បាត់ដំបងៈ អាជ្ញាធរខេត្តទាំង ៦ ជុំវិញបឹងទន្លេសាបបានដាក់ចេញវិធានការមួយចំនួនសម្រាប់ពង្រឹងការស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មី។ នេះបើតាមការអះអាងពីមន្ត្រីជំនាញពាក់ព័ន្ធនៃបណ្ដាខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប។
លោក ទា គឺមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ខែមេសាថា ដើម្បីទប់ស្កាត់សកម្មភាពលួចឆ្មក់ប្រព្រឹត្តបទល្មើសនេសាទក្នុងតំបន់ព្រៃលិចទឹក និងក្នុងផ្ទៃបឹងទន្លេសាបឱ្យកាន់តែមានប្រសិទ្ធភាព អនុគណៈកម្មការបង្ក្រាបបទល្មើសជលផលខេត្តសៀមរាបបានដាក់ចេញវិធានការមួយចំនួន ដើម្បីឱ្យក្រុមការងារអនុវត្តកុំឱ្យក្រុមជនទុច្ចរិតលួចធ្វើសកម្មភាពបទល្មើសនេសាទក្នុងអំឡុងពេលចូលឆ្នាំថ្មីជាប្រពៃណីនេះ។ វិធានការចម្បងដែលត្រូវអនុវត្តក្នុងអំឡុងពេលនេះគឺការចុះធ្វើយុទ្ធនាការ អប់រំផ្សព្វផ្សាយច្បាប់ ស្រាវជ្រាវ ឃ្លាំមើល និងបង្ក្រាបបទល្មើសជលផលក្នុងតំបន់ព្រៃលិចទឹក និងក្នុងលំហផ្ទៃបឹងទន្លេសាប។
លោក គឹមសុទ្ធ បានបញ្ជាក់ថា៖ «តាមការពិនិត្យសង្កេតរបស់យើងកន្លងមកនៅពេលមានការប្រារព្ធពិធីបុណ្យជាតិសំខាន់ម្ដងៗ ជាពិសេស ពិធីបុណ្យចូលឆ្នាំថ្មីក្រុមជនទុច្ចរិតមួយចំនួនតែងលួចធ្វើសកម្មភាពប្រព្រឹត្តបទល្មើសនេសាទ ដូច្នេះឆ្នាំនេះ ក្រុមការងារយើងបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន សម្រាប់ពង្រឹងការងារ បង្ការ និងស្រាវជ្រាវបង្ក្រាបបទល្មើសជលផល ក្នុងអំឡុងពេលចូលឆ្នាំថ្មី»។
បើតាមលោក គឹមសុទ្ធ ខេត្តសៀមរាបមានស្នាក់ការបង្ក្រាបបទល្មើសនេសាទចំនួន ១១ ទីតាំង ក្នុងនោះ ១ ទីតាំង ជាស្នាក់ការសម្រាប់ទីបញ្ជាការស្រាលដែលបង្កើតឡើង ដោយគណៈកម្មការចម្រុះថ្នាក់ជាតិបង្ក្រាបបទល្មើសជលផល។
ស្នាក់ការនេះមានកម្លាំងប្រចាំការ ១៥ នាក់ ដែលមានសមាសភាពមកពីក្រសួងបរិស្ថាន រដ្ឋបាលជលផល កម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ និងមកពីរដ្ឋបាលខេត្តសៀមរាប។ ចំណែកស្នាក់ការបណ្ដែតទឹកចំនួន ១០ កន្លែងទៀតនោះ ជាស្នាក់ការរបស់សង្កាត់ផ្នែកជលផលខេត្តសៀមរាបដែលក្នុង ១ ស្នាក់ការ មានក្រុមការងារប្រចាំការ ២៤ ម៉ោងពី ៣-៥ នាក់ និងក្រុមអន្តរាគមន៍ជាច្រើននាក់ទៀត។
ចំណែកលោក ជួង សុភា នាយខណ្ឌជលផលខេត្តបាត់ដំបងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពេលនេះ ក្រុមការងារអនុគណៈកម្មការបង្ក្រាបបទល្មើសជលផលខេត្តបាត់ដំបងកំពុងបែងចែកស្បៀងអាហារ សម្ភារ និងប្រេងឥន្ធនៈផ្ដល់ជូនក្រុមការងារសម្រាប់ពង្រឹងប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផល ក្នុងអំឡុងពេលបុណ្យចូលឆ្នាំនេះ។ យុទ្ធនាការនេះមានរយៈពេលពេញ ១ សប្ដាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី ១២-១៨ ខែមេសា និងមានការចូលរួមពីក្រុមការងារគណៈកម្មការចម្រុះថ្នាក់ជាតិផងដែរ។
លោកថ្លែងថា៖ «យុទ្ធនាការនេះបែងចែកជា ២ ក្រុម ដោយមួយក្រុមចុះផ្សព្វផ្សាយអប់រំនៅតាមសហគមន៍មូលដ្ឋាន និង ១ ក្រុមទៀតចុះល្បាតស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទក្នុងតំបន់ព្រៃលិចទឹក និងក្នុងផ្ទៃបឹងទន្លេសាប»។
បើតាមលោក សុភា នៅខេត្តបាត់ដំបងមានស្នាក់ការបណ្ដែតទឹកសម្រាប់ទីបញ្ជាការស្រាលចំនួន ១ និងស្នាក់ការរងចំនួន ៤ ក្នុងឃុំកោះជីវាំងនៃស្រុកឯកភ្នំដែលជាតំបន់កណ្ដាលនៃលម្ហបឹងទន្លេសាប។ ក្រៅពីនេះមានស្នាក់ការ និងអនុស្នាក់ការមួយចំនួនទៀតនៅក្នុងតំបន់ព្រៃលិចទឹក និងអន្លង់អភិរក្សត្រីមេពូជក្នុងភូមិសាស្ត្រស្រុកចំនួន ៤ រួមមាន ស្រុកសង្កែ មោងឫស្សី ថ្មគោល និងស្រុកឯកភ្នំ។
ជាមួយគ្នានេះ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មិនថា តែបទល្មើសនេសាទទេ តែបទល្មើសគ្រប់ប្រភេទភាគច្រើនកើតឡើងនៅចំពេលពិធីបុណ្យជាតិសំខាន់ៗដែលចាំបាច់ត្រូវរៀបចំវិធានការទុកជាមុន ។
លោកបានបញ្ជាក់ថា៖ «យើងដឹងហើយថា ជនប្រព្រឹត្តបទល្មើសតែងយកឱកាសបុណ្យជាតិដ៏សំខាន់នេះទៅប្រព្រឹត្តបទល្មើស។ ដូច្នេះយើងត្រូវតែពង្រឹងការត្រួតពិនិត្យ និងការពារឱ្យអស់ពីលទ្ធភាព ហើយត្រូវបង្ក្រាបនូវរាល់បទល្មើសទាំងអស់ ជាពិសេសបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប គឺយើងត្រូវធ្វើឡើងជាប្រចាំដើម្បីឱ្យធនធានមច្ឆជាតិរបស់យើង...»។
បើតាមលោក ជាវ តាយ ក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះលោកបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីពង្រឹងសុវត្ថិភាពនៅតាមរមណីយដ្ឋានសំខាន់នៅទូទាំងខេត្ត។ ទន្ទឹមនឹងនេះ លោកក៏បានណែនាំដល់ក្រុមការងារបង្ក្រាបបទល្មើសនេសាទក្នុងលម្ហបឹងទន្លេសាបត្រូវបង្កើនការឃ្លាំមើល និងចុះល្បាតស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទជាប្រចាំផងដែរ។
ចំណែកអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ រួមទាំងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានលើកឡើងស្រដៀងគ្នាថា ថ្វីដ្បិតពេលនេះ បទល្មើសនេសាទស្ងប់ស្ងាត់ មិនគឃ្លើនដូចមុន ក៏សមត្ថកិច្ចមិនបានប្រហែសដែរ។ លោកថា៖ «ទោះយ៉ាងណា ពេលនេះយើងមិនអាចបណ្ដោយឱ្យកើតមានបទល្មើសនេសាទកើតឡើងជាថ្មីទេ មានន័យថា បទល្មើសតូចក៏ដោយធំក៏ដោយត្រូវតែបង្ក្រាបដោយគ្មានការលើកលែង»៕
វីដេអូ៖