ភ្នំពេញៈ ក្រសួងបរិស្ថាន តាមរយៈ​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ​កម្ពុ​ជា (CSLEP) បាន​ស្នើសុំ​ដល់​សាធារណជន​ចូលរួម​ផ្ដល់​មតិ​ទៅលើ​ការអភិវឌ្ឍ​អេកូទេសចរណ៍​ក្នុង​តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញ និង​បឹង​ទន្លេសាប​ក្នុង​ខេត្ដ​កោះកុង សៀមរាប និង​កំពង់ស្ពឺ​ដើម្បី​ជួយ​ក្រុមការងារ​ឈានទៅ​រៀបចំ​ និង​កសាង​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ចក្ខុវិស័យ និង​ផែនការ​វិនិយោគ​អេកូទេសចរណ៍​ក្នុង​តំបន់​នេះ​។ នេះ​បើតាម​សេចក្ដី​ជូនដំណឹង​ក្រសួងបរិស្ថាន​ក្រោម​ប្រធានបទ​៖

ព្រឹត្តិការណ៍​ស្ទង់​មតិ​ពី​សាធារណជន​ទៅលើ​ការអភិវឌ្ឍ​អេកូទេសចរណ៍​ក្នុង​តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញ និង​បឹង​ទន្លេសាប ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​កាលពី​ថ្ងៃទី​ ១០ មេសា​នេះ​។

សេចក្ដី​ជូនដំណឹង​បញ្ជាក់​​ថា​៖ «​ក្រសួងបរិស្ថាន តាមរយៈ​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា (CSLEP) សូម​ធ្វើការ​ស្នើសុំ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ចូលរួម​ផ្តល់​គំនិត​យោបល់​ក្នុង​ព្រឹត្តិការណ៍​ស្ទង់​មតិ​ពី​សាធារណជន​ទៅលើ​ការអភិវឌ្ឍ​អេកូទេសចរណ៍​ក្នុង​តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញ និង​បឹង​ទន្លេសាប​»​។

ក្រសួង​បញ្ជាក់ថា ការចូលរួម​ពី​សាធារណជន​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​ពិតជា​មានតម្លៃ​ក្នុង​ការជួយ​ក្រុមការងារ​នៃ​គម្រោង​ដើម្បី​ឈានដល់​ការរៀបចំ និង​កសាង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ចក្ខុវិស័យ និង​ផែនការ​វិនិយោគ​អេកូទេសចរណ៍​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ពាមក្រសោប និង​ដែនជម្រក​សត្វព្រៃ​តាតៃ​ក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង​។ តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ និង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម «​ភ្នំ​គូលែន​» ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​។ ​ដើម្បី​ចូលរួម​ការស្ទង់មតិ​នេះ ក្រសួង​បានផ្ដល់​តំណ​ភ្ជាប់​ខាងក្រោម​ដោយមាន​ជ្រើស​ភាសា​ខ្មែរ និង​អង់គ្លេស និង​ទីតាំង​ដែល​សាធារណជន​ពេញចិត្ត​ក្នុង​ការផ្ដល់​មតិ​។ តំណភ្ជាប់​នោះ​រួមមាន ខេត្ដ​កោះកុង https://forms.gle/REtXZvueNDvypgXD8​។

ខេត្តសៀមរាប https://forms.gle/F9uK1eJR1dHibvB4A និង​ខេត្ត​កំពង់ស្ពឺ https://forms.gle/Ec2sNxjrtiHJbDv76​។ ក្រសួង​បញ្ជាក់ថា ការស្ទង់មតិ​នេះ​នឹង​បន្ត​រហូតដល់​ថ្ងៃទី​ ១៦ មេសា ២០២២​។

លោក ឃិន ម៉េងឃាង ប្រធាន​គ្រប់គ្រង​គម្រោង «​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា​» និង​ជា​ប្រធាន​នាយកដ្ឋាន​ទេសចរណ៍​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​ថ្លែង​កាលពី​ថ្ងៃទី​ ១០ មេសា​នេះ​ថា ក្រសួងបរិស្ថាន បាននិងកំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អេកូទេសចរណ៍​នៅ​តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញ​ និង​បឹង​ទន្លេសាប​។

លោក​បានឱ្យដឹងថា គោលដៅ​ទេសចរណ៍​មួយ​នៅក្នុង​ចំណោម​គោលដៅ​ជាច្រើន​ក្នុង​តំបន់​ទេសភាព​នេះ​ដែល​ត្រូវ​បានកំណត់​អាទិភាព​សម្រាប់​ការអភិវឌ្ឍ​អេកូទេសចរណ៍​គឺ ដែនជម្រក​សត្វព្រៃ​តាតៃ និង​ដែនជម្រក​សត្វព្រៃ​ពាម​ក្រសោប​។

លោក​ថ្លែងថា​៖ «​ការស្ទង់មតិ​នេះ​ធ្វើឡើង​ដើម្បី​សិក្សា​ស្វែងយល់​ពី​ការយល់ឃើញ និង​មតិយោបល់​ផ្សេងៗ​ពី​សាធារណជន​ទៅលើ​អនុសាសន៍​ផ្សេងៗ​គ្នា​សម្រាប់​ការកែលម្អ និង​អភិវឌ្ឍ​ដែនជម្រក​សត្វព្រៃ​តាតៃ​ និង​ដែនជម្រកសត្វព្រៃ​ពាមក្រសោប​»​។

បើតាម​លោក ម៉េងឃាង កម្រង​សំណួរ​នេះ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់ព័ត៌មាន​ដល់​សាធារណជន និង​ជា​ជំនួយ​ដើម្បី​ស្វែងយល់​អំពី​ការយល់ឃើញ និង​ការយល់ដឹង​របស់លោក​អ្នក​អំពី​ការអភិវឌ្ឍ​អេកូទេសចរណ៍​នៅក្នុង ​និង​ជុំវិញ​ដែនជម្រកសត្វព្រៃ​តាតៃ និង​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​។

លោក​ថ្លែងថា កម្រង​សំណួរ​នេះ សាធារណជន​អាច​ចំណាយពេល​ត្រឹមតែ​ ១០ ​ទៅ​ ១៥ ​នាទី​ក្នុងការ​ផ្ដល់​មតិ​។ ការស្ទង់មតិ​នេះ​គឺជា​ការស្ម័គ្រចិត្ត និង​រក្សា​ការសម្ងាត់​។ កម្រង​សំណួរ​នេះ មាន​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​។ សាធារណជន​អាចបំពេញ​ជា​ភាសា​ណាមួយ​ក៏បាន​។ រីឯ​ការវិភាគ​មតិ ចម្លើយ​នីមួយៗ​ត្រូវបាន​រក្សា​ការសម្ងាត់ និង​បញ្ចូល​គ្នា​សម្រាប់​ធ្វើការ​វិភាគ​ជារួម​។ មិនមាន​ការឆ្លើយតប​ណាមួយ ដែល​នឹង​លើក​យកមក​បង្ហាញ​តែ​ឯកឯង​ទេ​។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ជា​មូលដ្ឋាន​នៃ​ការសម្រេច​ចេញ​ជា​រូបរាង​នូវ​ផែនការ​យុទ្ធសាស្ត្រ​។

លោក​ថ្លែងថា កម្រង​សំណួរ​នេះ​ជា​ដំណើរការ​បន្ត​ជាប់​ក្នុង​ការ​រួមផ្សំ​នូវ​គំនិត​របស់​ភាគី​ពាក់ព័ន្ធ​នានា​មាន​ជាអាទិ៍ ប្រជាជន អាជ្ញាធរ​ក្នុង​មូលដ្ឋាន វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​។ ដូចនេះ អនុសាសន៍​ទាំងឡាយ​កើតចេញពី​កម្រង​សំណួរ​នេះ គឺជា​ទម្រង់​ដើម និង​ជា​កម្មវត្ថុ​នៃ​ការសម្រេចចិត្ត​ចុងក្រោយ​របស់​ក្រសួង​បរិស្ថាន​។

បើតាម​លោក ម៉េងឃាង ក្រសួង​បរិស្ថាន ក្រោម​ក្របខ័ណ្ឌ​គម្រោង CSLEP កំពុង​ធ្វើការ​សិក្សា និង​រៀបចំ​ចក្ខុវិស័យ​គោលដៅ​ទេសចរណ៍ និង​ផែនការ​វិនិយោគ​ទេសចរណ៍ សម្រាប់​តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញ​កម្ពុជា ដោយ​ផ្តោតលើ​កាលានុវត្តភាព​នៃ​ការរៀបចំ​ជា​តំបន់​អេកូទេសចរណ៍​នៅក្នុង​តំបន់​ការពារ សម្រាប់​ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង​។ ក្នុងនោះ​រួមមាន ទី​ ១ តំបន់​ឧទ្យាន​ជាតិ​ព្រះជ័យវរ្ម័ន​នរោត្តម «​ភ្នំ​គូលែន​» ២ ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​ឧទ្យានជាតិ​ភ្នំក្រវាញ​កណ្តាល និង ៣ តំបន់​ដែនជម្រក​សត្វព្រៃ​តាតៃ និង​ពាម​ក្រសោប​។

លោក​បានឱ្យដឹងថា​រាជរដ្ឋាភិបាល​កំពុងតែ​អនុវត្ត​ «​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា​» ក្នុង​រយៈពេល ៦ ឆ្នាំ (២០២០-២០២៥) ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​តំបន់​ការពារ និង​ខ្សែចង្វាក់​តម្លៃ​អនុផល​ព្រៃឈើ​នៅក្នុង​តំបន់​ទេសភាព​ភ្នំក្រវាញ និង​ទន្លេសាប​ក្នុង​ទំហំ​ជាង ៣,៨ លាន​ហិកតា​។ ក្រសួង​បរិស្ថាន និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ទទួល​កញ្ចប់​ថវិកា​ចំនួន​ ៥៧,៥៨ លាន​ដុល្លារ​ក្នុងការ​អនុវត្ត​គម្រោង​នេះ​។ សម្រាប់​កញ្ចប់​ថវិកា​ទាំងនោះ​ក្រសួងបរិស្ថាន ក្រសួង​អភិវឌ្ឍន៍ជនបទ​ទទួល​ពី​ភាគី​ពាក់ព័ន្ធ​មួយចំនួន​ដូចជា ថវិកា​ហិរញ្ញប្បទាន ឥណទាន ពី​ធនាគារ​ពិភពលោក​ចំនួន ៥០,៦៦ លាន​ដុល្លារ ថវិកា​​ពី​មូលនិធិ​បរិស្ថាន​សកល ដែលជា​ថវិកា​ជំនួយ​មាន​ចំនួន ៤,៤២ លាន​ដុល្លារ និង​ថវិកាបដិភាគ​ពី​រដ្ឋាភិបាល​ ២,៥ លាន​ដុល្លារ​៕