ភ្នំពេញៈ ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​បាន​ធ្វើការ​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​មកដល់​ចាប់ពី​ថ្ងៃទី​ ១៤ ​ដល់​ថ្ងៃទី ​១៦ ខែមេសា​។

នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ត្រូវ​បើកបរ​ដោយ​គោរព​តាមច្បាប់​ចរាចរណ៍ ដោយ​ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ក្នុង​ការបើកបរ​។

នាយកដ្ឋាន​ដដែល​នេះ​បានលើកឡើង​ទៀតថា៖ «​កុំ​បើកបរ​ល្មើស​ល្បឿន​កំណត់ កុំ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង កុំ​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ កុំ​ផ្ទុក​លើស​កម្រិត​កំណត់ និង​ត្រូវគោរព​សិទ្ធិ​អាទិភាព​លើ​ដងផ្លូវ​»​។

ជាមួយ​គ្នានេះដែរ បេឡា​ជាតិ-​សន្តិសុខ​សង្គម (​បសស​) ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​បានចេញ​សេចក្តី​អំពាវនាវ​មួយ​ផងដែរ ស្តីពី​ការបង្ការ​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​។ បសស លើកឡើងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ឡើងវិញ​ បន្ទាប់ពី​ខកខាន​រយៈពេល​ ២​ ឆ្នាំ​ដោយសារ​ការរីក​រាលដាល​ជាសកល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ដោយ​សង្កេតឃើញ​ថា​ជា​រៀងរាល់​ឆ្នាំ​មុន​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​នោះ​ក៏មាន​កម្មករនិយោជិត​ផងដែរ តែងតែ​ធ្វើដំណើរ​ទៅ និង​មកពី​ស្រុកកំណើត ឬ​ទីកន្លែង​កម្សាន្ត​នានា​ជាហេតុ​ធ្វើឱ្យ​ចរាចរណ៍​មមាញឹក​ខ្លាំង ទន្ទឹមនឹង​នោះ​គ្រោះថ្នាក់​ចរាចរណ៍​ក៏​កើតមាន​ច្រើន​ផងដែរ​។

ជាមួយ​គ្នានេះ ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​គាំពារ​កម្មករនិយោជិត (​សផក​) បាន​អំពាវនាវ​ដល់​អ្នកបើកបរ​យានយន្ត​ទាំងអស់ ជាពិសេស​កម្មករនិយោជិត​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​។ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឱ្យដឹងថា៖ «​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​តាម​ម៉ូតូ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច​នៅពេល​បើកបរ​រថយន្ត បើកបរ​តាម​ចំណែក​ពាក់កណ្តាល​ទ្រូងផ្លូវ​ខាងស្តាំ​។ ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​មុនពេល​បើកបរ ជាពិសេស​កង់ ចង្កូត ហ្វ្រាំង និង​ភ្លើង​បំភ្លឺ​»​។

ក្នុងនោះដែរ អ្នកដំណើរ​មិនត្រូវ​វ៉ា​ ឬ​ជែង​ក្នុងស្ថានភាព​ប្រថុយប្រថាន​ឡើយ ហើយក៏​មិនត្រូវ​បើកបរ​នៅពេល​ងងុយដេក​ដែរ និង​ជាពិសេស​មិនត្រូវ​ខឹងឆេវឆាវ គឺ​ត្រូវ​ចេះ​អត់ធ្មត់ និង​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅមក​។

ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត (​ស.ផ.ក​) នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា​៖ «​អ្នកបើកបរ​យានយន្ត​ទាំងអស់ ជាពិសេស​កម្មករនិយោជិត​នឹងចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​អនុវត្តតាម​សេចក្តី​អំពាវនាវ​ខាងលើនេះ​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ត្រឹមត្រូវ ដើម្បី​ទទួលបាន​សុខ​សុវត្ថិភាព និង​ជួបជុំ​ក្រុមគ្រួសារ សាច់ញាតិ នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​»​។

ទន្ទឹមនឹង​នេះដែរ​ស្នងការ​នគរបាល​ខេត្តសៀមរាប​លោក តេង ច័ន្ទណាត ក៏បាន​ចេញ​នូវ​សារាចរ​ណែនាំ​ស្តីពី​ការធ្វើ​ចរាចរណ៍ និង​ការឈប់​ចត​យានជំនិះ​គ្រប់​ប្រភេទ​ក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប​ផងដែរ ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការកកស្ទះ​ចរាចរណ៍ និង​បាត់បង់​នូវ​សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរយ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ប្រកបដោយ​ប្រសិទ្ធភាព​។ លោក​លើកឡើងថា បច្ចុប្បន្ន បរិក្ខារ​ផ្លូវថ្នល់​ថ្មីៗ​ជាច្រើន​ដូចជា ផ្លាកសញ្ញា គំនូស​សញ្ញា ភ្លើង​សញ្ញា បាននិង​កំពុង​បន្ត​បំពាក់​បន្ថែម​ផងដែរ​។ ក្នុង​ស្មារតី​ទទួល​ខុសត្រូវ ដើម្បី​ចូលរួមចំណែក​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​លោក​បាន​ធ្វើការ​អំពាវនាវ និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវថ្នល់ និង​អាជីវករ​ទាំងអស់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

លោក តេង ច័ន្ទណាត បាន​បញ្ជាក់ថា​៖ «​ហាម​ដាក់តាំង លក់ដូរ​សម្ភារ​ផ្សេងៗ ឬ​មធ្យោបាយ​គ្រប់​ប្រភេទ​នៅលើ​ដងផ្លូវ​សាធារណៈ ពិសេស​ផ្លូវ​ថ្មើរជើង និង​ផ្លូវ​សម្រាប់​ជិះកង់ ហាម​ដាក់តាំង​សម្ភារ​ផ្សេងៗ​ដែល​ធ្វើឱ្យ​បិទបាំង​ស្លាក​សញ្ញា​ចរាចរណ៍​នានា​»​។

លោក តេង ច័ន្ទណាត បាន​បន្ថែមថា លោក​សង្ឃឹម​យ៉ាង​មុតមាំ​ចំពោះ​សាធារណជន និង​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់​ចូលរួម​សហការ​អនុវត្ត​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ព្រមៗ​គ្នា​ទៅ​តាម​សារាចរ​ណែនាំ​នេះ​។

យោងតាម​របាយការណ៍​អគ្គស្នងការដ្ឋាន​គរបាល​ជាតិ​បាន​ឱ្យដឹងថា ក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំ​ ២០២២ នេះ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ៤៩៣ នាក់ និង ១ ២៦២ នាក់​ទៀត​រងរបួស ក្នុង​នោះ ៧៨៤ នាក់​រងរបួស​ធ្ងន់​។ របាយការណ៍​ដដែល​បាន​បន្តថា ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ​ ២០២២ នេះ​គឺមាន​ការកើនឡើង​ចំនួន ៦០ នាក់ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២១ ដែលមាន​អ្នកស្លាប់​ចំនួន ៤៣៣ នាក់​៕