សៀមរាបៈ មន្ត្រី​បច្ចេកទេស​នៃ​សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ និង​បទដ្ឋាន​បេតិកភណ្ឌ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​រៀបចំ​ធ្វើការ​ជួសជុល អភិរក្ស​ទៅ​តាម​បច្ចេកទេស​នូវ​កុលាលភាជន៍​ចំនួន ៦ ដែល​ទើប​ទទួលបាន​ពី​ប្រជាពលរដ្ឋ​ដោយ​មន្ត្រី​បច្ចេកទេស​អះអាង​ថា ការងារ​ដំបូង​គឺ​ធ្វើ​ការដក​ជាតិ​អំបិល​ចេញពី​កុលាលភាជន៍​ទាំង ​៦ ​នោះ​។

អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹង​នៅ​ថ្ងៃទី​ ១១ ខែមេសា ថា មាន​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​គោកថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្ត​សៀមរាប បាន​ស្ម័គ្រចិត្ត​យក​កុលាលភាជន៍​សម័យ​បុរេប្រវត្តិ​ចំនួន​ ៦ ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​សម្អាត​ជួសជុល និង​ថែរក្សា​ទុក​តាម​បច្ចេកទេស​បុរាណវិទ្យា​នៅ​ថ្ងៃទី ​១១ ខែមេសា ឆ្នាំ​ ២០២២​នេះ​។

លោក វង្ស សាវុទ្ធី មន្ត្រី​បច្ចេកទេស​នៃ​សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ និង​បទដ្ឋាន​បេតិកភណ្ឌ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹង​នៅ​ថ្ងៃទី​ ១១ ខែមេសា​ថា កុលាលភាជន៍​ទាំង​ ៦​ ដែល​ទើប​ទទួលបាន​នេះ ជា​កុលាលភាជន៍​សម័យ​បុរេប្រវត្តិ និង​ជា​ប្រភេទ​កុលាលភាជន៍​ផុយ​។ លោក​បាន​សន្និដ្ឋាន​ជាបឋម​ថា កុលាលភាជន៍​ទាំង ​៦​ នោះ ប្រហែល​ជាមាន​អាយុកាល​ចន្លោះ​ពី​ចុង​សម័យ​យុគដែក​។

លោក​បញ្ជាក់ថា កុលាលភាជន៍​ទាំងនេះ​អាច​ត្រូវបាន​គេ​យក​ទៅ​បញ្ចុះ​ជាមួយ​សព ពីព្រោះ​វា​នៅ​រក្សាបាន​រូបរាង​ល្អ ដោយសារ​មានការ​កប់​ត្រឹមត្រូវ​។ ភាជន៍​ទាំងនេះ​មាន​រូបរាង​ជា​ផើង និង​ចាន​ជាដើម ហើយ​វា​មាន​កម្ពស់​ខ្ពស់​ជាងគេ​ប្រវែង​ ១៥ ​សង់ទីម៉ែត្រ និង​ទាប​បំផុត​ ៩ សង់ទីម៉ែត្រ​។ ភាជន៍​ចំនួន​ ៤ ​រក្សា​បាន​រូបរាង​នៅ​ល្អ និង​ចំនួន​ ២​ ទៀត​មាន​ស្នាម​ប្រេះ និង​បែក​មាត់​មួយ​ចំហៀង​អាច​ជួសជុល​បាន​។

លោក វង្ស សាវុទ្ធី បញ្ជាក់ទៀត​ថា ការផ្តល់ជូន​វត្ថុ​បុរាណសម័យ​បុរេប្រវត្តិសាស្ត្រ​មក​អាជ្ញាធរ​ជាតិ​អប្សរា​ថែរក្សា​នេះ ពិតជា​មាន​ប្រយោជន៍​ខ្លាំងណាស់ ដោយហេតុថា សម័យ​បុរេប្រវត្តិសាស្ត្រ​មិនមាន​ភ័ស្តុតាង​ ឬ​ឯកសារ​ច្រើន​ទេ បើ​ប្រៀបធៀប​ជាមួយ​សម័យ​ប្រវត្តិសាស្ត្រ​។ ដូច្នេះ មានតែ​សំណល់ ឬ​វត្ថុ​បុរាណ​នេះហើយ ដែល​អាចជួយ​ផ្តល់ព័ត៌មាន​បន្ថែម​បង្ហាញ​ពី​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​នា​សម័យកាល​បុរេប្រវត្តិ​នោះ​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែងអំណរគុណ​ចំពោះ លោកស្រី ភឿន ផាវី ដែល​បានប្រគល់​វត្ថុ​បុរាណ​នោះ ហើយ​អាជ្ញាធរ​អប្សរា​ក៏បាន​ជូន​បណ្ណ​សរសើរ រួមទាំង​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ជូន​ដល់​លោកស្រី​ដែល​បាន​លះបង់​វត្ថុ​ដ៏កម្រ​នេះ មក​អាជ្ញាធរ​ជាតិ​អប្សរា​ដែលជា​ស្ថាប័ន​ជំនាញ ដើម្បី​ធ្វើការ​ជួសជុល អភិរក្ស​ទៅ​តាម​បច្ចេកទេស ដើម្បី​ថែរក្សា​ឱ្យបាន​ភាព​យូរអង្វែង​ទុក​ជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយ​។

មន្ត្រី​បច្ចេកទេស​នៃ​សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី​បាន​លើកឡើងថា បច្ចុប្បន្ន​ក្នុង​សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី​មាន​កុលាលភាជន៍​ចំនួន ១១៧ ជា​កុលាលភាជន៍​ដែល​រកឃើញ​ស្ថិតក្នុង​តំបន់​អង្គរ​។ ដោយឡែក​កុលាលភាជន៍​ប្រមាណ ៥០ ដុំ​ផ្សេងទៀត រកឃើញ​ដោយសារ​ពលរដ្ឋ​ធ្វើស្រែ​ប៉ះ ឬ​ផុស​ចេញពី​ដី​ដោយសារ​ទឹកភ្លៀង និង​មាន​កុលាលភាជន៍​ថ្មី​ទើប​ទទួលបាន​ចំនួន ៦​ ទៀត​ពី​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់ថា ការងារ​ដំបូង​គេ​ក្នុងការ​ជួសជុល​អភិរក្ស កុលាលភាជន៍​ទាំង​ ៦ ​នោះ គឺ​ដក​ជាតិ​អំបិល​ចេញ ដើម្បី​កុំឱ្យ​ឆាប់​ពុកផុយ​។

លោក​ថ្លែងថា​៖ «​ឥឡូវ​ហ្នឹង​យើង​យកមក​ទុក​នៅក្នុង​ឃ្លាំង​សារមន្ទីរ​អង្គរ​ភូមិ​តានី ហើយ​បាន​យើង​ចាប់ផ្តើម​ធ្វើការ​អភិរក្ស ដែល​ការងារ​ដំបូង​គេ​ដែល​យើង​សង្គ្រោះ​បឋម​ទៅលើ​កុលាលភាជន៍​ទាំង​ ៦ ​ហ្នឹង​គឺ​ដក​ជាតិ​អំបិល​ចេញ​។ ​ការដកចេញ​ហ្នឹង​វា​ធ្វើឱ្យ​បញ្ឈប់​ការ​ពុកផុយ​នៃ​កុលាលភាជន៍​ហ្នឹង​បន្តទៀត លែងមាន​ប្រតិកម្ម​គីមី​ជាមួយ​អ៊ុកស៊ីហ្ស៊ែន​​ជាមួយ​អី​អ៊ីចឹងទៅ​»​។

អ្នកស្រី ភឿង ផាវី ជា​ម្ចាស់​កុលាលភាជន៍​ដែល​បាន​យកទៅ​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា កុលាលភាជន៍​ទាំង​ ៦​ នោះ គឺ​អ្នកស្រី​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់ភ្នំ​ដងរែក ខេត្ត​ឧត្តរមានជ័យ​ដែល​ទុកដាក់​មិន​ត្រឹមត្រូវ​ប្រឈម​នឹង​ការខូចខាត ហើយ​អ្នកស្រី​បាន​យកទៅ​រក្សាទុក​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ដើម្បី​រក​ឱកាស​ប្រគល់​ជូនទៅ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​អភិរក្ស​។ អ្នកស្រី​បញ្ជាក់​ការដែល​អ្នកស្រី​យកទៅ​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​អភិរក្ស​ថែរក្សា ដោយសារតែ​ព្រួយបារម្ភ​ខ្លាច​កូនចៅ​ជំនាន់​ក្រោយ​មិនអាច​ថែរក្សា​បន្តបាន​។

អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​អត់​ទុកចិត្ត​ព្រោះ​អី​ផ្ទះ​ខ្ញុំ​សុទ្ធតែ​ក្មេងៗ ណាមួយ​គាត់​អត់​យល់​ដឹងថា​របស់​ពី​ដើម អ៊ីចឹង​បាន​ខ្ញុំ​សម្រេច​ថា មានតែ​អាជ្ញាធរ​ជាតិ​អប្សរា​ទេ​ដែល​គាត់​អាច​ថែរក្សា​របស់​ទាំងអស់​នេះ​បានយូរ​អង្វែង​។ ​ណាមួយ​ខ្ញុំ​ចង់​រួមចំណែក អភិរក្ស​មរតក​វប្បធម៌​របស់​យើង​ឱ្យ​ក្មេង​ជំនាន់ក្រោយ​បាន​ស្គាល់​ផង​»​។

អ្នកស្រី ភឿន ផាវី បាន​សម្តែង​ការសប្បាយ​រីករាយ​ដែល​បាន​ចូលរួម​ថែរក្សា អភិរក្ស និង​ប្រគល់​វត្ថុ​បុរាណ​ទាំងនោះ​ជូនទៅ​អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​ស្ថាប័ន​ជំនាញ​ក្នុង​ការថែរក្សា អភិរក្ស​វត្ថុ​ទាំងនោះ ព្រមទាំង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ថា​បើ​បាន​ប្រទះឃើញ​វត្ថុ​បុរាណ​ដោយ​ប្រការ​ណាមួយ​សូម​រាយការណ៍​ទៅកាន់​ស្ថាប័ន​ពាក់ព័ន្ធ​កុំ​យក​វត្ថុ​បុរាណ​ខ្មែរ​ទៅ​លក់​ ឬ​ចែកចាយ​ឡើយ​៕