
ទីតាំងជីករណ្តៅកាយអាចម៍ដីយករ៉ែមាស នៅក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ កាលពីថ្ងៃទី ១០ ខែមេសា។ រូបថត ហ្វេសប៊ុក
កំពង់ធំៈ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យស្រាវជ្រាវ ករណីការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ជាច្រើនទីតាំង នៅក្នុងភូមិសាស្ត្រតំបន់ស្នងអនស្ទឹងដំរី នៃឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោក ងួន រតនៈ បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែមេសាថា៖ «ខ្ញុំទទួលបាននូវព័ត៌មានអំពីការកើតមានបន្តនូវអាជីវកម្មរ៉ែមាសខុសច្បាប់ ក្នុងតំបន់ភូមិសាស្ត្រនោះហើយ និងបានចាត់ឱ្យមន្ត្រីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យ ស្រាវជ្រាវលើករណីនេះ ដើម្បីបិទបញ្ឈប់ សកម្មភាពអាជីវកម្មខុសច្បាប់នោះទាំងអស់តែម្ដង។ យើងមិនអាចទុកឱ្យបទល្មើសទាំងនេះកើតមានតទៅទៀតបានទេ»។
លោក សាវី អាយុ ៤៥ ឆ្នាំជាកម្មកររ៉ែមាសម្នាក់ នៅឃុំឈើទាល ស្រុកសណ្ដាន់ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១០ ខែមេសាថា លោក និងអ្នកភូមិមួយចំនួនត្រូវបានម្ចាស់ទីតាំងអណ្ដូងរ៉ែមាសក្នុងតំបន់ស្នងអន អនុញ្ញាតឱ្យឈប់សម្រាក ១ សប្ដាហ៍ដើម្បីមកចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីជាមួយក្រុមគ្រួសារ។
លោក សាវី និយាយថា លោក និងភរិយារបស់លោកឈ្មោះ សុខុម អាយុ ៣៨ ឆ្នាំ បាននាំគ្នាមកធ្វើការជាកម្មករអណ្ដូងរ៉ែមាសនៅក្នុងតំបន់ស្ទឹងដំរី ដែលជាផ្នែកមួយនៃតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ អស់រយៈពេលជិត ៣ ខែមកហើយ។ នៅក្នុងតំបន់នេះ មានអាជីវកម្មរ៉ែមាសជាច្រើនទីតាំង និងមានកម្មករប្រមាណជាង ១០០ នាក់ មកពីស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងបណ្ដាខេត្តមួយចំនួននៅភាគឦសាន និង ភាគកណ្ដាលនៃប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនដឹងថា ម្ចាស់អាជីវកម្មអណ្ដូងរ៉ែមាសទាំងនោះ មានច្បាប់អនុញ្ញាតឬអត់នោះទេ ប៉ុន្តែនៅទីនេះ មានម្ចាស់ទីតាំងអណ្ដូងរ៉ែមាសច្រើននាក់ណាស់។ ពួកគេឡើងចុះខេត្តរៀងរាល់ ២ សប្ដាហ៍ម្ដង ដើម្បីទិញស្បៀងអាហារសម្រាប់ពួកយើង និង ប្រេងឥន្ធនៈ ព្រមទាំងសារធាតុគីមីមួយចំនួនទៀតសម្រាប់បំបែក ឬញែកម៉ូលីគុលនៃលោហធាតុផ្សេងទៀតចេញពីរ៉ែមាស»។
បើតាមលោក សាវី កម្មករអណ្ដូងរ៉ែមាសនៅទីនោះក្នុងម្នាក់ៗទទួលបានប្រាក់ឈ្នួលជាង ៩០ ម៉ឺនរៀលក្នុង ១ ខែ ប៉ុន្តែថ្លៃអាហារ និងការស្នាក់នៅជាបន្ទុករបស់ម្ចាស់ទីតាំងអាជីវកម្មអណ្ដូងរ៉ែមាសនីមួយៗ។
ទាក់ទិនករណីនេះស្ត្រីម្នាក់នៅឃុំសុចិត្រ ស្រុកសណ្ដាន់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អ្នកស្រីក៏បានធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារផងដែរ ដែលមានកម្លាំងកម្មករចំនួន ៣នាក់ប៉ុណ្ណោះ ព្រោះអ្នកស្រីបានទិញអាចម៍ដីពីម្ចាស់អាជីវកម្មអណ្ដូងរ៉ែមាសមកលាង និងរែងយកកម្ទេចមាសមិនមានអណ្ដូងរ៉ែមាសដូចគេនោះទេ។
ស្ត្រីរូបនេះនិយាយថា៖ «អាជីវកម្មរ៉ែមាសខ្នាតតូចទាំងអស់នៅក្នុងឃុំរបស់ខ្ញុំ គឺមិនមានច្បាប់អនុញ្ញាតនោះទេ ក្នុងនោះក៏មានអ្នកធ្វើអាជីវកម្មអណ្ដូងរ៉ែដែលមានកម្លាំងកម្មករជិត ២០ នាក់រាប់សិបកន្លែងទៀតផងដែរ»។
ថ្វីដ្បិតយ៉ាងដូច្នេះក្ដី អ្នកស្រី និង អ្នកធ្វើអាជីវកម្មរ៉ែមាសទាំងអស់ក្នុងតំបន់នេះ បានបង់ប្រាក់ដល់មន្ត្រីមួយចំនួនចន្លោះពី ៥ ម៉ឺនរៀលដល់ ៥០ ម៉ឺនរៀល អាស្រ័យទៅលើទំហំនៃចង្វាក់ផលិតកម្មនីមួយៗ ដើម្បីជាថ្នូរក្នុងការមិនបង្ក្រាប ឬមិនរាយការណ៍ដល់មន្ត្រីជំនាញថ្នាក់ខេត្ត និងថ្នាក់ជាតិ។
អ្នកស្រីបន្តថា៖ «ការពិតអាជីវកម្មរបស់ពួកយើងបានត្រឹមតែចិញ្ចឹមឆ្នាំងប៉ុណ្ណោះ មិនជាមានបានអ្វីទេ។ បើពួកអ្នកធ្វើអាជីវកម្មអណ្ដូងរ៉ែមាសធំៗនោះគឺគេអាចមានបានពីអាជីវកម្មនេះ ប៉ុន្តែពួកគេក៏ចំណាយដើមទុនធំដែរ គឺក្នុងអណ្ដូងរ៉ែមួយគេហ៊ានចំណាយដើមទុនរហូតដល់ជិត ១០ ម៉ឺនដុល្លារឯណោះ ហើយពួកគេភាគច្រើន ក៏ជាអ្នកមានខ្នងបង្អែកធំៗនៅពីក្រោយដែរ»។
លោក ណឹម ចាន់ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ មិនអាចទាក់ទងស្នើសុំផ្ដល់ការអធិប្បាយបានទេ ដោយទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។
មន្ត្រីខេត្តកំពង់ធំម្នាក់បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ១០ មេសា ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ថ្មីៗនេះមានក្រុមហ៊ុនមួយឈ្មោះ K88 កំពុងធ្វើការសិក្សាពីផលប៉ះពាល់នៃបរិស្ថានលើវិស័យរ៉ែមាសនៅក្នុងខេត្តកំពង់ធំដោយក្រុមហ៊ុននេះ បានចុះសិក្សានៅក្នុងតំបន់អាជីវកម្មរ៉ែមាស ដែលអ្នកភូមិកំពុងធ្វើជាលក្ខណៈគ្រួសារនោះ។
មន្ត្រីរូបនេះបាននិយាយថា៖ «ការធ្វើអាជីវកម្មរ៉ែមាសរបស់អ្នកភូមិ ដែលគ្មានច្បាប់ទម្លាប់ទាំងនោះអាចនឹងត្រូវបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ ព្រោះក្រៅពីបង្ហូរទឹកដែលមានសារធាតុគីមីពុល តាមប្រព័ន្ធអូរចូលមកក្នុងស្ទឹង ទីតាំងនៃតំបន់អាជីវកម្មរ៉ែមាសខុសច្បាប់ទាំងនោះ ស្ថិតនៅក្នុងផ្នែកមួយនៃតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់»។
ជុំវិញករណីនេះ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ មិនអាចស្នើសុំការពន្យល់បានទេដោយលោកប្រាប់ថា៖ «កំពុងជាប់រវល់»៕
វីដេអូ៖