ភ្នំពេញៈ ស្ថានីយ​រថភ្លើង រ៉ូយ៉ាល់រៀលវ៉េ ខេមបូឌា (Royal Railway Cambodia) បាន​បើក​ឱ្យ​ដំណើរការ ដឹកជញ្ជូន​អ្នកដំណើរ​ឡើងវិញ​នៅ​ថ្ងៃទី ១២ ខែ​មេសា ដែល​ខ្សែ​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​បណ្ដា​ខេត្ត​ចំនួន​ ៦ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។

កញ្ញា សក់ វណ្ណនី អ្នកគ្រប់គ្រង​ខ្សែ​អ្នកដំណើរ​នៃ​រ៉ូយ៉ាល់​ត្រនសឃ្វែរ ថ្លែង​នៅ​ថ្ងៃទី​ ១២ ខែមេសា ថា ការបើក​ដំណើរការ​ខ្សែ​អ្នកដំណើរ​តាមផ្លូវ​រថភ្លើង​នេះ​ធ្វើឡើង​ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ និង​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​ ១២ ខែមេសា ឆ្នាំ ២០២២​។ ម្យ៉ាង​វិញ​ទៀត ការបើក​ដំណើរការ​នេះ​ព្រោះ​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​មាន​សំណូមពរ​ច្រើន ដោយសារតែ​ពួកគាត់​ចង់​ធ្វើដំណើរ​តាម​រថភ្លើង​ជាង​រថយន្ត​។ កញ្ញា​បន្តថា មុនពេល​ធ្វើដំណើរ អ្នកដំណើរ​ទាំងអស់​គួរតែ​អនុវត្ត​ការ​ពាក់​ម៉ាស់ ឆែក​កម្ដៅ និង​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​ផងដែរ​។

កញ្ញា​ថ្លែងថា​៖ «​ការកក់​សំបុត្រ​ក្នុង​រយៈពេល​ ២-៣ ​ថ្ងៃ​មកនេះ​មានការ​មមាញឹក​មែនទែន ស្ទើរតែ​រក​ពេល​ទទួលទាន​អាហារ​គ្មាន​។ ​ពួក​ខ្ញុំ​ងើប​ទៅណា​មិន​រួច​ទេ​ដោយសារតែ​ភ្ញៀវ​មក​អង្គុយចាំ​រហូត អត់​ហ៊ាន​សុំ​ពេល​គាត់​ទេ ធ្វើឱ្យ​គាត់​ទាំងអស់​។ ឥឡូវ​ជាក់ស្តែង​កំពុង​វក់វី​នៅ​ហ្នឹង​»​។

អ្នកគ្រប់គ្រង​ខ្សែ​អ្នកដំណើរ​នៃ​ស្ថានីយ​រថភ្លើង​រ៉ូយ៉ាល់​រៀលវ៉េខេមបូឌា បានឱ្យដឹង​ទៀតថា ការបើក​ឱ្យ​ដំណើរការ​ឡើងវិញ​នេះ​គឺ​ខ្សែ​អ្នកដំណើរ​ទៅកាន់​ខេត្ត​ចំនួន ៦ រួមមាន តាកែវ កែប កំពត កំពង់សោម ពោធិ៍សាត់ និង​បាត់ដំបង​។ ដោយឡែក​ការធ្វើដំណើរ​គឺមាន​ការលក់​សំបុត្រ​ក្នុង​នោះ​ពី​ភ្នំពេញ​ទៅកាន់​ខេត្តតាកែវ​តម្លៃ ២៤ ០០០ ​រៀល ភ្នំពេញ​ទៅ​ខេត្ត​កែប ៣២ ០០០ ​រៀល ភ្នំពេញ​ទៅ​ខេត្តកំពត ៣៦ ០០០ ​រៀល ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ៤០ ០០០ ​រៀល ភ្នំពេញ​ពោធិ៍សាត់ ២៨ ០០០ ​រៀល ភ្នំពេញ​បាត់ដំបង ៣២ ០០០ ​រៀល​។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនអាច​ធ្វើការ​ប៉ាន់ប្រមាណ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​បណ្តា​ខេត្ត​នានា​មុនពេល​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណីជាតិ​នោះទេ ប៉ុន្តែ​លោក​បញ្ជាក់​នៅ​ថ្ងៃទី​ ១២ ខែមេសា​ថា ជាការ​កត់សម្គាល់​ប្រជាពលរដ្ឋ​បាន​កំពុង​ធ្វើដំណើរ​ចាកចេញ​ជា​បន្តបន្ទាប់ ខណៈ​អាជ្ញាធរ​រាជធានី​ក៏បាន​ត្រៀម​រៀបចំ​អបអរ​បុណ្យចូលឆ្នាំថ្មី និង​ដាក់ពង្រាយ​កម្លាំង​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​នៅ​គោលដៅ​សំខាន់ៗ​ផងដែរ​។

លោក ស៊ឹង អ៊ីត ប្រជាពលរដ្ឋ​ម្នាក់​ស្នាក់នៅ​រាជធានី​ភ្នំពេញ​ធ្វើជា​កម្មករសំណង់ បានឱ្យដឹង​នៅ​ថ្ងៃទី​ ១២ ខែមេសា ថា លោក​​ចង់​នៅ​បន្តធ្វើ​ការងារ​រហូត​ដល់​ថ្ងៃទី​ ១៣ ខែមេសា ប៉ុន្តែ​មិន​​អាចទៅរួច​ដោយសារតែ​កម្មករ​ដទៃទៀត​បាន​ផ្អាក​មក​កន្លែង​ការដ្ឋាន ហើយ​បានធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន ហេតុនេះ លោក​ក៏បាន​ផ្អាក​ និង​រៀបចំ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​នៅ​បន្តការងារ​បាន​ ២ ​ថ្ងៃ​ទៀត ចាំ​ទៅ​ស្រុក ប៉ុន្តែ​គេ​នាំគ្នា​ទៅ​ស្រុក​អស់​ទៅហើយ អ៊ីចឹង​ខ្ញុំ​ធ្វើការ​ម្នាក់ឯង​ម៉េច​កើត​មានតែ​រៀបចំ​ត្រឡប់​ទៅ​ស្រុកកំណើត​ដែរ​ហើយ​»​។

លោក សេក សំបូរ ប្រធាន​សាខា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ អ៊ីប៊ុកឃីង អ៊ិចប្រេស រាជធានី​-​ភ្នំពេញ​ថ្លែង​នៅ​ថ្ងៃទី​ ១២ ខែមេសា​ថា សម្រាប់​ការធ្វើដំណើរ​ទៅតាម​បណ្តា​ខេត្ត​ឆ្នាំនេះ​មាន​ប្រជាពលរដ្ឋ​ច្រើន​គួរឱ្យ​កត់សម្គាល់​។ ប្រជាពលរដ្ឋ​បានធ្វើការ​កក់​សំបុត្រ​សម្រាប់​ចេញដំណើរ​ពីថ្ងៃ​ទី​ ១២ ដល់​ថ្ងៃទី ១៤ ខែមេសា ដោយ​កក់​ទុក​មុន​ចំនួន ៣ ​ទៅ ៤​ ថ្ងៃ​។ លោក​បន្តថា ដើម្បី​សុវត្ថិភាព​ក្រុមហ៊ុន​បាន​ណែនាំ​បន្ថែម​ឱ្យ​តៃកុង​រថយន្ត​ធ្វើការ​បើកបរ​ដោយ​​ប្រុងប្រយ័ត្ន និង​តាម​កាលវិភាគ​ដែល​បានកំណត់​។

លោក​ថ្លែងថា​៖ «​សម្រាប់​ការធ្វើដំណើរ​គឺ​យើង​រក្សា​ទី​ ១ គឺ​យើង​រក្សា​អនាម័យ ទី​ ២ ​គឺ​ការធ្វើដំណើរ​របស់​យើង​តាម​លក្ខណៈ​ស្តង់ដា​ដែលមាន​ច្បាស់លាស់​ចំពោះ​ការធ្វើដំណើរ​ពី​គោលដៅ​មួយ​ទៅ​គោលដៅ​មួយ និង​ការឈប់​សម្រាក​នៅតាម plan របស់​ក្រុមហ៊ុន​ដែល​បានកំណត់​»​។

លោក សាន សុខសីហា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ថ្លែង​នៅ​ថ្ងៃទី​ ១២ ខែមេសា ថា ដោយ​អនុវត្តតាម​បទបញ្ជា និង​ការណែនាំ​របស់លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ផ្នែក​នគរបាល​ចរាចរណ៍​តាម​គ្រប់​គោលដៅ​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​ច្រកចេញ​-​ចូល រាជធានី​ភ្នំពេញ​បាន​ចាត់​ចែក​កម្លាំង​ត្រៀម​តាំងពី​ថ្ងៃទី​ ៩ ខែមេសា ព្រោះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​អញ្ជើញ​ធ្វើការ​ចាកចេញ​ទៅតាម​បណ្តា​ខេត្ត​ ឬ​ស្រុកកំណើត​របស់​ពួកគាត់​។

លោក​បញ្ជាក់ថា​៖ «​ការអនុវត្ត​នេះ​គឺ​យើង​ធ្វើ​ប្រចាំការ​តាម​គ្រប់​គោលដៅ​ទាំងអស់ ទាំង​ក្នុង​ក្រុង និង​គោលដៅ​ចេញ​ក្រៅ​ក្រុង ហើយ​គោលដៅ​ក្រៅ​ក្រុងមាន​ ៦​ គោលដៅ​ធំៗ តាម​ ៦​ ផ្លូវជាតិ​ហ្នឹង​គឺ​យើង​ដាក់​កម្លាំង​ប្រចាំការ យើង​មាន​ជា​រោង និង​ទីបញ្ជាការ​ស្រាល​តាម​គោលដៅ​មួយៗ ប្រចាំការ​ដើម្បី​ជួយ​សម្រួល​ការកកស្ទះ​នានា​»​។

យ៉ាងណា​ក៏ដោយ លោក សាន សុខសីហា អ្នកនាំពាក្យ​រូបនេះ​បាន​ប្រាប់ថា ចំពោះ​ចំនួន​ប្រជាពលរដ្ឋ​ធ្វើការ​ចាកចេញ​មាន​ចំនួន​ប៉ុនណា​នោះ នៅ​មិនទាន់​អាច​ធ្វើការ​ប៉ាន់ប្រមាណ​បាន​នៅឡើយ​ទេ ត្រូវ​រង់​ចាំមើល​ថ្ងៃទី​ ១២ ថ្ងៃទី​ ១៣ និង ទី​ ១៤​ ថែមទៀត ទើប​ធ្វើការ​កម្រិត​សម្ទុះ​នៃ​បងប្អូន​ប្រជាពលរដ្ឋ​ចេញពី​រាជធានី​ភ្នំពេញ​មាន​កម្រិត​ប៉ុនណា ប៉ុន្តែ​បើ​ធ្វើការ​ប៉ាន់ស្មាន​តាម​សភាព​ជាក់ស្តែង​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១១ និង​ ១២ ខែមេសា​នេះ​មាន​ចំនួន​ប្រជាពលរដ្ឋ​ជាច្រើន​បានធ្វើ​​ដំណើរ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់​៕