ​អស់ហើយ [​ថ្ងៃទី​ ១១ មេសា​]​។ ចំពោះ​ការចោទប្រកាន់​បឋម​របស់​សមត្ថកិច្ច​យើង​ពាក់ព័ន្ធ​នឹង​បទ​ល្បែងស៊ីសង​»​។

ចំពោះ​ការឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​លោក ហេង វុទ្ធី មិនបាន​បញ្ជាក់​លម្អិត​ឡើយ​។ ប៉ុន្តែ​បើតាម​មន្ត្រីនគរបាល​ស្រុក​ជើងព្រៃ ​១ ​រូប​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់ថា នគរបាល​ស្រុក​ជើងព្រៃ​មិនបាន​ចុះ​អនុវត្ត​ផ្ទាល់​ទេ ប៉ុន្តែ​ខាង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ជា​អ្នក​បង្ក្រាប ហើយ​នគរបាល​ស្រុក​ជើងព្រៃ​បាន​ចូលរួម​សហការ​បង្ក្រាប​។

មន្ត្រីនគរបាល​បន្តថា ការចុះ​បង្ក្រាប​នេះ​បន្ទាប់ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ជើងព្រៃ​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​អ្នកភូមិ​ថា មាន​មនុស្ស​មួយក្រុម​លួច​លេងល្បែង​ភ្នាល់​ជល់​មាន់​។ បន្ទាប់ពី​ទទួលបាន​សេចក្តី​រាយការណ៍​នេះ ក៏​រាយការណ៍​បន្តទៅ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ហើយក៏​ចុះមក​បង្ក្រាប​តែម្តង​។

មន្ត្រី​រូបនោះ​ថា​៖ «​នេះ​ជាការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ហើយ​ការងារ​នេះ កម្លាំង​សមត្ថកិច្ច​របស់​ស្រុក​ជើង​ព្រៃ​តែងតែ​អនុវត្ត​ជាប្រចាំ​។ អំពើ​ភ្នាល់​ល្បែង​នេះ ទោះជា​ប្រភេទ​ណាក៏ដោយ ក៏​មិនត្រូវ​ឱ្យមាន​ដែរ​នៅក្នុង​មូលដ្ឋាន​យើង​»៕