ភ្នំពេញៈ ក្នុង​ឆ្នាំ ​២០២១ មាន​ទណ្ឌិត​ជាង ១ ៣០០ ​នាក់​ត្រូវបាន​ព្រះមហាក្សត្រ បន្ធូរបន្ថយ និង​លើកលែងទោស នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ បុណ្យ​ឯករាជ្យ​ជាតិ និង​ពិធី​បុណ្យអុំទូក អកអំបុក សំពះ​ព្រះខែ​។

របាយការណ៍​សន្និបាត​បូកសរុប​ការងារ​យុត្តិធម៌​ឆ្នាំ​ ២០-២១ និង​ទិសដៅ​ការងារ​សម្រាប់ ឆ្នាំ​ ២០២២ របស់​ក្រសួង​យុត្តិធម៌​បាន​ឱ្យដឹងថា ក្នុង​ឆ្នាំ ២០២១ ​ព្រះមហាក្សត្រ​បាន​ប្រោស​ព្រះរាជទាន បន្ធូរ​បន្ថយទោស និង​លើកលែងទោស អ្នក​ជាប់ឃុំ​សរុប​ចំនួន​ ១ ៣៧០ នាក់​។

របាយការណ៍​បន្តថា ចំពោះ​ការបន្ធូរបន្ថយ និង​លើកលែង​ទោស​នាឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ មាន​ចំនួន ៣៦០ ​នាក់ ក្នុងនោះ​បន្ថយទោស ៣ ​ខែ ចំនួន ១៩៦ ​នាក់ បន្ថយទោស​ ៦ ​ខែ ៨៩​ នាក់ បន្ថយទោស ៩​ ខែ ៥៤ ​នាក់ បន្ថយទោស ​១២ ខែ ៨ ​នាក់ លើកលែងទោស ២​ នាក់​។

ចំណែក​ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ និង​បុណ្យអុំទូក អកអំបុក សំពះ​ព្រះខែ អ្នក​ជាប់ឃុំ​ចំនួន ៩៨៣​ នាក់ ត្រូវបាន​បន្ធូរបន្ថយ និង​លើកលែង​ទោស​ក្នុងនោះ បន្ថយទោស ៣ ​ខែ ចំនួន ៦៣៨ នាក់ បន្ថយទោស​ ៦ ​ខែ ២០៣​ នាក់ បន្ថយទោស ៩ ​ខែ ១២៥​ នាក់ បន្ថយទោស ១២ ខែ ១៤ ​នាក់ លើកលែង​ទោស​។ ក្នុងនោះ​ក៏មាន​ការបន្ធូរបន្ថយ​ទោស​អ្នក​ជាប់ទោស​ ១​ ជីវិត​ចំនួន​ ៣ ​នាក់​ផងដែរ​។

របាយការណ៍​បន្តទៀត​ថា ក្នុង​ឆ្នាំ ​២០២១ ក្រសួងយុត្តិធម៌​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​សកម្មភាព​ការងារ​សម្រេចបាន សមិទ្ធផល ជាច្រើន​គួរឱ្យ​កត់សម្គាល់​ក្រៅពី​កិច្ចការងារ​បន្ធូរបន្ថយ​ទោស​នេះ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ដើម្បី​សុំ​ការបញ្ជាក់​បាន​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ការបន្ធូរបន្ថយ និង​លើកលែង​ទោស សម្រាប់​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ឆ្នាំនេះ​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត មើលឃើញថា ការ​បន្ធូរបន្ថយ និង​លើកលែងទោស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ភាពប្រសើរ​ជាង​មុន បន្ទាប់ពី​មានប្រតិកម្ម​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កន្លងមក​ដែល​លោក​បានលើកឡើង​ពី​ការមាន​ភាពមិន​ប្រក្រតី​ច្រើន​។

លោក​ថា​៖ «​បើ​យើង​មើល​លើ​យន្តការ​នៃ​ការបន្ធូរបន្ថយ និង​លើកលែងទោស គឺ​ខុស​ពីមុន ដោយសារ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រសួង​យុត្តិធម៌ ជាពិសេស​អន្តរក្រសួង​ដែល​ពាក់ព័ន្ធ​បាន​ធ្វើការ​វាយតម្លៃ អ៊ីចឹង​រាល់​ការស្នើសុំ​បន្ធូរបន្ថយ និង​លើកលែង​ទោស​មាន​ច្រើន​ដំណាក់កាល​។ ​អ៊ីចឹង​វា​ជា​នីតិវិធី និង​យន្តការ​វាយតម្លៃ​មួយ​ដែល​ខុស​ពីមុន ដែល​ពីមុនៗ​មក​ធ្លាប់មាន​ប្រតិកម្ម​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ទាក់ទង​ការបន្ធូរបន្ថយ និង​លើកលែង​ទោស​វា​មាន​ភាពមិនប្រក្រតី និង​មាន​អំពើពុករលួយ​ច្រើន​»​។

លោក​បាន​បន្តថា ការ​បន្ធូរបន្ថយ និង​ការលើកលែង​ទោស គឺមាន​សារៈសំខាន់ ចំពោះ​ជន​ជាប់ឃុំ​ដែលមាន​ជំងឺ​ការដោះស្រាយ​ភាព​ចង្អៀតណែន​នៅក្នុង​ពន្ធនាគារ និង​ជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​អ្នក​ជាប់ឃុំ​មានចិត្ត​ចង់​ចេះ​កែខ្លួន ដើម្បី​ទទួលបាន​ការអនុគ្រោះ តាមរយៈ​ការបន្ធូរបន្ថយ​ទោស និង​ការលើកលែង​ទោស​។

យ៉ាងណា​ក៏ដោយ​លោក អំ សំអាត បាន​ស្នើឱ្យ​អន្តរក្រសួង​អនុវត្ត​ឱ្យមាន​តម្លាភាព ក្នុងការ​ពិនិត្យ​លើ​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ដល់​ទណ្ឌិត ដើម្បី​ចៀសវាង​ធ្វើឱ្យ​ការរិះគន់​ពី​សំណាក់​មហាជន​។

សូម​ជម្រាបជូន​ថា ការ​បន្ធូរបន្ថយ និង​លើកលែង​ទោស​​មាន​ចំនួន ៥ ​ដង​ក្នុង​ ១ ​ឆ្នាំ រួមមាន​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​ ៧​ មករា ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ ពិធីបុណ្យ​វិសាខបូជា ពិធីបុណ្យ​ឯករាជ្យ​ជាតិ ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក​៕

វីដេអូ៖