ភ្នំពេញៈ លោក ឆាយ វិសុទ្ធ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ឱ្យដឹងថា ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មិនទាន់​មាន​គម្រោង​តភ្ជាប់​បំណែក​ព្រះហស្ត​ព្រះបាទ​ជ័យវរ្ម័នទី​ ៧ ដែល​បាន​រកឃើញ​តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ភ្ជាប់​ទៅនឹង​រូប​ចម្លាក់​ព្រះអង្គ​ដែល​កំពុង​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​នៅឡើយ​ទេ ដោយហេតុថា ការងារ​នេះ​កំពុង​​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​។

លោក ឆាយ វិសុទ្ធ ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១០ មេសា​ថា បំណែក​ព្រះហស្ត​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧​នេះ គឺ​បាន​រកឃើញ​តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ដោយ​បុរាណ​វិទូ​ខ្មែរ លោក មីសែល ត្រាណេ​។

លោក​ថ្លែងថា​៖ «​កិច្ចការងារ​នេះ​រឿង​ដែល​សំខាន់ គឺ​យើង​ត្រូវ​ជជែក​ស្នើសុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​សិន​។ ទាល់តែ​ថ្នាក់ដឹកនាំ​អនុញ្ញាត​ឱ្យ​យើង​ធ្វើការ​សិក្សា​តភ្ជាប់​ព្រះហស្ត​ទៅនឹង​រូប​ព្រះអង្គ​នោះបាន​យើង​ធ្វើ​បន្ត​។ ប៉ុន្ដែ​បើ​មិនទាន់​មាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ យើង​ក៏​មិនទាន់​ហ៊ាន​ធ្វើ​អ្វី​ដែរ​លើ​កិច្ចការងារ​នេះ​»​។

លោក​បញ្ជាក់ថា​៖ «​ប៉ុន្ដែ​ទោះជា​យ៉ាងណា​ជា​លក្ខណៈ​បច្ចេកទេស យើង​ក៏បាន​គិតគូរ​ដែរ​ជាមួយ​ក្រុមការងារ​បច្ចេកទេស គឺ​បាន​គិតគូរ​មុន​ដែរ​ថា ក្នុងករណី​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​អនុញ្ញាត​ថា​តើ​យើង​គួរ​តភ្ជាប់​យ៉ាងម៉េច​»​។

លោក​លើកឡើងថា កិច្ចការងារ​តភ្ជាប់​បំណែក​ព្រះហស្ត​នេះ ការងារ​ដែល​សំខាន់​គឺ​ការផ្សព្វផ្សាយ​ជាមុន គឺត្រូវធ្វើ​ការ​ផ្សព្វផ្សាយ​ជាមុន​ឱ្យបាន​ទូលំទូលាយ​។ ក្រៅពីនេះ​គឺ ត្រូវ​ស្នើសុំ​គោលការណ៍​ទៅ​ថ្នាក់ដឹកនាំ​ក្រសួង សម្រាប់​ការពិនិត្យ​លទ្ធភាព​ក្នុង​ការតភ្ជាប់​បំណែក​ព្រះហស្ត​នេះ​ឡើងវិញ​។

លោក វិសុទ្ធ ថ្លែងថា​៖ «​ព្រះហស្ត​ព្រះអង្គ យើង​រកឃើញ​តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ មក​ម្ល៉េះ​ដោយ​លោក បណ្ឌិត មីសែល ត្រាណេ ប៉ុន្ដែ​កាលនោះ​យើង​មិនបាន​ធ្វើការ​ផ្សព្វផ្សាយ​អ្វី​ទេ ព្រោះ​ក្រុមការងារ​បច្ចេកទេស​មិនទាន់បាន​យក​ព្រះហស្ត​នេះ​មក​សារមន្ទីរ​ជាតិ​នៅ​រាជធានី​ភ្នំពេញ​។ ​ប៉ុន្ដែ​ក្រោយមក​ក៏មាន​ជនជាតិ​បារាំង​ក៏បាន​យក​រឿងនេះ​ទៅធ្វើ​បទបង្ហាញ​ខ្លះ​ដែរ​»​។

លោក​បញ្ជាក់ថា​៖ «​យើង​មិនទាន់​គិតគូរ​ក្នុង​ការតភ្ជាប់​អី​ទេ ពីព្រោះ​កិច្ចការងារ​នេះ​គឺ​ត្រូវការ​ពេលវេលា​ដើម្បី​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជាពិសេស​គឺ​លោកជំទាវ​រដ្ឋមន្ដ្រី​»​។

បើតាម​លោក វិសុទ្ធ ក្រុម​ការងារ​បច្ចេកទេស​កំពុង​ពិនិត្យ​លើ​លទ្ធភាព ទាំង​ផលវិជ្ជមាន និង​អវិជ្ជមាន ពីព្រោះ​កិច្ចការងារ​នេះ​អាច​មាន​ប្រតិកម្ម​ពី​មហាជន ដោយសារតែ​ប្រជាជន​ខ្មែរ​ភាគច្រើន​បាន​ស៊ាំ​ទៅនឹង​រូបចម្លាក់​របស់​ព្រះអង្គ​ដែល​គ្មាន​ព្រះហស្ត​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​។

លោក​ថា​៖ «​អ៊ីចឹង​ក្រែង​នៅពេល​យើង​យកទៅ​ភ្ជាប់ ដោយ​អត់​មាន​សេចក្ដី​ពន្យល់​ណាមួយ ផ្សព្វផ្សាយ​ជូន​សាធារណជន​ដឹងឮ​វា​ទៅជា​មាន​ផលអវិជ្ជមាន​វិញ​។ ដូច្នេះ​ការងារ​នេះ គឺ​ស្ថិតនៅ​ក្នុងដំណាក់កាល​យើង​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​នៅឡើយ​ទេ​»​។

ទាក់ទង​នឹង​រូបភាព​ដែល​ផ្សព្វផ្សាយ ការសាកល្បង​ផ្គូផ្គង​ព្រះហស្ត​ព្រះអង្គ​ទៅនឹង​រូបចម្លាក់​កាលពីពេល​ថ្មី​នេះ​លោក វិសុទ្ធ បញ្ជាក់ថា ដោយសារ​លោកស្រី​រដ្ឋមន្ដ្រី ត្រូវ​មាន​កិច្ចការ​នៅ​សារមន្ទីរ​ជាតិ ហើយ​ឱកាស​នោះ​ក៏​ស្នើឱ្យ​ក្រុមការងារ​បច្ចេកទេស​ផ្គូផ្គង​សាកល្បង​ ដើម្បី​ជូន​លោកស្រី​រដ្ឋមន្ដ្រី​ពិនិត្យមើល​ដោយផ្ទាល់​ប៉ុណ្ណោះ​។

លោក​បញ្ជាក់ថា​៖ «​ការងារ​នេះ ត្រូវការ​ការផ្សព្វផ្សាយ​គឺជា​រឿង​មួយ ប៉ុន្ដែ​ក៏ត្រូវ​ការ​ការសិក្សា​ជាមួយ​ក្រុមបច្ចេកទេសរ​បស់​យើង​ដែរ​ក្នុង​ការតភ្ជាប់​យ៉ាងម៉េច ដាក់​យ៉ាងម៉េច ដើម្បី​កុំឱ្យ​បាក់​»​។ បើតាម​លោក វិសុទ្ធ បំណែក​ព្រះហស្ត​នេះ​មាន​ទម្ងន់​ធ្ងន់ រកឃើញ​ព្រះហស្ត​ពេញលេញ​ល្អ​គឺ​ព្រះហស្ត​ខាង​ស្ដាំ​។ ប៉ុន្ដែ​ព្រះហស្ត​ខាងឆ្វេង​បាន​បាក់​ម្ខាង​ត្រង់ចំណុច​កំភួនដៃ​ដល់​ដើមដៃ​។ ការងារ​ការតភ្ជាប់​នេះ គឺមាន​ការលំបាក​ទេ ព្រោះ​ជា​ការងារ​បច្ចេកទេស ដែល​ត្រូវការ​ពេល​សិក្សា​ថា ត្រូវធ្វើ​យ៉ាងណា គឺ​មិនអាច​តភ្ជាប់​ទាំង​ប្រថុយប្រថាន​បាន​ទេ​។ ព្រះហស្ត​រកឃើញ​នេះ គឺធ្វើឡើង​ពី​ថ្មភក់​ហើយ​ជា​ព្រះហស្ត​ផ្ទាល់​របស់​រូបចម្លាក់​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ ដែល​កំពុង​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​៕