ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានវិលត្រឡប់មកពីទីក្រុងប៉េកាំងវិញនៅរសៀលថ្ងៃទី ១២ ខែមេសា។
នារសៀលថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ លោកស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ ក្រោយពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ។
ហ្វេសប៊ុកនេះបានឱ្យដឹងទៀតថា ការយាងនិវត្តរបស់ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏មានការអញ្ជើញចូលរួមទទួលព្រះរាជដំណើរយាងនិវត្តពី លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ លោក Wang Wentian ឯកអគ្គរដ្ឋទូត ចិនប្រចាំកម្ពុជា ព្រមទាំងលោកលោកស្រី ជាថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ ជាច្រើនរូបទៀត។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ដើម្បីពិនិត្យព្រះរាជសុខភាព។ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គតែងតែយាងទៅពិនិត្យព្រះរាជសុខភាពចំនួន០២ដង ក្នុងមួយឆ្នាំ តាមរយៈការយាងរបស់ក្រុមគ្រូពេទ្យជំនាញនៅសាធារណរដ្ឋប្រជាមានិតចិន៕