ភ្នំពេញៈ គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ដឹកនាំ​ដោយ លោក អំ បឺរឡា (OM BIRLA) ប្រធានសភា​ជាន់​ទាប​នៃ​សាធារណរដ្ឋ​ឥណ្ឌា​គ្រោង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​ ២១ ដល់​ថ្ងៃទី​ ២៤ ខែមេសា​ដើម្បី​លើកតម្កើង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្ដិការ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា នៅ​ថ្ងៃទី​ ១២ ខែមេសា បាន​ឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់លោក អំ បឺរឡា គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សភា​ជាន់​ទាប​នៃ​សាធារណរដ្ឋ​ឥណ្ឌា​មក​កម្ពុជា​នេះ គឺ​តប​តាម​ការអញ្ជើញ​របស់លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ក្នុងឱកាស​ខួប​ទី​ ៧០ ​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​ការទូត ប្រទេស​ទាំង​ ២ ​កម្ពុជា​-​ឥណ្ឌា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នាពេលនេះ គឺ​ធ្វើឡើង​ក្នុង​ឱកាស​ខួប​ទី​ ៧០ ​ឆ្នាំ​នៃ​ទំនាក់ទំនង មិត្តភាព​ការទូត ប្រទេស​ទាំង​ ២ ​កម្ពុជា​-​ឥណ្ឌា ដែល​ជិត​ឈានចូល​មកដល់ និង​ដើម្បី​ពង្រឹងពង្រីក​ចំណង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ ២ ទាំង​ខាង​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ​ឱ្យ​កាន់តែ​រីកចម្រើន រឹងមាំ និង​គ្រប់​ជ្រុងជ្រោយ​ថែមទៀត​»​។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ​ថា នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា​នេះដែរ រូបលោក​ក្នុង​នាម​ជា​អគ្គលេខាធិការ​រដ្ឋសភា​បាន​រាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្រៃ្តយ៍​ពី​ការរៀបចំ​ទទួល​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សភា​ជាន់​ទាប​ឥណ្ឌា​ដឹកនាំ​ដោយ​លោក អំ បឺរឡា មកកាន់​ប្រទេស​កម្ពុជា​។

ដំណើរ​ទស្សនកិច្ច​នៃ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សភា​ជាន់​ទាប​ឥណ្ឌា​នេះ គឺធ្វើឡើង​នៅក្នុង​ឱកាស​ខួប​ទី​ ៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ឥណ្ឌា​។ លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូមបញ្ជាក់ថា ឥណ្ឌា​ជា​ប្រទេស​ជា​មិត្ដ​របស់​កម្ពុជា​យូរ​មកហើយ ដោយសារ​ថា ឥណ្ឌា​បានទទួល​ស្គាល់​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​ចាប់តាំងពី​មុន​កម្ពុជា​បាន​ឯករាជ្យ​ពី​ប្រទេស​បារាំង​ម្ល៉េះ គឺ​នៅ​ឆ្នាំ​ ១៩៥២ ហើយ​ប្រទេស​កម្ពុជា​យើង​បានទទួល​ឯករាជ្យ​ពេញ​បរិបូរ​ពី​ប្រទេស​បារាំង​នៅ​ឆ្នាំ ​១៩៥៣»​។

លោក​បញ្ជាក់ថា ដូច្នេះ​ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ដែល​បាន​គោរព​នូវ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាជន​កម្ពុជា ហើយ​ទទួលស្គាល់​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ ចាប់តាំងពី​ឆ្នាំ​ ១៩៥២ មុន​កម្ពុជា ទទួល​បាន​ឯករាជ្យ​ជា​ផ្លូវ​ការណ៍​ពី​ប្រទេស​បារាំង ១ ឆ្នាំ​។

ប្រទេស​ទាំង​ ២ បាន​លើកតម្កើង​ទំនាក់ទំនង​ជាមួយគ្នា​តាំងពី​ឆ្នាំ​ ១៩៥២ ​រហូតមកដល់​សព្វថ្ងៃ មិនដែល​មាន​ការទាស់ទែង ឬ​ការខ្វែងគំនិត​គ្នា​ឡើយ​។ ប៉ុន្ដែ​កាលពី​សម័យ ប៉ុល ពត​ (១៩៧៥-១៩៧៩) ​គឺ​ឥណ្ឌា​បាន​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ ប៉ុល ពត ដោយសារ ប៉ុល ពត មាន​ការកាចសាហាវ​។ ក្រោយ​ ប៉ុល ពត រលាយ​ទៅ​ឥណ្ឌា​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កម្ពុជា​វិញ​។ លោក ប៉េងឡុង បញ្ជាក់ថា ប្រទេស​ឥណ្ឌា​បាន​ធ្វើ​ទំនាក់ទំនង​មិត្ដភាព និង​កិច្ចសហប្រតិបត្ដិការ​ជាច្រើន​វិស័យ​នៅ​កម្ពុជា ខណៈ​គោលបំណង​នៃ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​លើកតម្កើង​ទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្ដិការ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា​។ លោក​ឱ្យដឹងថា​៖ «​គោលបំណង​ធំ​មួយទៀត​គឺ​ប្រទេស​ឥណ្ឌា​បាន​សូម​យាង​ព្រះមហាក្សត្រ​កម្ពុជា​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ឥណ្ឌា​នៅក្នុង​ឆ្នាំនេះ​ឱ្យបាន​ឆាប់​ដោយសារ​ចង់​មាន​ទំនាក់ទំនង​ល្អ​»៕