តាកែវៈ នគរបាល​ស្រុក​ត្រាំកក់​នៅ​ថ្ងៃទី​ ១២ មេសា កំពុងបើក​ការស្រាវជ្រាវ​ករណី​ស្លាប់​យុវជន​ម្នាក់​ដែល​សង្ស័យថា ជា​អំពើ​ឃាតកម្ម បន្ទាប់ពី​អ្នកភូមិ​ប្រទះ​ឃើញ​ដេកស្លាប់​នៅ​វាលស្រែ​កាលពី​​ព្រឹក​ថ្ងៃទី​ ១១ ​មេសា នៅក្នុង​ភូមិ​ស្រែគ្រួ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

លោក ឌុក ធីយ៉ា អធិការនគរបាល​ស្រុក​ត្រាំកក់​ឱ្យដឹង​នៅ​ថ្ងៃទី​ ១២ ​មេសា ថា ករណី​យុវជន​ឈ្មោះ កាន ឆៃរ៉ាត់ អាយុ ២២​ ឆ្នាំ ដែល​សង្ស័យថា ពាក់ព័ន្ធ​នឹង​រឿង​ឃាតកម្ម​កំពុង​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ត្រាំកក់​បើក​ការស្រាវជ្រាវ​ហើយ​។ ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិនទាន់​កំណត់​អំពី​មូលហេតុ​នៃ​ការស្លាប់​នោះបាន​ច្បាស់​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​ពេលនេះ​កម្លាំង​សមត្ថកិច្ច​របស់ខ្ញុំ​កំពុង​ដុតដៃ​ដុតជើង​ស៊ើប​រឿងនេះ​។ ​យើង​កំពុង​ប្រមែប្រមូល​ព័ត៌មាន​មុននឹង​វាយតម្លៃ​កំណត់​ឱ្យបាន​ជាក់លាក់​»​។

លោក​ ហុក សំអុល នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ជាងទង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១២ មេសា ពាក់ព័ន្ធ​ការស្លាប់​របស់​យុវជន​រងគ្រោះ​ឈ្មោះ​ កាន ឆៃរ៉ាត់ ម្នាក់​​នេះ សមត្ថកិច្ច​លោក​រក​ប្រភព​ទំនាស់ ​ឬ​ប្រភព​បង្កហេតុ​មិនទាន់​ឃើញ​នៅឡើយ​ទេ ហើយ​ទាំង​នគរបាល​ស្រុក​ត្រាំកក់ ទាំង​នគរបាល​ឃុំ​ជាងទង កំពុង​ស្រាវជ្រាវ​។ ជនរងគ្រោះ​ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​ដេកស្លាប់​នៅ​វាលស្រែ​កាលពី​ព្រលឹម​ថ្ងៃទី​ ១១ ​មេសា នៅ​ភូមិ​ស្រែ​គ្រួ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ហើយ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​របស់លោក​។

លោក​ថា បើតាម​សាក្សី​កាលពី​យប់​ថ្ងៃទី​ ១០ មេសា មាន​ពិធីមង្គលការ​មួយ​នៅ​ទិស​ខាងត្បូង​ទីតាំង​ជនរងគ្រោះ​​ស្លាប់​ក្នុង​ចម្ងាយ​ប្រហែលជា ​៤០០​ ម៉ែត្រ​​ស្ថិតក្នុង​ភូមិ​ស្រែគ្រួ ឃុំ​ជាងទង​។ ចំណែក​សាកសព​វិញ សមត្ថកិច្ច​ពិនិត្យឃើញថា​នៅ​ដៃ​ទាំងសង​ខាង​មាន​រយះ និង​ផ្នែក​ក្បាលមាន​ស្នាម​វាយ​នឹង​វត្ថុ​រឹង និង​ផុង​លលាដ៍ក្បាល​ផង​។

លោក​បន្តថា​៖ «​ឥឡូវនេះ​ខាង​ខ្ញុំ និង​កម្លាំង​ជំនាញ​ស្រុក​កំពុង​ដុតដៃដុតជើង​រកមុខ​សញ្ញា និង​កំពុង​បន្ត​អង្កេត​បន្ថែមទៀត​។ យើង​ហៅ​សាក្សី​មក​បំភ្លឺ​ដើម្បី​បាន​ព័ត៌មាន​ខ្លះ​ជា​តម្រុយ​ក្នុង​ការស្រាវជ្រាវ​»​។

លោក​ ហែម ខន មេភូមិ​ទទឹង ក្នុង​ឃុំ​ជាងទង បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ១២ ​មេសា តាម​សម្តី​ឪពុកម្តាយ​ជនរងគ្រោះ ថា​តាមពិត​យុវជន​ដែល​ស្លាប់មាន​ឪពុកម្តាយ និង​មានកំណើត​នៅ​ភូមិ​ទទឹងថ្ងៃ ឃុំ​ជាងទង​។ ជនរងគ្រោះ​មាន​បងប្អូន​ ៤ ​នាក់ ស្រី​ ២ ប្រុស ២​ នាក់ ហើយ​គាត់​ជា​កូនពៅ​ក្នុង​គ្រួសារ​។ ប៉ុន្តែ​ដោយសារ​យុវជន​រូបនេះ​ចេះតែ​ដើរលេង​ច្រើន​មិន​ខំធ្វើការ​ទើប​ឪពុកម្តាយ​ស្តីបន្ទោស​ហើយ​គាត់​ខឹង​ក៏​រត់​ទៅ​រស់នៅ​ជាមួយ​យាយ​ក្នុងភូមិ​ស្រែគ្រួ​ (​ភូមិ​កើតហេតុ​) ។

លោក​បន្តថា បើតាម​សាច់ញាតិ​ថា ជនរងគ្រោះ​ធ្លាប់ប្រើប្រាស់​គ្រឿងញៀន តែ​គេ​មិនដែល​ទៅ​លួច​ប្លន់​ ឬ​ទៅធ្វើ​បាប​នរណា​ទេ ពោលគឺ​គាត់​រកលុយ​បាន​ប៉ុន្មាន​គាត់​ទិញ​ថ្នាំញៀន​ជក់​ទៅតាម​លទ្ធភាព​របស់គាត់​។

លោក​មេភូមិ​ថ្លែងថា​៖ «​ឪពុកម្តាយ​របស់​ជន​រងគ្រោះ​មិនបាន​ដឹងថា កូន​ស្លាប់​ទេ ទើបតែ​ព្រឹក​ព្រលឹម​ថ្ងៃទី​ ១១ ​មេសា មាន​គេ​ទូរស័ព្ទ​ប្រាប់ថា​កូន​ត្រូវគេ​សម្លាប់ ហើយ​ពួកគាត់​យក​សព​មក​ធ្វើបុណ្យ​នៅផ្ទះ​»​។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក សេក សុជាតិ នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​បាន​ថ្លែង​នៅ​ថ្ងៃទី​ ១២ ​មេសា​ថា យុវជន​មួយចំនួន​បាន​បង្កបញ្ហា​ដល់​សង្គម ដោយសារតែ​ពួកគេ​អវិជ្ជា ដែលជា​មូលហេតុ​នាំឱ្យ​កើតមាន​ភាពកោងកាច សាហាវ ភ្លើតភ្លើន​។ ​ម្យ៉ាងវិញទៀត វិធានការ​ការពារ​សន្តិសុខ-​សង្គម​ហាក់​មិនមាន​គុណភាព ស្របតាម​គោលនយោបាយ​ភូមិ-​ឃុំ​មាន​សុវត្ថិភាព​នៅឡើយ​។

លោក​បញ្ជាក់ថា​៖ «​កង្វះ​គុណភាព​នៅក្នុង​ការអប់រំ​សីលធម៌ ពិសេស​ការបណ្ដែតបណ្ដោយ​នៅក្នុង​គ្រួសារ​ ឬ​ការមិន​យកចិត្ត​ទុកដាក់​ចំពោះ​អនាគត​បុត្រ​-​ធីតា​នៅក្នុង​គ្រួសារ​ទាំងនោះ​»៕