
លោក ឡេង ប៉េងឡុង នៅក្នុងសន្និសីទសារព័ត៌មានពីថ្ងៃទី ១២ មេសា។ ហ៊ាន រង្សី
ភ្នំពេញៈ រដ្ឋសភាបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក តាមសំណើរបស់រាជរដ្ឋាភិបាលដែលបានស្នើសុំគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ សិក្សា។
ការសម្រេចអនុម័តទទួលយកសេចក្តីព្រាងច្បាប់ទាំង ២ នេះធ្វើឡើងតាមរយៈកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភាដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា កាលពីព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២។
សេចក្ដីប្រកាសព័ត៌មានរដ្ឋសភា ក្រោយពេលបញ្ចប់កិច្ចប្រជុំនេះបានឱ្យដឹងថា អង្គប្រជុំបានពិភាក្សា និងអនុម័តតាមរបៀបវារៈដោយមានលទ្ធផលដូចខាងក្រោម៖ ទី ១ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជូនគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពលពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រៃ្តយ៍ រដ្ឋសភាវិញ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំនេះថា៖ «រាជរដ្ឋាភិបាលបានបញ្ជូនសេចក្ដីព្រាងច្បាប់នេះ តាមលិខិតលេខ ២៩៧ ចុះថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២។ អ៊ីចឹង ជាសេចក្ដីព្រាងច្បាប់ដែលរាជរដ្ឋាភិបាលស្នើសុំឱ្យសភាពិនិត្យ និងអនុម័ត»។
របៀបវារៈទី ២ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០០៨ ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភាវិញ។
លោក ប៉េងឡុង បានឱ្យដឹងថា៖ «សេចក្ដីព្រាងច្បាប់នេះក៏ត្រូវបានរាជរដ្ឋាភិបាលបញ្ជូនស្នើសុំការអនុម័តពីរដ្ឋសភាតាមលិខិតលេខ ២៩៨ ចុះថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២។ សេចក្ដីព្រាងច្បាប់នេះ រាជរដ្ឋាភិបាលបានស្នើសុំឱ្យរដ្ឋសភាមេត្តាពិនិត្យ ធ្វើម៉េចឱ្យបានឆាប់ ដោយចាត់ទុកថាជាការប្រញាប់»។
គួរបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាពកាលពីព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០០៨។ វិសោធនកម្មលើមាត្រា ១៤០ គឺបានបើកផ្លូវឱ្យបង្កើនចំនួនសមាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌច្រើនជាងមុន។
កន្លងមកនៅក្នុងមាត្រា ១៤០ នៃច្បាប់នេះ គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន ៧ រូប។ គណៈអភិបាលខេត្តមានចំនួន ៣ រូបទៅ ៧ រូប ។ គណៈអភិបាលក្រុង ស្រុកខណ្ឌមានចំនួន ៣ រូប ទៅ ៥ រូប។ ចំនួនជាក់ស្តែងនៃគណៈអភិបាល សម្រាប់ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ដោយឡែក មាត្រា ១៤០ ថ្មីដែលបានធ្វើវិសោធនកម្មហើយត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តបានកំណត់ចំនួនសមាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចជា គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន ១១ រូប។ គណៈអភិបាលខេត្តមានចំនួន ៧ រូប ទៅ ១១ រូប។ គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥ រូប ទៅ ៧ រូប។ ចំនួនជាក់ស្តែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៤០ នេះក៏បានចែងដែរថា ចំនួនគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ នឹងត្រូវបានសិក្សា និងពិនិត្យឡើងវិញ ដោយគិតគូរផ្អែកលើកត្តាមួយចំនួនដែលរួមមាន ចំនួនសមាជិកក្រុមប្រឹក្សានៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ កត្តាភូមិសាស្ត្រ និងកត្តាប្រជាសាស្ត្រ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចដាក់ចេញនូវអនុក្រឹត្យស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌបន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៤០ នេះបានចូលជាធរមាន៕