
សិស្សត្រូវបានត្រួតពិនិត្យពេលចូលប្រឡងបាក់ឌុបនៅវិទ្យាល័យព្រះស៊ីសុវត្ថិពីខែធ្នូឆ្នាំមុន។ ហ៊ាន រង្សី
ភ្នំពេញៈ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២ នេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់យកថ្ងៃទី ១៤ ខែវិច្ឆិកា ដោយក្រសួងបានចេញនូវសេចក្តីណែនាំពីដំណើរការនៃការប្រឡងនេះហើយការទទួលពាក្យសុំចុះឈ្មោះប្រឡងនឹងធ្វើឡើងនៅតាមវិទ្យាល័យចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ឧសភា។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានចេញសេចក្តីណែនាំកាលពីថ្ងៃទី ៣១ ខែមីនា ដែលភ្នំពេញ-ប៉ុស្តិ៍ទើបទទួលបានបានឱ្យដឹងថា ការរៀបចំការណែនាំនេះ ដើម្បីធានាគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឱ្យមានប្រសិទ្ធភាព។
ទាក់ទងនឹងការកំណត់មណ្ឌលប្រឡង ប្រធានមន្ទីរអប់រំ រាជធានី ខេត្តត្រូវធ្វើសំណើមណ្ឌលប្រឡងជូនរដ្ឋមន្ត្រីក្រសួង ដោយផ្អែកលើគោលការណ៍ និងលក្ខខណ្ឌមួយចំនួនដូចជា ប្រមូលផ្តុំគ្រឹះស្ថានសិក្សាចាប់ពីបឋមសិក្សាឡើងទៅទាំងសាធារណៈ និងឯកជននៅក្នុងរាជធានី និងទីរួមខេត្ត។ ក្នុងករណី ខេត្តណាមិនអាចអនុវត្តបានត្រូវប្រមូលផ្តុំនៅទីរួមស្រុកដែលនៅជិតទីរួមខេត្តជាងគេ។
សម្រាប់កាលបរិច្ឆេទដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩-២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅតាមមណ្ឌលកំណែប្រមូលផ្តុំរាជធានីភ្នំពេញ។
លោក ហង់ជួន ណារ៉ុន បានលើកឡើងឱ្យដឹងថា ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានី ខេត្តត្រូវចាត់តាំងតំណាងឱ្យមកទទួលយកបញ្ជីប្រកាសលទ្ធផលប្រឡងនៅនាយកដ្ឋានកិច្ចការប្រឡងនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីយកទៅបិទផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗនារសៀលថ្ងៃទី ៦ ខែធ្នូ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល។ សម្រាប់ខេត្តផ្សេងទៀតនៅទូទាំងប្រទេសនឹងបិទផ្សាយលទ្ធផលប្រឡងនេះនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ ហើយការបើកស្រោមបញ្ជីប្រកាសលទ្ធផលត្រូវធ្វើនៅតាមមណ្ឌលសំណេររៀងៗខ្លួន ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងត្រូវមានរបាយការណ៍ប្រគល់មកនាយកដ្ឋានកិច្ចការប្រឡងផងដែរ។
យោងតាមលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ បានឱ្យដឹងថា បេក្ខជនដែលបានប្រឡងជាប់មានចំនួន ៧២ ០១៦ នាក់ត្រូវជា ៦៥,៦៥% ដែលមានការថយចុះជាងឆ្នាំ ២០១៩ ដែលមាន ៦៨,៦២% ចំណែកបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣ នាក់ ដែលមានការកើនឡើងជាងឆ្នាំ ២០១៩។ ក្រសួងអប់រំ បានឱ្យដឹងថា បេក្ខជនប្រឡងជាប់ទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣ នាក់សម្រាប់និទ្ទេស B មានចំនួន ៥ ២១៥ នាក់ ដែលឆ្នាំ ២០១៩ មានចំនួន ២ ៤៣០ នាក់), និទ្ទេស C មានចំនួន ១១ ៦៣៤ នាក់ ដែលឆ្នាំ ២០១៩ ចំនួន ៥ ៨៤៧ នាក់, និទ្ទេស D មានចំនួន ២៣ ៤៩៩ នាក់ ដែលឆ្នាំ ២០១៩ ចំនួន ១៤ ១០០ នាក់ និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ ដែលឆ្នាំ ២០១៩ ចំនួន ៥៦ ២៣២ នាក់៕
វីដេអូ៖