ព្រះវិហារៈ អគារ​ថ្មី​នៃ​មន្ទីរពេទ្យបង្អែក​ជាំក្សាន្ត​ដែលជា​សមិទ្ធផល​ថ្មី​មួយ​សម្រាប់​ខេត្ត​ព្រះវិហារ​ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ​ត្រូវ​បានដាក់​សម្ពោធ​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១០ ខែមេសា បន្ទាប់ពី​បានចាប់ផ្ដើម​សាងសង់​កាលពី​ឆ្នាំ​ ២០២០ ដោយ​ចំណាយ​ថវិកា អស់​ជាង ៣ ៤០០ ​លាន​រៀល​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​លោក គួង ឡូ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ១១ ខែមេសា ថា ស្រុក​ជាំក្សាន្ត​ជា​ស្រុក​មួយ​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើនជាងគេ​ដែលមាន​ជិត​ ៦​ ម៉ឺន​នាក់ ហើយពី​ស្រុក​ជាំក្សាន្ត​មក​ទី​រួម​ខេត្ត​គឺមាន​ចម្ងាយ​ផ្លូវ​រហូតដល់​ប្រហែល​ ១០០ ​គីឡូម៉ែត្រ​។

លោក​បាន​ថ្លែងថា​៖ «​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជាំក្សាន្ត​នេះ​ពិត​ជាមាន​សារៈប្រយោជន៍​សំខាន់​ណាស់​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​យើង​នៅ​ស្រុក​ជាំក្សាន្ត​នេះ ហើយ​ជា​មន្ទីរពេទ្យ​មួយ បង្អែក​ឱ្យ​មណ្ឌល​សុខភាព​ចំនួន​​ ១៣​ ក្នុងស្រុក​ជាំក្សាន្ត​នេះដែរ​»​។

លោក​ គួង ឡូ បាន​បញ្ជាក់ថា អគារ​ព្យាបាល​ថ្មី​​ ១ ខ្នង​នេះ មាន​ទំហំ ៣៧,៦ ​ម៉ែត្រ គុណ​ ១៨ ​ម៉ែត្រ មាន​កម្ពស់ ​២ ​ជាន់ មាន​ ១៧ ​បន្ទប់​ដែល​បានចាប់ផ្តើម​សាងសង់​កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​ ២០២០ និង​បាន​សាងសង់​រួច​​នៅ​ដើរ​ខែកញ្ញា ឆ្នាំ​ ២០២១ ហើយ​បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​កាលពី​ថ្ងៃទី​ ១០ ខែមេសា ដោយ​ចំណាយ​ថវិកា​សាងសង់​ និង​បំពាក់​សម្ភារ​សរុប​ចំនួន​ជាង ៣ ៤៤៨​ លាន​រៀល​។

នៅក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី​នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​លើកឡើង​ថា បច្ចុប្បន្ននេះ នៅតាម​តំបន់​ព្រំដែន​ដាច់ស្រយាល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​ជាច្រើន ដែល​នេះ​គឺជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បានផ្តល់​អនុសាសន៍​ ​និង​ថវិកា​ដើម្បី​សាងសង់​។

ជាមួយ​គ្នា​នោះដែរ លោក ម៉ម ប៊ុនហេង បាន​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ឱ្យ​ខិតខំ​បន្តទៀត​ដោយ​ធ្វើយ៉ាងណា​ផ្តល់​សេវា​សុខភាព​ប្រកបដោយ​សមធម៌ ប្រសិទ្ធភាព គុណភាព​ និង​សុវត្ថិភាព​ដល់​ប្រជាជន ដោយ​មិន​ទុកឱ្យ​នរណាម្នាក់​មិនបាន​ថែទាំ​សុខភាព​នោះឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្ត​គាំទ្រ​សហការ​ឱ្យបាន​ជិតស្និទ្ធ ធានា​ការប្រើប្រាស់​អគារ​សម្រាប់​ព្យាបាល​ថ្មី​នេះ​ជា​គុណប្រយោជន៍​សម្រាប់​ប្រជាជន​នៅ​ស្រុក​ជាំក្សាន្ត រយៈពេល​យូរអង្វែង ដែល​នេះ​ជា​ការរួមចំណែក​កាត់បន្ថយ​អត្រា​ឈឺ​ និង​ស្លាប់​របស់​មាតា ទារក និង​កុមារ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​ក៏ដូចជា​ការរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​»​។

លោក​ គួង ឡូ បាន​ប្រាប់​ឱ្យដឹងទៀតថា​ក្នុង​ខេត្តព្រះវិហារ​មាន​មន្ទីរពេទ្យបង្អែក​ចំនួន​ ២ គឺ​មន្ទីរពេទ្យបង្អែក​ខេត្ត ​និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជាំក្សាន្ត​។

លោក​ថា​៖ «​ក្រៅពី​មន្ទីរពេទ្យ​បង្អែក​ទាំង​ ២​ នេះ យើង​ក៏មាន​មណ្ឌល​សុខភាព​ចំនួន​ ៣០​ មណ្ឌល ប៉ុស្ដិ៍​សុខភាព​ចំនួន​ ១៧ ​ប៉ុស្តិ៍ ហើយ​នៅ​ថ្ងៃ​ខាងមុខ​ទៀត យើង​មាន​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការគ្របដណ្តប់​ដោយមាន​គម្រោង​បង្កើត​នូវ​មន្ទីរពេទ្យ​ ១ ​ទៀត នៅ​ស្រុក​រវៀង ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​ជា​ ១០០ ​គីឡូម៉ែត្រ​ពី​ខេត្តហើយ​ក៏មាន​ប្រជាពលរដ្ឋ​ច្រើន​ផងដែរ​»៕