ភ្នំពេញៈ ប្រធាន​តុលាការ​កំពូល ​លោក​ឌិត មុន្ទី ​រកឃើញ​មាន​ភាពមិន​ប្រក្រតី ​ក្នុង​សាលា​ជម្រះក្តី ​និង​ការអនុវត្ត​របស់​តុលាការ​មិនទាន់​ត្រឹមត្រូវ​តាមច្បាប់​ជាធរមាន ​និង​ជំរុញឱ្យ​មន្រ្តី​អនុវត្ត​ទប់ស្កាត់​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា ​ដើម្បី​កសាង​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ។

ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ បូក​សរុប​ការងារ​យុត្តិធម៌ ​ឆ្នាំ២០២១ ​និង​លើក​ទិសដៅ​ការងារ ​ឆ្នាំ២០២២ ​នាថ្ងៃ​ទី១២ ​មេសា ​លោក ​ឌិត មុន្ទី​  បញ្ជាក់ថា ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​តាមរយៈ​សន្ធាន​កម្ម ​ដែល​លទ្ធ​ផល​សាលា​ជម្រះក្តី​បាន​ដោះ​ស្រាយ​សំណុំ​រឿង​បានច្រើន​សន្ធឹក​សន្ធាប់​ក្តី ​ក៏ប៉ុន្តែ​នៅតែ​មាន​បញ្ហា​ និង​មិន​ទាន់​បាន​ឆ្លើយតប​សមស្រប​ទៅ​នឹង​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ។ បញ្ហា​នានា​ដែល​មកដល់​ពេលនេះ​នៅតែ​មាន​សារៈ​សំខាន់​នោះ ​គឺ​ទាក់ទង​ទៅនឹង​រដ្ឋបាល​តុលាការ ​និង​បញ្ហា​ផ្សេងៗ​ដែល​កើតមាន​នៅតាម​សាលា​ជម្រះ​ក្តី។ រដ្ឋបាល​តុលាការ​មាន​ភារកិច្ច២​សំខាន់ ​ទី១​សំដៅ​ទៅលើ​ការគ្រប់គ្រង​បុគ្គលិក ​ការគ្រប់​គ្រង​ហិរញ្ញវត្ថុ ​ការបញ្ជូន​លិខិត​ស្នាម​ផ្សេងៗ​ជាដើម។ ទី២ ​សំដៅ​ដល់​ការគ្រប់់គ្រង​សំណុំ​រឿងក្តី ​ឱ្យ​ដំណើរការ​ទៅមុខ​ ប្រកប​ដោយ​យុត្តិធម៌ ​និង​ឆាប់​រហ័ស​ ឬ​អាច​ហៅ​បាន​ម្យ៉ាងទៀត​ថា ​ជារដ្ឋបាល​យុត្តិធម៌។

លោក​ថ្លែងថា​៖«បើសិនជា​មិនបាន​បែង​ចែក​ចំណុច​២​នេះ​ឱ្យបាន​ច្បាស់​នោះ​ នាំឱ្យ​មាន​ការលូកដៃ​ចូលទៅ​រដ្ឋបាល​យុត្តធម៌ ​ដែល​នាំឱ្យ​តុលាការ​មិន​ឯករាជ្យ។ ប្រជាពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​លើ​ប្រព័ន្ធ​តុលាការ ​នេះ​សឹងតែ​ជាកត្តា​មួយ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ អត់​មាន​ទំនុកចិត្ត ​លើ​វិស័យ​យុត្តិធម៌ ​ដោយ​មិនទាន់​គិតដល់​អ្នក ​ដែលឈ្នះ​ក្តី​ទទួលបាន​សាល​ក្រម​ជាស្ថាពរ។ ប៉ុន្តែ​តុលាការ​អនុវត្ត ​ឬ​មិនអនុវត្ត​ ទុកចោល ​ឬ​អូសបន្លាយ​ជាច្រើន​ឆ្នាំ ​ដែលនេះ​គឺជា​កត្តា​បុគ្គល​របស់​ចៅក្រម​តែម្តង»។

លោក​បញ្ជាក់ថា ​ការអនុវត្ត​ក្នុង​សាលា​ជម្រះក្តី ​អាចប្រព្រឹត្ត​ទៅបាន​ល្អប្រសើរ ​និង​មាន​ប្រសិទ្ធភាព​ លុះត្រាតែ​ក្រម​សីលធម៌ ​វិជ្ជាជីវៈ​របស់​ចៅក្រម ​និង​ព្រះរាជអាជ្ញា ​ដែល​ត្រូវបាន​អនុវត្ត​កាលពី​ឆ្នាំ២០០៧ ​មកនោះ ​ត្រូវបាន​គោរព​ដោយ​ខ្ជាប់​ខ្ជួន។ ក្រម​សីលធម៌​នេះ ​ វា​ជាត្រីវិស័យ ​កម្រិត​ជួយ​តម្រង់​ផ្លូវ​ឱ្យ​ចៅក្រម ​និង​ព្រះរាជអាជ្ញា ​ឱ្យក្លាយ​ទៅ​ជា​អ្នក​ច្បាប់​ខ្ពង់ខ្ពស់​ក្នុង​គោល​បំណង ​ពង្រឹង​នូវ​ឯករាជភាព ​និង​សេចក្តី​ថ្លៃថ្នូរ ​ក្នុង​ការអនុវត្ត​កិច្ចការ​តុលាការ ​និង​អយ្យការ។ ការខ្វះ​ខាត​ គឺជា​រឿង​ធម្មតា​របស់​មនុស្ស ​យ៉ាងណា​មិញ​គុណសម្បត្តិ​ដែល​ទទួល​បាន​តែងតែ​មាន​ជាប់​មក​នូវ​គុណ​វិបត្តិ។ ប៉ុន្តែ​ចំណុច​សំខាន់​នៅ​ត្រង់ថា ​រកឱ្យ​ឃើញ​គុណវិបត្តិ​នោះ​ជាអ្វី ​ដើម្បី​កែប្រែ ​និងលុប​បំបាត់ ​ឬ​កាត់​បន្ថយ​នៅ​ត្រឹម​អតិបរមា​បំផុត ​ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍ ​និង​កំណើន​សេដកិច្ច​របស់​ជាតិ។

លោក​ថ្លែងថា​៖«ដូច្នេះ​ហើយ​ បាន​ជា​ក្រុមប្រឹក្សា​ច្បាប់ ​និង​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ​បានដាក់​ចេញ ​នូវ​កម្មវិធី​សម្រាប់​អនុវត្ត​នូវ​យុទ្ធសាស្រ្ត ​កែទម្រង់​ច្បាប់ ​និង​តុលាការ ​ដើម្បី​ធ្វើឱ្យ​វិស័យ​យុត្ថាធិការ​មាន​ភាពល្អ​ប្រសើរ ​ដែល​ប្រជាជន​ទូទៅ​អាច​ទទួល​យក​បាន។ ក្នុង​ន័យ​នេះ ​ចាំបាច់​ត្រូវ​សម្រេច​ឱ្យបាន​នូវ​គោល​បំណង ​គឺ​ទំនុក​ចិត្ត​ពី​សាធារ​ណៈ​លើ​តុលាការ »។

លោក​ឌិត មន្ទី​ បន្ថែមថា ​បញ្ហា​ផ្សេងៗ​ដែលមាន​ឡើង​នៅ​សាលា​ជម្រះក្តី ​ឃើញថា ​មាន​ការខ្វះខាត​មួយ​ចំនួន​ ដែល​ត្រូវតែ​ធ្វើការ​កែប្រែ​និង​លុបបំបាត់​ឱ្យបាន ​ដើម្បី​លើក​កម្ពស់​កិត្យានុ​ភាព​របស់​ស្ថាប័ន​តុលាការ ​ដូចជា​ការបែង​ចែក​សំណុំ​រឿង។ ការបំប្លែង​រឿង​រដ្ឋប្បវេណី ​ឱ្យទៅជា​រឿង​ព្រហ្មទណ្ឌ ​ការឆែកឆេរ​លំនៅឋាន ​ការតាក់តែង​សាល​ក្រម ​និង​សាលដីកា​ ការអនុវត្ត​សាលាក្រម ​និង​សាលដីកា​ស្ថាពរ។

លោក​ថ្លែងថា​៖«អំពី​បញ្ហា​បែង​ចែក​សំណុំរឿង ​បញ្ហានេះ​ត្រូវរក​ឱ្យឃើញ​មូលហេតុ​នៃ​បញ្ហា។ ច្បាប់​បានកំណត់​រួច​ហើយ​អំពី​ការបែងចែក​សំណុំរឿង​ទាំង​ព្រហ្មទណ្ឌ ​និង​សំណុំរឿង​រដ្ឋប្បវេណី។ ការអនុវត្ត​មិនបានត្រឹម​ត្រូវ​នូវ​គោល​ការណ៍​បែង​ចែក​សំណុំរឿង ​នាំឱ្យ​មាន​ការថ្នាំង​ថ្នាក់ ​និង​បែកបាក់​សាមគ្គី​ផ្ទៃ​ក្នុង»។

លោក​ថា ​ការកាឡៃ​រឿង​រដ្ឋប្បវេណី​ទៅជា​រឿង​ព្រហ្មទណ្ឌ ​មកដល់​ពេលនេះ​ហើយ​ នៅតែ​មាន​យករឿង​រដ្ឋប្បវេណី​ មកធ្វើ​ជារឿង​ព្រហ្មទណ្ឌ ​ដោយ​ចោទប្រកាន់​ពី​បទឆបោក ​រំលោភ​លើ​សេចក្តី​ទុកចិត្ត ​និង​ឃុំខ្លួន​ដើម្បី​បង្ខំ​ទារ​ពី​ភាគី​ម្ខាង​ទៀត។ សូម្បីតែ​ធាតុផ្សំ​បទល្មើស​មិនមាន​គ្រប់គ្រាន់ ​ឬ​តម្រុយ​នៃ​ពិរុទ្ធភាព​មិនទាន់​មាន​នៅ​ឡើយ។ បន្ថែម​ពី​នេះ ​ក៏មាន​ការចេញ​ដីកា​នាំខ្លួន​ដោយ​គ្មាន​សំណុំរឿង​នៅតុលាការ ​ដែលនេះ​ជាកំហុស​ឆ្គង​មួយ។

លោក​បញ្ជាក់ថា​៖«ការឆែកឆេរ​លំនៅឋាន ​ទោះបីជា​មាន​ការណែនាំ​ជាច្រើន​កន្លងមក​ហើយ​ក៏ដោយ ​បញ្ហា​នៅតែ​កើត​មាន។ ការឆែកឆេរ​លំនៅឋាន​ត្រូវធ្វើ​ឱ្យសម​ស្រប​ទៅតាម​នីតិវីធី​ផ្លូវច្បាប់​ជាធរមាន ​ជាជាង​ការឆែកឆេរ​គ្រាន់​តែ​ជាលេស​មួយ​នាំទៅ​ដល់​ការរឹបអូស​ទ្រព្យសម្បត្តិ​របស់​គេ​ដែល​ជាភ័ស្តុតាង​នៃ​ការប្រព្រឹត្ត​បទល្មើស។ ជួនកាល​បទ​ល្មើស​រំលោភ​លើ​សេចក្តី​ទុកចិត្ត ​បែរជា​ទៅឆែកឆេរ​ផ្ទះ​គេ​ដកហូត​ទ្រព្យសម្បត្តិ​របស់​គេ ​ដើម្បី​ជាភ័ស្តុតាង​ទៅវិញ​ ដែល​សម្ភារ​ទាំងនោះ​មិនមែន​ជាភ័ស្តុតាង​សម្រាប់​បញ្ជាក់​អំពី​បទល្មើស​ចោទ​ប្រកាន់»។

បើ​តាម​លោក​ឌិត មន្ទី​ ជាញឹកញាប់​កំណត់​ហេតុ​រឹបអូស​ទ្រព្យសម្បត្តិ​ទាំងនោះ ​មិនឃើញ​មាន​ហត្ថលេខា ​ឬ​ស្នាម​មេដៃ​សាក្សី ​ក្រៅពី​សមាសភាព​ដែល​ទៅ​ឆែកឆេរ។ ចំណែក​ការតាក់តែង​សាលក្រម ​និង​សាលដីកា ​ទោះបីជា​មាន​ការណែនាំាំ​ជាញឹកញយ​ក្តី​ ក៏​ការតាក់តែង​សាលក្រម ​និង​សាលដីកា​រហូត​មក​ដល់​ពេល​នេះ​ នៅតែ​មាន​សាលក្រម​ និង​សាលដីកា​មួយចំនួន​មិនបាន​សរសេរ​អំពី​សំអាង​ហេតុឱ្យ​បានហ្មត់ចត់​ច្បាស់​លាស់​ទេ។ គ្រាន់តែ​រៀបរាប់​អំពី​ការលើក​ឡើង​របស់​ដើមចោទ ​និង​ចុង​ចម្លើយ ​និង​មេធាវី ​ហើយ​សន្និដ្ឋានថា ​ចម្លើយ​របស់​ដើមចោទ​គួរឱ្យ​តុលាការ​ជឿបាន ​ការលើក​ឡើង​របស់​ចុងចម្លើយ​មិនគួរ​ឱ្យ​តុលាការ​ជឿទេ ​ដោយ​មិនមាន​ការពន្យល់​ឱ្យជឿ​ព្រោះ​អ្វី ​និង​មិន​ជឿ​ព្រោះ​អ្វី​ឡើយ។

លោក​ថ្លែងថា​៖«ហេតុ​ដូច្នេះ​ត្រូវតែ​សរសេរ​សំអាង​ហេតុ​ឱ្យបាន​ហ្មត់ចត់ ​និង​ច្បាស់លាស់​នៅ​ក្នុង​សេចក្តី​សម្រេច។ ត្រូវ​យក​មាត្រា​នៃ​ច្បាប់ ​មក​បញ្ជាក់​អំពី​អំណះ​អំណាង​នៅ​ក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន»។

លោក​បន្តថា ​អំពី​ការអនុវត្ត​សាលក្រម ​និង​សាលដីកា​ស្ថាពរ ​មន្រ្តី​ដែលចុះ​អនុវត្ត ​ត្រូវតែ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ច្បាប់ ​និង​ខ្លឹមសារ​នៃ​សាលក្រម ​និង​សាលដីកា ​ដែល​ត្រូវ​អនុវត្ត។ មិនត្រូវ​ទៅបង្កើត​អំពើហិង្សា​ជាមួយ​កូន​បំណុល​នោះ​ទេ។ មួយ​វិញទៀត ​តុលាការ​អនុវត្ត​មួយចំនួន​ មិន​អនុវត្ត​តាម​សាលក្រម ​និង​សាលដីកា​ស្ថាពរទេ ​ដោយទុក​សំណុំ​រឿង​នេះ​ចោល។

លោក​បញ្ជាក់ថា​៖«ថ្មីៗ​នេះ ​ខ្ញុំ​សង្កេត​ឃើញ​ផងដែរ​ថា ​ចៅក្រម​មួយចំនួន ​បានបក​ស្រាយ​ច្បាប់​ដោយ​ចេតនា ​រារាំង​ការអនុវត្ត​សាលក្រម ​សាលដីកា​ស្ថាពរ។ និយាយ​ឱ្យចំ​អាចហៅ​ថា ​ក្រឡុក​នីតិវិធី ​ដោយ​ចៅក្រម​អនុវត្ត​ ធ្វើឱ្យ​អ្នក​ឈ្នះ​ក្តី​មិនអាច​អនុវត្ត​សាលក្រម ​សាលដីកា​ស្ថាពរ​បាន​ឡើយ។ បញ្ហា​នេះ​ធ្វើឱ្យ​រួមចំណែក​បាត់បង់​នូវ​ទំនុកចិត្ត​លើ​ប្រព័ន្ធ​តុលាការ​ផង​ និង​ធ្វើឱ្យ​បាត់​សណ្តាប់​ធ្នាប់​សង្គម​ផង ​និង​បាត់បង់​នូវ​ភាព​បញ្ចប់​រឿង​ក្តី​ផង»។

លោក​ឌិត មន្ទី ​លើកឡើង​ថា ​បញ្ហា​ប្រឈម​ធំៗ​ដែល​ត្រូវ​ដោះស្រាយ​មាន​២ ​ទី១ ​គឺ​ការទប់ស្កាត់​អំពើ​ពុករលួយ​ក្នុង​តុលាការ ​និង​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​ក្នុង​តុលាការ។ លោក​ថា​៖«ការទប់ស្កាត់​អំពើ​ពុករលួយ​នៅ​តុលាការ​ ដើម្បី​អនុវត្ត​នូវ​យុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាល ​គប្បី​ពង្រឹង​ការងារ​អធិការកិច្ច​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​អធិការកិច្ច​របស់​ក្រសួង​យុត្តិធម៌។ ការកក​ស្ទះ​សំណុំរឿង​វិញ ​បញ្ហានេះ​ក្រសួង​យុត្តិធម៌​បានដោះ​ស្រាយ ​និង​ទទួល​បាន​លទ្ធផល​គួរជាទី​កត់សម្គាល់ ​តែ​ក៏ត្រូវ​អនុវត្ត​វិធីនេះ​ជាប្រចាំ ​តទៅ​ជារៀង​រហូត​ផង​ដែរ»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្ដិភាព ​លោក​យង់ គឹមអេង ​ថ្លែងថា ​ បញ្ហា​តុលាការ ​គឺជា​បញ្ហា​ប្រឈម​មួយ​ដ៏ធំ ​ជាពិសេស ​ពាក់ព័ន្ធ​អំពើ​ពុករលួយ។ លោក​ថា ​តាមរយៈ​ការជំរុញ​របស់​ប្រធាន​តុលាការ​ពេល​នេះ​នឹង​អាច​រួមចំណែក​កាត់បន្ថយ​អំពើ​ពុក​រលួយ។

លោក​ថា​៖«យើង​មើលឃើញ​បញ្ហា​ពុករលួយ​នៅ​ប្រព័ន្ធ​តុលាការ​ជាបញ្ហា​ធំ ​ជាបញ្ហា​ចាក់​ស្រេះ​មួយ​ដែលមិន​ងាយ​អាច​លុប​បំបាត់​បាន។បើសិន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មាន​វិធានការ​ហ្មត់ចត់​ដើម្បី​កាត់ផ្តាច់​នូវ​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា ​ទើប​ជារឿង​មួយល្អ ​ដែលឱ្យ​ពលរដ្ឋ​អាចទទួល​បាន​យុត្តិធម៌​និង​ជឿទុក​ចិត្ត​បាន»៕

វីដេអូ៖