ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន រំឭក​ដល់​ប្រជាពលរដ្ឋ​មិនត្រូវ​ភ្លេចខ្លួន​ពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​ឡើយ ក្នុងស្ថានភាព​បច្ចុប្បន្ន ព្រោះ​ប្រទេស​ជាច្រើន​នៅ​បន្ត​ទទួលរង​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ ហើយក៏​មិនទាន់​អាច​បើក​ដំណើរការ​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ពេញលេញ​ឡើងវិញ​បាន​នៅឡើយ​ផងដែរ​។

ក្នុង​ពិធី​ប្រគល់​ទទួល​អំណោយ​ដ៏ថ្លៃថ្លា​នូវ​វ៉ាក់សាំង​កូវីដ​ ១៩​ ប្រភេទ​កូវីស្យែល​ (COVISHIELD) ​ពី​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា​នៅ​វិមាន​សន្តិភាព​នា​ថ្ងៃទី ១២ ខែមេសា លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ការ​អូសបន្លាយ​នៃ​ការឆ្លង​រាលដាល​គឺជា​ហានិភ័យ សម្រាប់​យើង​ទាំងអស់​គ្នា ដែល​អាច​បង្កឱ្យមាន​ការ​ផ្ទុះ​ឡើងវិញ​នៃ​ជំងឺ​កូវីដ ​១៩ ក៏ដូចជា​ការធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​សង្គម​- សេដ្ឋកិច្ច​។ ក្នុង​ស្មារតី​នេះ កម្ពុជា​សូម​លើកទឹកចិត្ត​ឱ្យធ្វើ​ការជំរុញ​ និង​ពន្លឿន​ការចាក់​វ៉ាក់សាំង​ដើម្បី​​បង្កើត​ភាពស៊ាំ​សហគមន៍ ដែលជា​វិធានការ​ឆ្លើយតប​ដ៏ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​បំផុត​»​។

លោក​បញ្ជាក់ថា​៖ «​ទោះបីជា​យ៉ាងនេះ​ក្តី​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ យើង​មិនត្រូវ​ភ្លេចខ្លួន ដោយ​ប្រទេស​ជាច្រើន​នៅ​បន្ត​ទទួលរង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​មិនទាន់​អាច​បើក​ដំណើរការ​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ពេញលេញ​ឡើងវិញ​បាន​នៅឡើយ​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​ចតុ​ភាគី ក៏ដូចជា​បណ្តា​ប្រទេស​នានា​ជុំវិញ​សកលលោក​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ ទាំង​ក្នុងប្រទេស តំបន់ និង​សកលលោក​ទាំងមូល ដើម្បី​ធានាបាន​នូវ​ការ​ងើប​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​នៃ​សកម្មភាព​សង្គម​សេដ្ឋកិច្ច​។

ជាមួយ​ស្មារតី​បុរេសកម្ម និង​កិច្ចខិតខំ​ខ្នះខ្នែង​ក្នុង​ការ​ស្វែងរក​វ៉ាក់សាំង និង​ការបើក​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២១ កម្ពុជា​អាច​សម្រេចបាន​នូវ​ភាពស៊ាំ​សហគមន៍​ពេញលេញ​ក្នុង​រយៈពេល​ត្រឹម​ប្រមាណ ៨ ​ខែ​ប៉ុណ្ណោះ​។

លោក​ ហ៊ុន សែន បន្តថា សមិទ្ធផល​ដ៏ត្រចះត្រចង់​នេះ​អនុញ្ញាត​ឱ្យ​កម្ពុជា​បើក​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ​កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២១ និង​អាច​រក្សា​ដំណើរការ​សកម្មភាព​សង្គម-​សេដ្ឋកិច្ច​ជា​ប្រក្រតី រហូត​មកទល់​ពេលនេះ ទោះបី​ជាមាន​ការគំរាមកំហែង​ជា​បន្ត​បន្ទាប់ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ជាពិសេស មេរោគ​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​ដែល​បាន​ចម្លង​ចូលទៅក្នុង​សហគមន៍​កម្ពុជា​នៅ​ដើមឆ្នាំ​ ២០២២ នេះ​ក៏ដោយ​។

នាឱកាស​នោះ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​បាន​ក្រើនរំឭក​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នៅ​ថ្ងៃទី ​១៤, ១៥ និង​ ១៦ ខែមេសា​នេះ​។

លោកស្រី​ ដេវីយ៉ានី ខូប្រាហ្គេដ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​ថ្លែងថា ការផ្តល់​វ៉ាក់សាំង​ពេលនេះ គឺជា​កាយវិការ​បញ្ជាក់​ពី​ទំនាក់ទំនង​ល្អ​របស់​ប្រទេស​ឥណ្ឌា​ជាមួយ​ប្រទេស​កម្ពុជា និង​ជំរុញ​សហប្រតិបត្តិការ​ជាក់ស្តែង​លើ​ការបញ្ចប់​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​។

លោកស្រី​លើកឡើង​ថា​៖ «​ប្រជាពលរដ្ឋ​កម្ពុជា​អាច​ចាប់ផ្តើម​ប្រមូលផ្តុំ ដោយ​មិន​មាន​ការរឹតត្បិត​លើ​ចំនួន​មនុស្ស ហើយ​សកម្មភាព​សេដ្ឋកិច្ច​ក៏​ពេញលេញ​ផងដែរ​។ ពួកយើង​ត្រូវ​អរគុណ​ដល់​ការដឹកនាំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ខិតខំ​ប្រឹងប្រែង ដោយ​មិន​ខ្លាច​នឿយហត់​ក្នុង​ការដឹកនាំ​ក្រសួង​សុខាភិបាល​ដែល​បាន​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ ​នៅ​កម្ពុជា​»​។

លោកស្រី​ ដេវីយ៉ានី ខូប្រាហ្គេដ បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិតជា​ស័ក្តិសម​នឹង​ទទួលបាន​នូវ​ការកោតសរសើរ​ផងដែរ​ចំពោះ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​របស់ខ្លួន​ក្នុង​រយៈពេល​យ៉ាង​លឿន​បំផុត​ក្នុង​កម្រិត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។

គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ឥណ្ឌា​បាន​ផ្តល់​វ៉ាក់សាំង​កូវីដ​ ១៩ ប្រភេទ​កូវីសែល ចំនួន ៣២៥ ០០០ ​ដូស ក្រោម​គំនិត​ផ្តួចផ្តើម​ចតុភាគី​មកដល់​ប្រទេស​កម្ពុជា​។ វ៉ាក់សាំង​នេះ គឺជា​សក្ខីភាព​ដ៏ពិតប្រាកដ​នៃ​ចំណងមិត្តភាព និង​សាមគ្គីភាព​រវាង​កម្ពុជា​-​ឥណ្ឌា និង​សមាជិក​ដទៃទៀត​នៃ​គំនិត​ផ្តួចផ្តើម​នេះ ដែល​រួមមាន សហរដ្ឋ​-​អាមេរិក ជប៉ុន និង​អូស្ត្រាលី​។

លោកស្រី​ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ថ្លែង​នា​ថ្ងៃទី ​១១ មេសា ថា វ៉ាក់សាំង​ដែល​បាន​ដឹក​មកជា​ជំហាន​ទី​ ១​ នេះ​មាន​ចំនួន​ ២០​ ម៉ឺន​ដូស ហើយ​វ៉ាក់សាំង​ចំនួន​ ១២ ​ម៉ឺន ៥​ ពាន់​ដូស​ទៀត​នឹង​ដឹក​មកដល់​នៅ​ថ្ងៃទី​ ១៤ ខែមេសា​នេះ​។

លោកស្រី​ឱ្យដឹងថា​៖ «​វ៉ាក់សាំង​កូវីដ​ ១៩ សរុប​ទាំងអស់​ដែល​កម្ពុជា​បានទទួល និង​ទាំង​ដៃគូ​របស់​យើង​បាន​ប្តេជ្ញា​ចិត្តនឹង​ជួយ​ទាំង​តាមរយៈ​កូវ៉ាក់​ផង និង​ជំនួយ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​ផង យើង​មាន​ចំនួន​ជាង​ ៧៣ ​លាន​ដូស​។ វ៉ាក់សាំង​ដែល​នៅសល់​ដែល​យើង​នឹង​ទទួល​បន្តបន្ទាប់​រហូត​ដល់​ចុងឆ្នាំ​ ២០២២ ​នេះ គឺ​វ៉ាក់សាំង​ចំនួន​ ៧,៥ ​លាន​ដូស​ពី​យន្តការ​កូវ៉ាក់ និង​វ៉ាក់សាំង​ ១៥ ​លាន​ដូស​ពី​ប្រទេស​ចិន​»​។

បើតាម​លោកស្រី​ យក់ សម្បត្តិ វ៉ាក់សាំង​ដែល​រក្សាទុក​ក្នុង​ឃ្លាំង​មាន​ជាង​ ១១ ​លានដូស ហើយ​ប្រមាណ​ជា​ជិត​ ៣ ​លាន​ដូស​កំពុងតែ​ចរាចរ​ចាក់​នៅតាម​បណ្តា​រាជធានី​-​ខេត្ត ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​៕